
ឧទ្ធម្ភាគចក្រដែលបានបាត់អស់រយៈពេល១៧ថ្ងៃត្រូវបានរកឃើញ នៅលើភ្នំយ៉ាវយ៉ៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធី៍សាត់ នារសៀលថ្ងៃនេះ។ TVK
ឧទ្ធម្ភាគចក្រដែលបានបាត់អស់រយៈពេល១៧ ថ្ងៃមកហើយ ត្រូវបានរកឃើញហើយនៅថ្ងៃនេះនៅលើភ្នំយ៉ាវយ៉ៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធី៍សាត់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ។
ឧទ្ធម្ភាគចក្រនេះ បានបាត់តាំងពីថ្ងៃទី១២ ខែកក្កដា នៅតំបន់ជួរភ្នំក្រវាញ ដោយមានប្រធានក្រុមឈ្មោះ ស៊ុន ផល្លា និងអាកាសយានិក ឈ្មោះ ខេង ឆៃយុទ្ធ។
លោក ឈុំ សុជាតិ សរសេរនៅលើហ្វេសប៊ុកថា៖ «ឧទ្ធម្ភាគចក្រនេះត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះ កម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើតាមរូបភាពពីលើអាកាស យន្តហោះនេះរងការប៉ះទង្គិចនៅផ្នែកកន្ទុយ។ មកទល់ពេលនេះ មិនទាន់មានព័ត៌មានបច្ចុប្បន្នភាពថាតើ វាបានធ្លាក់ឬយ៉ាងណា ហើយមនុស្សពីរនាក់នៅលើឧទ្ធម្ភាគចក្រនោះមានវាសនាយ៉ាងណានៅឡើយ។
លោក ខូយ រីដា ថ្លែងថា៖ «ដូចជាដាច់កន្ទុយ មិនខ្ទេចទេ នៅភ្នំយ៉ាវយ៉ៃ។ ឃើញនៅកណ្ដាលព្រៃភ្នំ ជ្រលងជ្រោះជ្រៅនៃភ្នំយ៉ាវយ៉ៃ។ យើងមិនទាន់មានព័ត៌មានលម្អិតទេ ហើយយន្តហោះបានឆ្វែលចុះ ទម្លាក់កងកម្លាំងពិសេសទៅទីនោះ។ ក្រសួងការពារជាតិកំពុងធ្វើការងារនេះ»។
គិតត្រឹមម៉ោង ៥:៣០ PM
អាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ត្រូវបានរកឃើញស្លាប់ ខណៈម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា មិនទាន់ត្រូវបានរកឃើញ គិតមកត្រឹមម៉ោងនេះ។


កម្លាំងថ្មើរជើង កំពុងធ្វើការរុករក។ រូបថត Fresh News