ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លទ្ធផលយុទ្ធនាការជំរុញ និងពន្លឿនរឿងក្ដីនៅទាមតុលាការ ក៏ដូចជាយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានចំនួន ៧៨,០០០ ករណីនៅថ្នាក់រាជធានី និងខេត្តក្នុងរយៈពេលប្រាំមួយខែដំបូងនៃយុទ្ធនាការពីរដងរបស់ខ្លួន។
យុទ្ធនាការដែលដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានគោលបំណងលើកកម្ពស់សេវា និងគុណភាពយុត្តិធម៌នៅទូទាំងប្រទេស។
យោងតាមសេចក្ដីប្រកាសចេញថ្ងៃទី១១ ខែកក្កដា បានឱ្យដឹងថា៖ «ចាប់ពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេសបានចាត់ការសំណុំរឿងទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណី និងរឿងក្តីដទៃទៀត ចំនួន ៧៨៣៦៥ ករណី ស្មើនឹង ៦៤ភាគរយនៃសំណុំរឿងសរុប ចំនួន ១២១៥៥៣ ករណី»។
ក្នុងនោះ មានទាំងសំណុំរឿងដែលមាន មុនពេលប្រកាសបើកយុទ្ធនាការ ចំនួន ៥៧៦៨៩ និងសំណុំរឿងដែលចូលថ្មីរយៈពេល ៦ខែ ក្រោយពេលប្រកាសបើកយុទ្ធនាការ ចំនួន ៦៣៨៦៤ ករណី។
សេចក្ដីប្រកាសរបស់អ្នកនាំពាក្យបានបង្ហាញថា៖ «ដំណោះស្រាយនេះបានបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយ ការទទួលខុសត្រូវខ្ពស់របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ»។
រយៈពេល ៦ខែ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួនសរុប ១៤៧៤ ករណី។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋស្នើសុំឱ្យជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ សរុប ៧៨៦ ឬ ៥៣ភាគរយ។ ក្នុងចំណោមបណ្តឹងស្នើសុំជំរុញ និងពន្លឿនទាំង ៧៨៦ តុលាការបានដោះស្រាយរហូតដល់ទៅ ៦៣០ ករណី ឬ ៨០ ភាគរយ។ នេះបើយោងតាមសេចក្ដីប្រកាសខាងលើ។
ពាក្យបណ្ដឹងដែលប្រជាពលរដ្ឋប្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីមានចំនួន ៦៩៨ ករណី ឬ ៤៧ភាគរយ។ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការចាត់ការបាន ៣៦ ភាគរយនៃបណ្ដឹងដែលសង្ស័យថា មានភាពមិនប្រក្រតីទាំង ៦៩៨ ករណី។
ជាផ្នែកមួយនៃយុទ្ធនាការនេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការបានសម្របសម្រួលការផ្តល់មេធាវីស្ម័គ្រចិត្តចំនួន ៩២នាក់ ជាទីប្រឹក្សាក្រសួងយុត្តិធម៌។
មេធាវីទាំងនេះបានផ្តល់សេវាការពារក្តីដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលដាក់ពាក្យតាមរយៈយុទ្ធនាការ បង្កើនលទ្ធភាពទទួលបានតំណាងផ្លូវច្បាប់សម្រាប់អ្នកដែលត្រូវការជំនួយ។
ផ្ដោតលើករណីអាទិភាព
លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានផ្ដោតលើអាទិភាពសំណុំរឿងចំនួន ៤ រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន សំណុំរឿងចរាចរណ៍ សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង ដែលសាលាជម្រះក្តី និងអង្គការអយ្យការអមបានចាត់ការ។
សំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៤៩៨៣ ករណីដែលនៅសល់មុនពេលប្រកាសបើកយុទ្ធនាការ ត្រូវបានដោះស្រាយចប់សព្វគ្រប់ទាំងស្រុង។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ចំនួន ២១៨៣៥ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ១៩៧៩៨។
