ភ្នំពេញៈ មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាផ្នែកសន្តិសុខ (APCSS) នៃសហរដ្ឋអាមេរិកសន្យាផ្ដល់វគ្គហ្វឹកហ្វឺនដល់នាយទាហានជាន់ខ្ពស់កម្ពុជាចាប់ពីវរសេនីយ៍ត្រីដល់វរសេនីយ៍ឯក និងកម្រិតឧត្ដមសេនីយ៍ទោ។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) របស់កម្ពុជាក៏បានស្នើសុំ APCSS បន្ថែមឱ្យមានវគ្គហ្វឹកហ្វឺនសម្រាប់នាយទាហានជាន់ទាបផងដែរ។
ការសន្យានេះធ្វើឡើងក្នុងកិច្ចប្រជុំថ្ងៃទី១ សីហា រវាងលោក សែម សុវណ្ណនី អគ្គនាយក NPMEC និងលោក Russell Bailey នាយកស្ដីទីនៃ APCSS នៅរាជធានីភ្នំពេញ។
NPMEC បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១ សីហា ថា៖ «លោក [Russell Bailey] បានបង្ហាញពីសារៈសំខាន់នៃវគ្គហ្វឹកហ្វឺន ដែលផ្ដល់ជូន NPMEC ដោយវគ្គទាំងនេះមិនត្រឹមតែមានការចូលរួមពីប្រមាណ ៣០ ទៅ ៤០ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវគ្គទាំងនេះបានបន្ថែមនូវកម្រិតយល់ដឹងផ្នែកសន្តិសុខជាតិ និងអន្តរជាតិ ដល់នាយទាហានជាន់ខ្ពស់កម្ពុជា ដែលមានកម្រិតចាប់ពី វរសេនីយ៍ត្រី ដល់ វរសេនីយ៍ឯក និងកម្រិតឧត្ដមសេនីយ៍ទោ»។
កន្លងមក ភាគីសហរដ្ឋអាមេរិក បានផ្ដល់វគ្គហ្វឹកហ្វឺន និងផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ (RCAF) តាមរយៈគំនិតផ្ដួចផ្ដើមប្រតិបត្តិការសន្តិភាពសកល (GPOI) លើលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព និងវគ្គបំប៉ននានា ដូចជានាយទាហាន, សេនាធិការ, សង្កេតការណ៍, និងផ្នែករក្សាសន្តិភាព។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ទន្ទឹមនឹងការផ្ដល់ជូនវគ្គហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់ចាប់ពីកម្រិតវរសេនីយ៍ត្រីដល់វរសេនីយ៍ឯក និងកម្រិតឧត្ដមសេនីយ៍ទោ របស់ភាគីសហរដ្ឋអាមេរិក ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏បានស្នើសុំបន្ថែមឱ្យមានវគ្គហ្វឹកហ្វឺន សម្រាប់នាយទាហានជាន់ទាបផងដែរ»។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា APCSS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សា និងពង្រឹងទំនាក់ទំនងយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកបន្តថា ការស្ដារ និងពង្រឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការយោធា គឺជាអាទិភាពមួយក្នុងការធ្វើទំនើបកម្មយោធារបស់កម្ពុជា ក៏ដូចជាពង្រីកការយល់ដឹងនិងជំនាញ ព្រមទាំងចំណេះដឹងនិងបទពិសោធន៍ថ្មីៗពីយោធាអាមេរិក។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «ក្នុងបរិបទប្រកួតប្រជែងភូមិសាស្ត្រដ៏ស្រួចស្រាល់នេះ កម្ពុជាត្រូវការមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុងការបង្កើនកិច្ចសហការក្នុងកិច្ចការពារសន្តិសុខ និងស្ថិរភាពតំបន់ ក៏ដូចជាបង្កើនការទុកចិត្តផងដែរ»៕