ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) បង្កើនកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
MoU នេះត្រូវបានចុះហត្ថលេខារវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងលោក Fukuhara Koji ប្រធានសមាគម JBAC នាថ្ងៃទី៩ កក្កដា នៅទីស្ដីការក្រសួងការងារ។
MoU នេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្ដូរជំនាញដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មយុវជនកម្ពុជា និងយុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថិរភាព និងមានប្រាក់ចំណូលសមរម្យ។
លោក Fukuhara ថ្លែងថា ការចុះMoU នេះនឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការទទួលបានចំណេះដឹង និងជំនាញពីក្រុមហ៊ុនជប៉ុន។
ថ្លែងក្នុងពិធីចុះMoU នេះ លោក ហេង សួរ បានជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិករបស់ខ្លួនចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។
លោកបន្ថែមថា៖ «ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្ដុះបណ្ដាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីការសិក្សាក្នុងសាលាផងដែរ»។
ការចុះMoUរវាងភាគីទាំង២នេះគឺជាការចុះMoU ថ្មីមួយបន្ថែមទៀត បន្ទាប់ពីក្រសួងការងារ បានចុះMoU ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដកស្រង់បទពិសោធន៍ជាក់ស្ដែង។
ក្រសួងការងារបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី៩ កក្កដា ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំង២នេះនឹងផ្ដល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ដែលនឹងផ្ដោតលើការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលផ្ដល់ផលប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា៕