បាត់ដំបង៖ ក្នុងជំហានឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ភូមិ (VDP) ក្រោមកម្មវិធីជំនួយទ្វេភាគី «អភិវឌ្ឍន៍ជនបទភូមិសន្តិភាព»។
ពិធីនេះត្រូវបានដំណើរការដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងអភិវឌ្ឍន៍ភូមិរវាងទីភ្នាក់ងារ KOICA អង្គការទស្សនៈពិភពលោកដែលជាទីប្រឹក្សាគម្រោង និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០។
យោងតាម KOICA បានឱ្យដឹងថា៖ «ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ តាមរយៈការគាំទ្រដោយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ជាគម្រោងជំនួយឥតសំណងដែលត្រូវអនុវត្តន៍ក្នុងរយៈពេល ៥ ឆ្នាំរបស់រដ្ឋាភិបាលកូរ៉េនេះ «គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» បាននិងកំពុងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន»។
តំបន់ទាំងនេះត្រូវបានកំណត់ដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាលដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) របស់កម្ពុជា និងផែនការយុទ្ធសាស្ត្រថវិកាខេត្ត (PSBP) គម្រោងភូមិសន្តិភាពបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការរួមគ្នារវាងរដ្ឋាភិបាលកូរ៉េ និងកម្ពុជាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា។
KOICA បានបន្ដថា៖ «គម្រោងមានគោលបំណងជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងភូមិទាំង៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន»។
គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹងសមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍន៍ជនបទ។
ការផ្តល់មូលនិធិដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលពួកគេនឹងដឹកនាំគម្រោងផ្ទាល់ខ្លួនក្នុងការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធសហគមន៍សំខាន់ៗ រួមមានសាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ អាងស្តុកទឹក និងអគារសហគមន៍។
អ្នកស្រី ស៊ូ ហឿន ប្រធានភូមិ និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ កញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងបានអរគុណចំពោះគម្រោងអភិវឌ្ឍន៍ភូមិ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំរីករាយក្នុងការដឹកនាំគម្រោងអភិវឌ្ឍន៍ភូមិនេះដោយផ្អែកលើ តម្រូវការដែលយើងបានជ្រើសរើសតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់សម្រាប់អភិបាលកិច្ចអភិវឌ្ឍន៍ភូមិ»។
ពិធីបើកដំណើរការនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោក Shin Yonghwa នាយករងប្រចាំប្រទេសនៅការិយាល័យ KOICA ប្រចាំកម្ពុជា នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែកក្កដា៕