រាជរដ្ឋាភិបាល​បង្កើត​ក្រុង​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ឈ្មោះ​ថា «ក្រុង​កំពង់​សោម» ដោយ​កាត់​យក​ឃុំ​ចំនួន ៥ ចេញពី​ស្រុក​ព្រៃនប់ គឺ​ឃុំរាម ឃុំ​បិតត្រាំង ឃុំ​អូរឧកញ៉ាហេង ឃុំ​បឹងតាព្រហ្ម និង​ឃុំអូរជ្រៅ។ ការ​បង្កើត​ក្រុង​ថ្មី​នេះ ធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​ទាំង​ក្រុង​កំពង់សោម និង​ក្រុង​ព្រះសីហនុ ដែល​គេ​តែង​ហៅ​ជា​សាមញ្ញ​ថា ក្រុង​កំពង់​សោម។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី២៨ ខែសីហា ម្សិល​មិញ​ ដែល​មាន​ហត្ថលេខា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ក្រុង​កំពង់សោម​នឹង​មាន​ទីតាំង​រដ្ឋបាល​នៅ​ក្នុង​សង្កាត់​រាម។ ការគ្រប់គ្រង​ឃុំ​ទាំង​៥ ដែល​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​សង្កាត់​បន្ត​ស្ថិត​នៅ​ក្រោម​រដ្ឋបាល​ចាស់​រហូត​ដល់​មាន​ក្រុម​ប្រឹក្សា និង​គណៈ​អភិបាល​ក្រុង​កំពង់​សោម​មក​ជំនួស។

លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​បង្កើត​ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ មាន​ក្រុង​ ២​ ស្រាប់​ហើយ គឺ​ក្រុង​ព្រះសីហនុ និង​ក្រុង​កោះរ៉ុង និង​មាន​ស្រុក​ចំនួន​ ៣ គឺ​ស្រុក​ព្រៃនប់ ស្រុក​កំពង់​សីលា និង​ស្រុក​ស្ទឹង​ហាវ។

លោក​ពន្យល់​ថា ការ​កាត់​យក​ឃុំ​ ៥ ​នេះ​ពី​ស្រុក​ព្រៃនប់ ដោយសារ​តែ​ស្រុក​នេះ​មាន​វិសាលភាព​ធំ ហើយ​ការ​បង្កើត​ក្រុង​ថ្មី​នេះ​ឡើង​គឺ​ដើម្បី​បង្ខិត​សេវា​ឲ្យ​កាន់​តែ​កៀក​ទៅ​ដល់​ប្រជាពលរដ្ឋ អ្នក​វិនិយោគ ភ្ញៀវ​ទេសចរ និង​ផ្នែក​សន្តិសុខ។ 

លោក​បន្ត​ថា នា​ពេល​អនាគត​ តំបន់​រាម​នេះ​ត្រូវ​បាន​អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នក​ជំនាញ​នគរូបនីយកម្ម​តម្រង់​ទិស​ថា នឹង​ក្លាយ​ជា​ទីក្រុង​ថ្មី​មួយ​ដែល​ទាក់ទាញ​ប្រជាពលរដ្ឋ​មក​រស់​នៅ​កាន់​តែ​ច្រើន ដោយ​ផ្អែក​លើ​សេចក្ដីព្រាង​នៃ​ប្លង់​គោល​សម្រាប់​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ឲ្យ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង។ ដូច្នេះ ការ​បង្កើត​ក្រុង​ថ្មី​នេះ​គឺ​ដើម្បី​ត្រៀម​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគ។​

យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៧ នៅ​ឆ្នាំ១៩៥៧ ហ្លួង​សុរាម្រឹត្យ បាន​បង្កើត​កុ្រងកំពង់​សោម​ ដោយ​ពេល​នោះ​ស្ថិត​នៅ​ឃុំ​រាម ស្រុក​កំពត ខេត្ត​កំពត។ នៅ​ឆ្នាំ១៩៥៩ សម្ដេច​ព្រះបាទ​ នរោត្តម​សុរាម្រឹត្យ បាន​បង្កើត​ក្រុង​មឿង (ក្រុង​តូច) ដែល​ដាក់​ឈ្មោះ​ថា ក្រុង​ព្រះសីហនុ ស្ថិត​នៅ​ឃុំ​រាម ក្នុង​តំបន់​ផែ​កំពង់​សោម ហើយ​ក្រុង​កំពង់​សោម​ក៏​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​ក្រុង​ព្រះសីហនុ​វិញ។ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្រុង​នេះ​ក៏​មាន​ឈ្មោះ ក្រុង​ព្រះសីហនុ។

យ៉ាងណា​ក៏ដោយ ក្រុង​ព្រះសីហនុ ​ត្រូវ​បាន​ប្ដូរ​ទៅជា​ក្រុង​កំពង់សោម​វិញ​នៅ​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​សម្ដេច​ព្រះ​នរោត្តម​ សីហនុ នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ១៩៧០។ នៅ​ឆ្នាំ​១៩៩៣ ក្រុង​កំពង់សោម​​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ក្រុង​ព្រះសីហនុ​វិញ។ ចំណែក​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​បាន​កាត់​ដី​ពី​ស្រុក​កំពង់សីលា​ខេត្ត​កោះកុង។ នេះ​បើ​តាម​ឯកសារ​ដដែល៕