
: លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ (ស្តាំ) ចុះ MoU នាថ្ងៃទី១១ កក្កដា នៅវិមានរដ្ឋសភាថៃ ទីក្រុងបាងកក។ រដ្ឋសភាកម្ពុជា
ភ្នំពេញៈ រដ្ឋសភាកម្ពុជា និងរដ្ឋសភាថៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ តាមរយៈសកម្មភាពការទូតសភា។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាប្រទេសថៃ បានចុះ MoU នេះនាថ្ងៃទី១១ ខែកក្កដា នៅវិមានរដ្ឋសភាថៃ នៅទីក្រុងបាងកក។
ភាគីទាំងពីរបានចាត់ទុកការចុះMoUនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់រដ្ឋសភាទាំងពីរក្នុងការបើកទំព័រថ្មីដល់ការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត និងឈានទៅសម្រេចបានគោលបំណង និងសេចក្ដីប្រាថ្នារួមរបស់ប្រទេស និងប្រជាជនទាំងពីរ ជាពិសេសជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ដោយយកប្រជាជនជាស្នូល។
រដ្ឋសភាទាំងពីរប្ដេជ្ញាគាំទ្រគ្នាចូលរួម និងផ្លាស់ប្ដូរព័ត៌មាន ការអនុវត្តល្អៗ និងប្រភពធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃអង្គការសភារបស់ភាគីទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកា-តំបន់ និងអន្តរជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរដ្ឋសភាកម្ពុជានាថ្ងៃទី១១ កក្កដា។
MoU នេះ កំណត់កម្មវិធីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូ៤កម្រិត រួមមាន កម្រិតថ្នាក់ដឹកនាំរដ្ឋសភា, កម្រិតគណៈកម្មាធិការ និងគណៈកម្មការជំនាញនៃរដ្ឋសភា, កម្រិតក្រុមមិត្តភាពសភា និងកម្រិតមន្ត្រីជាន់ខ្ពស់, និងកម្រិតលេខាធិការដ្ឋាន និងអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភាទាំងពីរ។
MoU នេះ ក៏កំណត់អំពីការរៀបចំគម្រោងពិសេសនានា ដូចជា ការរៀបចំសិក្ខាសាលា ព្រឹត្តិការណ៍វប្បធម៌ និងកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការ ហើយការរៀបចំកម្មវិធីកិច្ចសហប្រតិបត្តិការ ឬសកម្មភាពនានានឹងត្រូវផ្ដួចផ្ដើមធ្វើឡើងដោយផ្អែកតាមការឯកភាពគ្នាទៅវិញទៅមករបស់ភាគីទាំងពីរ។
ក្នុងជំនួបទ្វេភាគីជាមួយលោក មៈថា នាថ្ងៃទី១១ កក្កដា នៅមុនចុះMoU នេះ លោកស្រី ឃួន សុដារី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ និងជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកនេះ ហើយថា កម្ពុជា-ថៃ ប្រកាន់នូវរបបរាជានិយម មានប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា ហើយប្រជាជនទាំងពីរតែងមានទំនាក់ទំនងល្អនឹងគ្នាយ៉ាងជិតស្និទ្ធ។
លោកស្រីបន្ថែមថា ប្រទេសទាំងពីរ បានបន្តពូនជ្រំចំណងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការដែលមានស្រាប់នាពេលបច្ចុប្បន្នឱ្យកាន់តែល្អប្រសើរ និងស្ថិតស្ថេរយូរអង្វែងតទៅមុខ តាមរយៈការលើកកម្ពស់ បង្កើនកិច្ចសហប្រតិបត្តិការ និងការទូតសភាដើម្បីឈានទៅសម្រេចបាននូវវិបុលភាព និងសុខុមាលភាពរួមជូនប្រទេស និងប្រជាជនទាំងសងខាង។
លោកស្រី ឃួន សុដារី ថ្លែងថា៖ «ការទូតសភាមានសារៈសំខាន់ណាស់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនាំមកនូវផលប្រយោជន៍រួម និងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងធានាបាននូវសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម មិនមែនសម្រាប់តែប្រទេសកម្ពុជា និងថៃប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ក្របខ័ណ្ឌតំបន់ និងអន្តរជាតិផងដែរ»។
សេចក្ដីប្រកាសព័ត៌មានបានដកស្រង់សំដីលោក មៈថា ថ្លែងក្នុងជំនួបនេះថា ដំណើរទស្សនកិច្ចរបស់ លោកស្រី ឃួន សុដារី ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រ ដល់ការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ និងទូលំទូលាយថែមទៀត។
លោកស្រី ឃួន សុដារី និងលោក មៈថា ក៏បានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ MoU រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា-ថៃ ផងដែរ ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលមានស្រាប់រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងពីរ៕