សេចក្ដីប្រកាសបានបន្ដថា៖ «សំណុំរឿងចរាចរណ៍សរុបទូទាំងប្រទេសចំនួន ៣៤៦០ ដែលរួមមានទាំងសំណុំរឿងចាស់ មុនពេលប្រកាសបើកយុទ្ធនាការ និងសំណុំរឿងថ្មីក្រោយពេលប្រកាសបើកយុទ្ធនាការ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ២៤៣៨ ស្មើនឹង ៧០ភាគរយនៃសំណុំរឿងសរុប»។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសង្កត់ធ្ងន់លើការគិតគូរយ៉ាងយកចិត្តទុកដាក់លើការផ្តល់សំណងដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះជនល្មើស។
ក្នុងការដោះស្រាយករណីគ្រឿងញៀន យុទ្ធនាការនេះបានប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព និងច្បាប់ ដោយមានការផ្សព្វផ្សាយជាប្រចាំនៅគ្រប់ដំណាក់កាលអយ្យការ និងតុលាការ។
គ្មានភាពមិនប្រក្រតីត្រូវបានគេរាយការណ៍ទេ ហើយយុទ្ធនាការនេះបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការសាធារណៈដើម្បីរក្សាប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តច្បាប់។
ចាប់តាំងពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤មក សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយករណីក្មេងទំនើងចំនួន ២៩៧ ករណី ដែលពាក់ព័ន្ធនឹងជនសង្ស័យចំនួន ១៦១៦ នាក់។ វិធីសាស្ត្រដ៏តឹងរឹងនេះមានគោលបំណងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។
ការវិភាគអ្នកជំនាញ និងអនុសាសន៍
លោក ឡៅ ម៉ុងហៃ ជាអ្នកវិភាគនយោបាយ បានថ្លែងថា គេគួរឲ្យតម្លៃខ្ពស់ដល់ការខំប្រឹងប្រែងរបស់តុលាការ ដែលបានជំនុំជំរះក្តីសំណុំរឿងតុលាការបានយ៉ាងច្រើនក្នុងរយ:៦ខែកន្លងទៅនេះ ។
លោកបានឱ្យដឹងថា៖ «គេចំណាំនិយាយថា ពន្យឺតយុត្តិធម៌ គឺមិនរកយុត្តិធម៌ឲ្យគេ - Justice delayed is justice denied។ ដូច្នេះគេអាចសន្មត់ថា យុត្តិធម៌កាន់តែមាន»។
យ៉ាងណាមិញ លោកបានលើកឡើងថា ចំណុចមួយគេគួរបញ្ជាក់ គឺចំនួនជាក់លាក់នៃសំណុំរឿង «ដោះស្រាយ» ហើយទាំងនោះនៅសាលាដំបូង នៅសាលាឧទ្ធរណ៍ និងនៅតុលាការកំពូល។
លោក ម៉ុងហៃ បានបន្ដថា សំណុំរឿងសាលាដំបូងអាចទៅជាសំណុំរឿងរបស់សាលាឧទ្ធរណ៍ ហើយសំណុំរឿងសាលាឧទ្ធរណ៍ទៅសំណុំរឿងរបស់តុលាការកំពូល។ ដូច្នេះគេអាចថា សំណុំរឿងទាំងអស់មិនទាន់បាន «ដោះស្រាយ» ជាស្ថាពរនៅឡើយ។
ចំណុចមួយទៀតពាក់ព័ន្ធហើយសំខាន់ គឺថាតើភាគីនៃសំណុំរឿងទទួលបានយុត្តិធម៌តាមនីតិវិធីរហ័សឬទេ ។ ជួនកាលសង្កត់លើចំនួន ធ្វើឱ្យគុណភាពចុះទាប។
លោកបញ្ជាក់ថា រឿងភាពប្រក្រតីមិនស្ថិតនៅលើការឆាប់ «ដោះស្រាយ» សំណុំរឿងទេ។ ជួនកាលការពន្លឿនវាបង្កើតភាពមិនប្រក្រតីទៅវិញ។
លោក ម៉ុងហៃ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គួរធ្វើច្បាប់មួយហាមឃាត់មន្ត្រីតុលាការមិនឱ្យចូលជាសមាជិកគណបក្សនយោបាយ និងធ្វើសកម្មភាពនយោបាយ។ គួរថ្វាយកិច្ចសហការ និងមធ្យោបាយដល់ព្រះមហាក្សត្រដើម្បីឱ្យព្រះអង្គសកម្មបំពេញតួនាទីជាអ្នកធានាឯករាជ្យរបស់តុលាការ»។
លោកបានលើកឡើងថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវសម្រួលនីតិវិធីទទួលបណ្តឹងប្រឆាំងនឹងចៅក្រម និងព្រះរាជអាជ្ញាពីភាគីសំណុំរឿងតុលាការ។ ភាគីទាំងនោះគួរអាចដាក់ពាក្យបណ្តឹងនៅនឹងតុលាការដែលជំនុំជម្រះសំណុំរឿងរបស់គេ។
លោកបានបន្ដថា ភាគីបណ្ដឹងត្រូវមកដាក់ពាក្យបណ្តឹងនៅក្រសួងយុត្តិធម៌ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យភាគីនៅខេត្តៗមានការលំបាក។ គួរទុកឲ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគ្រប់គ្រងសាសាអប់រំហ្វឹកហ្វឺនចៅក្រម៕