ភ្នំពេញៈ កម្ពុជាដកស្រង់បទពិសោធន៍នៃ «គម្រោងសាលារៀន ស គ្មានគ្រឿងញៀន» ដែលកំពុងតែអនុវត្តដោយជោគជ័យនៅប្រទេសឡាវ ដើម្បី បង្កើនប្រសិទ្ធភាពក្នុងការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជាបានជួបប្រជុំពិភាក្សាការរៀបចំគម្រោងផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងសាលារៀននាថ្ងៃទី១ ខែសីហា។
លោក លឹម តុងហួត បានឱ្យដឹងថា ក្នុងជំនួបនោះ ភាគីថៃបានលើកពីគំនិតផ្តួចផ្តើម នៃ«គម្រោងសាលារៀន ស គ្មានគ្រឿងញៀន» ដែលកំពុងតែ ដំណើរការអនុវត្តនៅក្នុងប្រទេសឡាវតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។
លោកមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២ ខែសីហាថា៖ « ម្រោងនេះត្រូវបានអនុវត្តជោគជ័យនៅឡាវ។ គាត់ឃើញគម្រោងអនុវត្តនៅឡាវបានជោគជ័យល្អអញ្ជឹង គាត់ចង់ពង្រីកឱ្យកម្ពុជាធ្វើដែរ។ នេះគ្រាន់ តែឈ្មោះគម្រោងទេ។ គេឱ្យជាគំនិតគម្រោងមក អញ្ជឹងយើងយកមកដាក់ឱ្យត្រូវនៅក្នុងស្ថានភាពប្រទេសយើង។ កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការ [អនុវត្ត]»។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីលោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកស្រីផាណា វ៉ឺនីដាបានសាទរ និងផ្តល់ការគាំទ្រនូវគំនិតផ្តួចផ្តើមគម្រោងនេះ។
លោកស្រី បានណែនាំឱ្យរៀបចំគម្រោងនេះឱ្យបានឆាប់រហ័សដើម្បីដាក់ចូលក្នុងរបៀបវារ:នៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃកិច្ចសហការអនុវត្តការងាររបស់ TICA ដែលគ្រោងរៀបចំនៅខែកញ្ញាខាងមុខនេះ។
លោក តុងហួត ក៏បានបន្ថែមថា ភាគីថៃបានលើកជាគំនិត តែកម្ពុជាជាអ្នកកសាងគម្រោងនេះដោយខ្លួនឯង។ កម្ពុជាអាចធ្វើការដកស្រង់បទពិសោធន៍នៃការអនុវត្តគម្រោងនេះ។
ពាក់ព័ន្ធនឹង«គម្រោងសាលារៀន ស គ្មានគ្រឿងញៀន»នេះ នៅកម្ពុជាក៏មានដាក់ពាក្យស្លោកជាច្រើនដាក់នៅក្នុងសាលា ដើម្បីធ្វើការអប់រំសិស្សានុសិស្សឱ្យបានយល់ដឹងពីបញ្ហាគ្រឿងញៀនផងដែរ។
លោកបានលើកឡើងថា ការអប់រំពីបញ្ហាគ្រឿងញៀននៅក្នុងសាលាគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។
លោកបញ្ជាក់ថា៖ «គ្រប់គ្រួសារទាំងអស់គឺគ្មានគ្រួសារណាមួយ ដែលគ្មានកូនទៅរៀនទេ។ អញ្ជឹងយើងបណ្តុះបណ្តាលគាត់នៅក្នុងសាលា ឱ្យគាត់បានដឹង ហើយគាត់យកចំណេះដឹងហ្នឹងទៅចែករំលែកជាមួយនឹងគ្រួសារគាត់ដោយបើកចំហ ដើម្បីឱ្យបញ្ហាគ្រឿងញៀនត្រូវបាននិយាយគ្រប់គ្នា ហើយសមត្ថកិច្ចបន្តខិតខំបង្រ្កាបគ្រឿងញៀនទៅ អញ្ជឹង បញ្ហាគ្រឿងញៀនលែងជាកង្វល់របស់រដ្ឋាភិបាលទៀតហើយ»។
ពាក់ព័ន្ធទៅនឹងគ្រឿងញៀននេះ លោកក៏បានឱ្យដឹងផងដែរថា ប្រទេសថៃមានគោលនយោបាយក្រៅប្រទេសមួយ ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យគ្រឿងញៀន ហូរឆ្លងកាត់ប្រទេសកម្ពុជាចូលទៅប្រទេសថៃ។ លើសពីនោះ សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន គឺត្រូវធ្វើដោយពហុវិស័យ និងពីបណ្តាប្រទេសនានាដែលមិនអាចធ្វើឱ្យបានជោគជ័យតែឯងបាននោះទេ។
លោកថ្លែងដូច្នេះថា៖«យើងគាំទ្រ និងស្វាគមន៍គ្រប់ភាគីទាំងអស់រាល់គម្រោងផ្សព្វផ្សាយ ដើម្បីពង្រីកការផ្សព្វផ្សាយអប់រំរបស់យើងបានលឿន និងទូលំទូលាយ»។
ក្នុងរយៈពេលឆមាសទី១ នៃឆ្នាំ ២០២៤ នេះ ពលរដ្ឋប្រមាណជា ១៦លាននាក់ ដែលស្មើនឹងចំនួនពលរដ្ឋកម្ពុជាបានចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះផងដែរ។
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៥២៧ ករណីក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងនោះ មានជនសង្ស័យចំនួន ១ ៣៣៧ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១ ០៣១នាក់។ នេះបើយោងតាមក្រសួងយុត្តិធម៌៕