ភ្នំពេញៈ ទឹកជំនន់ព្រែកត្នោត និងទឹកនៅតាមបណ្តាខេត្តខ្លះទៀតបានឡើងដល់កម្រិតប្រកាសអាសន្នហើយ ដែលបណ្តាលឱ្យប៉ះពាល់ផ្ទះពលរដ្ឋរាប់រយគ្រួសារ ខណៈក្រពើមួយក្បាលកំពុងតែបង្កការភ័យខ្លាចដល់ពលរដ្ឋមួយចំនួនក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក អ៊ុន សុខរុំ ចៅសង្កាត់គងនយក្នុងខណ្ឌដង្កោបានឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្តើមឡើងដល់កម្រិតប្រកាសអាសន្ននៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ហើយរហូតមកដល់នឹងព្រឹកថ្ងៃចន្ទនេះបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ៣៩ខ្នងផ្ទះ ដែលស្មើនឹង ៤៣គ្រួសារ។
លោកបានបញ្ជាក់ថា៖ «ទឹកបានចូលដល់ផ្ទះពលរដ្ឋខ្លះហើយ តែមិនទាន់មានការជម្លៀសចេញពីផ្ទះនោះទេ។ តាមរយៈព័ត៌មានមកថា ស្ថានភាពទឹកនៅខាងលើបានស្រកហើយ»។
កាលពីថ្ងៃអាទិត្យ រដ្ឋបាលសង្កាត់ គងនយ បានជូនដំណឹងដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ថា៖ «ទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ និងបានលិចចូលដល់ខ្នងផ្ទះរបស់ប្រជាជនហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនេះ»។
លើសពីនោះ ពលរដ្ឋជិត ៥០០គ្រួសារនៅក្នុងក្រុង តាខ្មៅ និង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលក៏ទទួលរងផលប៉ះពាល់ពីការហក់ឡើងនៃទឹកស្ទឹងព្រែកត្នោតនេះផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបណ្ដាលធ្វើឱ្យស្ទឹងព្រែកត្នោត និងតំបន់មួយចំនួនមានការជន់លិចដោយជំនន់ទឹកភ្លៀង។ ក្នុងនោះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មានពលរដ្ឋចំនួន ១១០គ្រួសារបានរងការជន់លិចដោយជំនន់ទឹកភ្លៀង និង បានរកទីទួលសុវត្ថិភាពរួចហើយ និង ៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។
ដោយឡែក នៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង មាន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២៩៤គ្រួសារ ហើយគ្រួសារទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ៣៧គ្រួសារ។ នេះបើយោងតាមរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែកក្កដា។
អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ក៏បានប្រកាសផងដែរថា ជំនន់ទឹកភ្លៀងបានចូលដល់ភូមិគៀនជង្រុក ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង។ ជំនន់ទឹកភ្លៀងនេះ ក៏បាននាំនូវសត្វក្រពើមួយក្បាលផងដែរ។
លោកបានបញ្ជាក់ថា៖ «សត្វក្រពើក៏មកជាមួយផងដែរ បាត់ក្ងាន បាត់ទាពលរដ្ឋបន្តបន្ទាប់។សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសកូនតូចៗ»។
លោក គឹម សារុន ក្រុមប្រឹក្សាឃុំ អូរសោម បានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសត្វក្រពើមួយក្បាលនៅខាងក្រោយពួកគាត់ ក្រោយពីទឹកចូលដល់ភូមិ កាលពីថ្ងៃទី២៦ ខែកក្កដា។ ក្រពើនោះមិនដឹងមកពីប្រភពណាឱ្យច្បាស់លាស់នោះទេ។ ប៉ុន្តែ នៅតំបន់នោះមានក្រពើភ្នំ ដែលត្រូវបានអភិរក្ស។
ទោះយ៉ាងណា លោកបានអះអាងថា សត្វក្រពើដែលពលរដ្ឋប្រទះឃើញនោះ មានទ្រង់ទ្រាយធំ មិនដូចក្រពើភ្នំនោះទេ ហើយវាចាប់សត្វក្ងាន និងទាអ្នកភូមិស៊ី ប៉ុន្តែ សត្វក្រពើភ្នំ ភាគច្រើនស៊ីតែត្រីប៉ុណ្ណោះ។
លោកថ្លែងថា៖ «មិនដែលឃើញក្រពើចូលដល់ភូមិអញ្ជឹងទេ។ យើងមិនទាន់ដឹងថា វាជាក្រពើភ្នំ ឬយ៉ាងណានោះទេ ទាល់តែខាងជំនាញ។ វាចាប់ស៊ីក្ងានមួយក្បាល និងទាជាច្រើនទៀត។ យើងហាមពលរដ្ឋកុំឱ្យនៅក្បែរទឹក»។
លោកក៏បានឱ្យដឹងផងដែរថា ជំនន់ទឹកភ្លៀងនេះបានលិចផ្ទះពលរដ្ឋជាង ១០គ្រួសារ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃចន្ទនេះ ទឹកបានស្រកទៅវិញខ្លះហើយ។
ចំណែកឯ រដ្ឋបាលខេត្តកំពង់ធំ ក៏បានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ ក្រោយពីទឹកស្ទឹងសែនបានឡើងលើសពី ១៣,៥០ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។
រដ្ឋបាលខេត្តបានក្រើនរំលឹកពលរដ្ឋថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ក្នុងខេត្ត កំពង់ធំទាំងអស់ និង បងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារៈឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។
រដ្ឋបាលខេត្តក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំ ផែនការអន្តរាគមន៍ និង ត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួល សុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់។ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ៕