ភ្នំពេញៈ ក្រសួង​បរិស្ថាន និង​អង្គការ​អភិរក្ស​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ផ្តល់​គុណ​តម្លៃ និង​ការ​ដឹង​គុណ​ដល់​មន្រ្តី​ឧទ្យានុរក្ស​ដែល​បាន​តស៊ូ​លះបង់ និង​ខិតខំ​បំពេញ​បេសកកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដើម្បី​ប្រយោជន៍​រួម។

ការអំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ទិវា​ឧទ្យានុរក្ស​ពិភព​លោក ៣១ កក្កដា ដើម្បី​រំលឹក​វីរភាព​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន​កម្ពុជា​និង​ពិភពលោក ក៏​ដូចជា​គោរព​ដល់​វិញ្ញាណក្ខន្ធ​ឧទ្យានុរក្ស​ដែល​បាន​ពលី​ក្នុង​បេសកកម្ម​ការពារ​អភិរក្ស​ជីវចម្រុះ​នៅ​ទូទាំង​ពិភពលោក។ 

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​នឹង​មន្រ្តី នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី​នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា​នេះ លោក​អ៊ាង សុផល្លែត​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​មាន​ប្រសាសន៍​ថា៖ «មន្រ្តី​ឧទ្យានុរក្ស​បាន​តស៊ូ​លះបង់ និង​ហ៊ាន​ពលី​ជីវិត​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​បរិស្ថាន និង​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​កម្ពុជា»។

កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៣​កន្លែង ដែល​មាន​ផ្ទៃដី​ជាង ៧​លាន​ហិកតា​ស្មើរ​នឹង​ជាង ៤០​ភាគរយ នៃ​ផ្ទៃ​ប្រទេស។ នា​ពេល​បច្ចុបប្ប​នេះ ក្រសួង​បរិស្ថាន​មាន​មន្ត្រី​ឧទ្យានុរក្ស​សរុប​មាន​ចំនួន ១ ១២០នាក់ ដែល​ក្នុង​នោះ​មន្ត្រី​ឧទ្យានុរក្ស​ជា​ស្រ្តី​មាន​ចំនួន ៣៨​នាក់​ផងដែរ។

ក្រៅ​ពី​នោះ​លោក អ៊ាង សុផល្លែត ក៏​បាន​លើក​ទឹក​ចិត្ដ​ដល់​សាធារណជន​ឱ្យ​ចូលរួម​ជាមួយ​នឹង​មន្រ្តី​ឧទ្យានុរក្ស ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព។ ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ដោយ​បញ្ចប់​រាល់​វប្បធម៌​ចុះ​កិច្ច​សន្យា​ដោះលែង​អ្នក​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន ១០០​ភាគរយ​ផងដែរ។

ដោយ​អបអរសាទរ «ទិវា​ឧទ្យានុរក្ស​ពិភព​លោក»នេះ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS Cambodia)បាន ថ្លែង​អំណរគុណ​និង​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះ​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ដែល​បាន​បំពេញ​ការងារ​ទាំង​យប់ ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយ​ហត់ ដើម្បី​កិច្ច​ការពារ​ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ។ 

អង្គការ​បាន​លើក​ឡើង​ថា តាម​រយៈការ​គាំទ្រ​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន មន្ត្រី​ឧទ្យានុរក្ស​ចំនួន ២៩​នាក់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃកែវសីមា បាន​នឹង​កំពុង​បំពេញ​ការ​ងារ​យ៉ាង​សកម្ម​នៅ​លើ​ផ្ទៃ​ដី​ចំនួន ៣១៧ ៤៥៦ហិកតា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រៃឈើ និង​ការ​ជួញដូរ​សត្វ​ព្រៃ​ខុសច្បាប់។

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា៖ «ការ​លះបង់​របស់​មន្ត្រី​ឧទ្យានុរក្ស​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​ជីវចម្រុះ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​លើ​ពិភពលោក»។

លោក​ បេន ដាវីស ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍ BeTreed Adventures នៅ​ត្នោត​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំត្នោត-ភ្នំពក​បាន​ឱ្យ​ដឹង​ថា ពេល​ចុះ​ល្បាត​ម្តងៗ​ជាមួយ​នឹង​មន្រ្តី​ឧទ្យានុរក្ស ឬ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះ​មាន​ការ​លំបាក​ច្រើន។ ជាពិសេស​គឺការ​ប្រឈម​មុខ​ទៅ​នឹង​គ្រោះថ្នាក់ ដែល​បង្ក​ឡើ​ដោយ​ក្រុម​ជន​ល្មើស ដែល​មាន​កាំភ្លើង​កែច្នៃ។

លោក​បាន​និយាយ​ថា៖« ពិបាកខ្លាំង គឺ​ល្បាត​ពេល​យប់ ពេល​មាន​ភ្លៀង។ ពេលភ្លៀង​ពេល​យប់ មាន​ជន​ល្មើស​ច្រើន​ដើរ​បាញ់​សត្វ ព្រោះ​ពេល​ហ្នឹង ​វា​ងាយ​ស្រួល​បាញ់​សត្វ។ ជនល្មើស​មាន​កំភ្លើង​កៃច្នៃ​ច្រើន តែ​ខាង​យើង​មាន​កាំភ្លើង​តិច»។

ដោយឡែក អង្គការ WWF កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា មន្ត្រី​ឧទ្សានុរក្ស គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​វីរបុរស ដែល​បំពេញ​ការងារ ដែល​មាន​ការ​លះបង់​ខ្ពស់ និង​រួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ក្របខណ្ឌ​ជីវចម្រុះ​សកល​ចំនួន ៣០​ភាគារយ៕