ភ្នំពេញ៖ ការប្រកួតរ៉ូបូតថ្នាក់លើកទី ១១ ABU Robocon 2024 គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែកក្កដា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយសន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អ្នកចូលចិត្តមនុស្សយន្តជំនាន់ថ្មី។
ការប្រកួតនេះរៀបចំឡើងដោយសហភាពវិទ្យុអាស៊ី-ប៉ាស៊ីហ្វិក (ABU) សហការជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក)។
លោក ប្រាក់ ម៉ៅម៉ូលីន ប្រធាននាយកដ្ឋានព័ត៌មានទូរទស្សន៍ផ្សាយទៅបរទេស និងជាអ្នករៀបចំការប្រកួតរ៉ូបូតឆ្នាំ២០២៤ នេះ កីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៤ ខែកក្កដា បានឱ្យដឹងថា ការរៀបចំការប្រកួតនេះជាមោទនភាព និងព្រឹត្ដិការណ៍សំខាន់សម្រាប់យុវជនជំនាន់ថ្មី។
លោកបានថ្លែងថា៖ «ខ្ញុំ និងក្រុមការងារបានរៀបចំនូវកិច្ចការងារដ៏សំខាន់ និងចាំបាច់បំផុតចំពោះជាតិ និងមាតុភូមិ ជាពិសេសយុវជនរបស់យើង ជាអ្នកជំនាន់ថ្មីដែលអ្នកមានបញ្ញាឆ្លាតវៃក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ»។
លោក ម៉ៅមូលីន បាននិយាយថា សម្រាប់ព្រឹត្ដិការណ៍ប្រកួត ABU Robocon 2024 នេះ មានបេក្ខជនចំនួន ៩ ក្រុម ដែលមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន ៥ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស និងបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាជាដើម។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ជាទូទៅ ការប្រកួតរ៉ូបូតថ្នាក់ជាតិត្រូវបានរៀបចំឡើងនៅក្នុងខែមិថុនា ដើម្បីទុកពេលវេលាគ្រប់គ្រាន់សម្រាប់ម្ចាស់ជ័យលាភីបានត្រួតពិនិត្យ កែសម្រួល ឬសិក្សាបន្ថែមសម្រាប់ការប្រកួតអន្ដរជាតិនៅខែសីហា»។
ប្រធានបទឆ្នាំនេះផ្ដោតទៅលើការផលិតស្រូវដោយបែងចែកចេញជាការស្ទូងប្រមូលផល និងដាក់ជង្រុក។ ការប្រកួត ABU Robocon 2024 ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះចំពោះប្រធានបទនេះ ត្រូវបានរៀបចំឡើងជាលក្ខណៈវិលជុំ។
គួររំឭកថា នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីខែសីហា ឆ្នាំ២០២៣ ការប្រកួតរ៉ូបូតនេះផ្ដោតលើប្រធានបទ បាច់ផ្កានៅតំបន់អង្គរ ដែលត្រូវបានដកស្រង់ចេញពីរបាំជូនពរ។
សម្រាប់ព្រឹត្ដិការណ៍នៅប្រទេសវៀតណាមនេះ រ៉ូបូតទីមួយអាចបញ្ជាដោយដៃក្នុងគោលបំណងស្ទង់ស្រូវ និងបោះបាវ។ រ៉ូបូតទី២ ជាប្រភេទរ៉ូបូតស្វ័យប្រវត្ដិ ដោយដំណើរការជាមួយការចុចប៊ូតុង (Start & Stop) ដើម្បីប្រមូលផលស្រូវដាក់ក្នុងសៃឡូ ឬហៅថា ជង្រុក។
លោក ម៉ៅមូលីន បានបញ្ជាក់ថា៖ «កាលពីឆ្នាំ២០២៣ ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងមានសិទ្ធិដាក់ពីរក្រុមចូលរួម តែនៅពេលយើងធ្វើជាភ្ញៀវចូលរួមប្រកួតនៅទីក្រុងហាណូយក្នុងខែសីហាខាងមុខនេះ យើងជ្រើសម្ចាស់ជ័យលាភីតែមួយក្រុមប៉ុណ្ណោះ»។
លោក ចក សុខលាភ និស្សិតឆ្នាំទី ៣ មហាវិទ្យាល័យអេឡេចត្រូនិក វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បាននិយាយថា ជាមួយសមាជិកក្រុមចំនួន ១០នាក់ នេះជាលើកដំបូងដែលលោក សុខលាភ បានចូលរួមប្រកួតប្រជែងផ្ទាល់ ខណៈឆ្នាំកន្លងមក លោកគ្រាន់តែជាជំនួយការ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការចូលរួមប្រកួតឆ្នាំនេះ សម្រាប់ខ្ញុំ គឺដើម្បីសិក្សាអំពីបច្ចេកវិទ្យាថ្មីៗ ដូចជា AI និង ប្រព័ន្ធ Autonomous របស់រ៉ូបូត ក៏ដូចជារបៀបធ្វើការជាក្រុម»។
នៅក្នុងការប្រកួតលើវិញ្ញាសារ ដកសន្ទូង និងប្រមូលផលរបស់វៀតណាមឆ្នាំនេះ ក្រុម NPIC 01 របស់លោក សុខលាភ មានពេលវេលាសិក្សា និងផលិតរ៉ូបូតរយៈពេល ៦ ខែ។
លោកបាននិយាយថា៖ «ការប្រកួតឆ្នាំមុន ដែលយើងធ្វើជាម្ចាស់ផ្ទះ ការបញ្ជាលើមេកានិក គឺត្រូវធ្វើឡើងដោយដៃ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះ យើងសិក្សាអំពីប្រព័ន្ធ Autonomous ដែលមានការលំបាកជាងបន្ដិច ដោយសាររ៉ូបូតប្រភេទទីពីរដំណើរការដោយស្វ័យប្រវត្ដិ»។
ចំពោះការប្រកួតថ្នាក់ជាតិឆ្នាំនេះ លោក សុខលាភ ក៏ដូចជាសមាជិកក្រុមមានក្ដីរំពឹងទទួលបានជ័យលាភីដើម្បីបន្ដដំណើរទៅចូលរួមប្រកួតលក្ខណៈអន្ដរជាតិនៅប្រទេសវៀតណាមទៀត។
នៅខែសីហា ឆ្នាំ២០២៣ កម្ពុជាបានរៀបចំការប្រកួតអន្តរជាតិ ABU Robocon ដែលសាកលវិទ្យាល័យបច្ចេកវិទ្យា Toyohashi របស់ប្រទេសជប៉ុនទទួលបានចំណាត់ថ្នាក់កំពូលដោយទទួលបានពានរង្វាន់ Grand Prix។
ព្រឹត្តិការណ៍ដែលរៀបចំដោយ TVK បានឃើញការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីក្រុមចំនួន ១៤ ដែលតំណាងឱ្យ ១៣ ប្រទេស ដែលក្រុមនីមួយៗបង្ហាញពីការច្នៃប្រឌិតរ៉ូបូតរបស់ពួកគេ។
ក្រុមរបស់ប្រទេសកម្ពុជាបានបង្ហាញសមត្ថភាពនៅលើឆាកពិភពលោក ដោយក្រុមទីមួយទទួលបានពានរង្វាន់តូយ៉ូតា និងក្រុមទីពីរត្រូវបានសរសើរដោយពានរង្វាន់ Panasonic Connect។ កិត្តិយសទាំងនេះបានគូសបញ្ជាក់ពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងវិស័យរ៉ូបូត។
ABU Robocon ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយសហភាពផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក មានគោលបំណងលើកកម្ពស់មិត្តភាពក្នុងចំណោមអ្នកដឹកនាំផ្នែករ៉ូបូតជំនាន់ក្រោយ និងជំរុញឱ្យមានការជឿនលឿនផ្នែកវិស្វកម្ម និងការផ្សាយទូទាំងតំបន់៕