
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ រូបថត ហ្វេសប៊ុក
អត្រាឆ្លងជំងឺអេដស៍នៅកម្ពុជានៅក្នុងឆ្នាំ ២០២៣ បានធ្លាក់ចុះចំនួន ១០០ នាក់ធៀបទៅនឹងចំនួនឆ្លងនៅឆ្នាំ ២០២២ ដែលជាលទ្ធផលល្អប្រសើរក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងយូអិនអេដស៍ UNAIDS។
សេចក្ដីប្រកាសព័ត៌មានរួមបានឲ្យដឹងថា តាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រដែលធ្វើឡើងក្នុងឆ្នាំ២០២៤ នេះ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពី ១.៣០០នាក់នៅឆ្នាំ២០២២ មកនៅត្រឹម ១.២០០នាក់នៅឆ្នាំ ២០២៣ គឺធ្លាក់ចុះចំនួន ១០០នាក់។
សម្រាប់ការឆ្លងនៃមេរោគអេដស៍ពីម្ដាយទៅបានថយចុះពីអត្រា ១១ ភាគរយនៅឆ្នាំ២០២២ មកត្រឹម៨ ភាគរយនៅឆ្នាំ២០២៣។
សម្រាប់គោលដៅ ៩៥-៩៥-៩៥ (ដឹងថាមានអេដស៍, ដឹងពីការព្យាបាល, ទប់ស្កាត់ការឆ្លង) កម្ពុជាក៏សម្រេចបានលទ្ធផលល្អប្រសើផងដែរ ពោលគឺអត្រាអ្នក ដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួនបានកើនឡើងពី ៨៦ ភាគរយនៅឆ្នាំ២០២២ ទៅ៨៩ ភាគរយនៅឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដូច្នេះ លើគោលដៅ ៩៥-៩៥-៩៥ កម្ពុជាយើងសម្រេចបាន៨៩-៩៨-៩៨។ លទ្ធផលនេះ ជាសញ្ញាវិជ្ជមានបញ្ជាក់ជាថ្មីថា ការប្រឹងប្រែងរួមរបស់យើងក្នុងរយៈពេលមួយឆ្នាំនេះបាននិងកំពុងទទួលបានលទ្ធផលជាផ្លែផ្កា ថ្វីត្បិតតែស្ថិតនៅឆ្ងាយពីគោលដៅឆ្លងថ្មីដែលបានកំណត់ឱ្យមានការឆ្លងថ្មីក្នុងរង្វង់ ២០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ក៏ដោយ»។
អាជ្ញាធរនិងទីភ្នាក់ងារអង្គការសហប្រជាជាតិ UNAIDS បញ្ជាក់ថា នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវយកចិត្តទុកដាក់ រួមមានអត្រាឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមក្រុមប្រជាជន គន្លឹះដែលជាក្រុមប្រឈមនឹងហានិភ័យខ្ពស់ រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្ត្រីបម្រើសេវាកម្សាន្ត និងក្រុមប្រើប្រាស់-ចាក់គ្រឿងញៀន។
បញ្ហាប្រឈមដែរនោះ គឺការឆ្លងថ្មីភាគច្រើនកើតមានក្នុងចំណោមក្រុមយុវវ័យអាយុចន្លោះពី១៥-២៤ឆ្នាំ ដែលជាក្រុមអាយុមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវការយល់ដឹងពីមេរោគអេដស៍។
យោងតាមការប៉ាន់ស្មានដោយអង្គការយូអិនអេដស៍ នៅឆ្នាំ២០២៣ ប្រទេសកម្ពុជា មានអ្នករស់នៅជាមួយមេរោគអេដស៍សរុបប្រមាណជា ៧៦.០០០ នាក់ ហើយក្នុងនោះ អ្នករស់ជាមួយមេរោគអេដស៍ចំនួន ៦៨.១៥១ នាក់បាននិងកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។
កាលពីឆ្នាំ ២០២២ មនុស្សជាង ១០.០០០នាក់មិនបានដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍។ នេះបើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍៕