
ផ្លូវក្រវាត់ក្រុងទី៣ប្រវែងជិត៥៣គីឡូម៉ែត្រត្រូវបានដាក់ឈ្មោះជា «មហាវិថី ស៊ី ជីនពីង»។ STPM
ភ្នំពេញៈ ពិធីប្រសិទ្ធនាមឈ្មោះផ្លូវ «មហាវិថី ស៊ី ជីនពីង» ដែលជាឈ្មោះប្រធានាធិបតីចិនបច្ចុប្បន្ន នឹងត្រូវបានរៀបចំនៅថ្ងៃទី១៩ ខែកក្កដា ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ពិធីនេះនឹងប្រព្រឹត្តទៅនៅទីតាំងរង្វង់មូលមហាវិថីឈ្នះ ឈ្នះ ខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរជាបណ្ដោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីនេះ ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ស៊ី ជីនពីង ចាប់ពីចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ បត់ទៅខាងត្បូងតាមមហាវិថី ឈ្នះ ឈ្នះ ដល់រង្វង់មូលខាងត្បូងនៃស្ពានអាកាសផ្លូវជាតិលេខ៤ បន្តរហូតដល់ផ្លូវបំបែកផ្លូវល្បឿនលឿន ចាប់ពីម៉ោង៥ព្រឹករហូតដល់ចប់កម្មវិធី។
សាលារាជធានីភ្នំពេញបញ្ជាក់ថា ការបញ្ចៀសចរាចរនេះដើម្បីឱ្យពិធីនេះប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។
សេចក្តីជូនដំណឹងថ្ងៃទី១៧ កក្កដា បញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ»។
កំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ត្រូវបានដាក់ឈ្មោះជា «មហាវិថី ស៊ី ជីនពីង» មានប្រវែងជិត៥៣គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ដល់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី បានសរសេរនៅហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៦ កក្កដា ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថី សម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា»។
លោកសរសេរថា៖ «ខ្ញុំ និងសហការជាមួយមិត្តភក្ដិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីបន្តមរតកនៃចំណងមិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូនដល់ប្រជាជននៃប្រទេសទាំងពីរ»៕