មនុស្សជាង ១ ម៉ឺននាក់នឹងចូលរួមបើកការដ្ឋានកម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ព្រឹត្តិការជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនឹងបន្ទោរទៅដោយស្នូរជួង រគាំង គង ស្គរ នៅទូទាំងប្រទេសនៅវេលាម៉ោង ៩ និង ៩ នាទីព្រឹក។
មន្ត្រីពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រៅពី នេះក៏មានការប្រគុំតន្ត្រីខ្នាតធំចំនួនពីរកន្លែង គឺនៅកោះពេជ្រ និងនៅក្រុងតាខ្មៅ។ បើតាមរដ្ឋបាលខេត្តកណ្ដាល ដើម្បីអបអរសាទរពិធីបើកការដ្ឋាននេះ ខេត្តកណ្ដាលនឹងរៀបចំការប្រកួតគុនខ្មែរ និងយុទ្ធគនខមផងដែរនៅក្រុងតាខ្មៅ។
រាជរដ្ឋាភិបាលនៅថ្ងៃទី១ ខែសីហានេះ បានចេញសារាចរអំពាវនាវឲ្យសិស្ស និស្សិត កម្មករនិយោជិតនៅក្រសួងស្ថាប័នរដ្ឋនិងឯកជន និងមន្ត្រីរាជការទូទាំងប្រទេសចូលរួមអបអរសាទពិពីសម្ពោធបើកការដ្ឋាននេះ និងឈប់សម្រាកបន្ទាប់ពីពិធីបើកការដ្ឋាន ដោយមានប្រាក់ឈ្នួល។
គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចេញពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ ក្នុងឃុំសំរោងធំ ស្រុកកៀវស្វាយ ខេត្តកណ្ដាល រួចចូលតាមបណ្តាព្រែកនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះចំណាយពេលសាងសង់ ៤ ឆ្នាំ នឹងចំណាយទឹកប្រាក់ ១,៧ ពាន់លានដុល្លារ។
លោក ជេត ជាលី សាកលវិទ្យាធិការនៃសកវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងក្នុងកិច្ចពិភាក្សានៅ CJCC រៀបចំដោយសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី៣១ ខែកក្កដាថា ព្រែកជីកនេះបង្ហាញពីការឯកភាពជាតិដោយសារតែពលរដ្ឋកម្ពុជាបានបង្ហាញការគាំទ្រស្ទើរគ្រប់គ្នា។
លោកថ្លែងដូច្នេះថា៖ «ទីមួយគឺបង្ហាញពីការឯកភាពជាតិដ៏អស្ចារ្យរបស់ខ្មែរ ដែលមាននៅក្នុងសម័យនេះ។ ប្អូនឃើញខ្មែរបែកបាក់គ្នានៅក្រោយសម័យអង្គររហូត។ មានក្រុម មានបក្ខពួក ទីបំផុតបែកបាក់រវាងរដ្ឋាភិបាលនិងពលរដ្ឋខ្លួនឯង។ អ្វីដែលរដ្ឋាភិបាលធ្វើ ពលរដ្ឋយល់ថា ប្រុងកៀបសង្កាត់អញទៀតហើយ ព្រោះមានរដ្ឋាភិបាលមួយដែលធ្វើបាបសម្លាប់ពលរដ្ឋខ្លួនឯង គឺ ប៉ុល ពត ឬខ្មែរក្រហម និងរដ្ឋាភិបាលមុនៗនោះ»។
លោកបន្តថា៖ «អ្វីដែលអស្ចារ្យដែលបង្ហាញនៅពេលនេះ គឺព្រែកជីកហ្វូណនតេជោ។ គោលនយោបាយរបស់រដ្ឋាភិបាលមួយដែលត្រឹមត្រូវ ហើយមានការគាំទ្រព្រែកជីកនេះក្នុងចរន្តតែមួយរបស់ជាតិ។ នេះជាអ្វីដែលខ្ញុំមើលនៅក្នុងសង្គមខ្មែរ ដែលយើងគួរមានមោទនភាពមែនទែន បន្ទាប់ពីរឿងដ៏អស្ចារ្យនៃ ស៊ីហ្គេម (SEA Games)។ កាលស៊ីហ្គេម យើងបានវិញជាធ្លុងមួយ ដែលសូម្បីតែឪពុកម្ដាយនៅក្រៅប្រទេស មិនថាគាំទ្រគណបក្សណាទេ គឺបានបញ្ជូនខ្មែរហោះមកប្រកួតដើម្បីខ្មែរ»។
លោក ជេត ជាលី ចាត់ទុកព្រែកជីកហ្វូណនតេជោនៅនឹងនយោបាយនៃក្ដីសង្ឃឹម ដោយលោកចាត់ទុកថា ការគិតត្រូវគឺជារឿងសំខាន់ ហើយហើយថា គំនិតបង្កើតព្រែកជីកហ្វូណននេះ គឺជាគំនិតដែលត្រឹមត្រូវដ៏អស្ចារ្យមួយ។ នៅសល់តែសកម្មភាពប៉ុណ្ណោះថាតើកម្ពុជាធ្វើបានឬមិនបាន។
ដោយលើកឡើងពីផលប្រយោជន៍ផ្នែកសង្គម លោក ជេត ជាលី និយាយថា៖ «មិនត្រឹមតែជាប្រយោជន៍សេដ្ឋកិច្ច ប្រយោជន៍នយោបាយទេ ប៉ុន្តែវាជាប្រយោជន៍នៃកិត្យានុភាពជាតិយើងដែលបង្ហាញថា យើងមានសាមគ្គីភាពគ្នាឡើងវិញ ដែលសាមគ្គីភាពនេះត្រូវបានបែកបាក់ជាច្រើនឆ្នាំកន្លងមកហើយ»។
លោកក៏បានរំឭកអំពីសារៈសំខាន់នៃនយោបាយទឹក ដូចជាការកសាងបារាយណ៍នៅសម័យអង្គរជាដើម។ លោកថា សូម្បីតែរបប ប៉ុល ពត ដែលកាប់សម្លាប់មនុស្សក៏ផ្ដល់តម្លៃលើនយោបាយទឺកផងដែរ ដោយពួកគេបានដេញមនុស្សឲ្យទៅធ្វើនយបាយទឹកដូចជា ជីកស្រះ ឬ ព្រែកជាដើម។
លោកសាកលវិទ្យាធិការចាត់ទុកអ្នកដែលមិនគាំទ្រគម្រោងព្រែកជីកនេះថាជាអ្នកជំទាស់នឹងសាមគ្គីភាព និង ការរីកចម្រើនរបស់កម្ពជា៕