កម្ពុជាបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការហើយនៅវេលាម៉ោង ៩ និង ៩នាទី ព្រឹកថ្ងៃទី៥ ខែសីហានេះ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ក្នុងទិដ្ឋភាពដ៏អធិកអធម មានអ្នកចូលរួមជាង ១ម៉ឺននាក់ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីនេះថា៖ «ខ្ញុំសូមប្រកាសបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីពេលនេះតទៅ»។
លោកបន្តថា ព្រែកជីកនេះ គឺជាការបន្តប្រវត្តិសាស្ត្ររបស់កម្ពុជាកាលពីសម័យហ្វូណន កាលពី២០០០ឆ្នាំមុន។
ពិធីបើកការដ្ឋាននេះ រៀបចំឡើងអមទៅដោយការប្រគុំតន្ត្រីខ្នាតធំ ការចុចប៊ូតុងតំណាងឲ្យការចាបផ្ដើមបើកការដ្ឋានសាងសង់ និងការអុជកាំជ្រួចនៅលើសាឡាងដែលបណ្ដែតនៅលើដងទន្លេមេគង្គ។
ស្របពេលជាមួយគ្នានេះ នៅទូទាំងប្រទេសក៏មានការគោះគង ទូងស្គរ និងការអបអរសាទរជាច្រើនបែបទៀត។ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តមួយចំនួនទៀតក៏នឹងប្រគុំតន្ត្រីនៅយប់នេះ ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋាននេះ។
ព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គម តភ្ជាប់ពីទន្លេមេគង្គត្រង់ចំណុចភូមិព្រែកតាកែវ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឆ្ពោះទៅសមុទ្រក្នុងខេត្តកែប ក្នុងតម្លៃសាងសង់ ១,៧ពាន់លានដុល្លារ ដែលត្រូវរយៈពេល ៤ឆ្នាំ។
យោងតាមក្រសួងសាធារណការ នឹងដឹកជញ្ជូន ការវិនិយោគលើគម្រោងសាងសង់បែងចែកជា ២កំណាត់ ដែលកំណាត់ទី១ មានចម្ងាយ ២១គម គឺជាការវិនិយោគរបស់ក្រុមហ៊ុនកម្ពុជា ចំណែកកំណាត់ទី២ (១៥៩គម) គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា (៥១ភាគរយ) និងក្រុមហ៊ុន សាជីវកម្មស្ពាននិងថ្នល់ចិន CRBC (៤៩ភាគរយ)។
ព្រែកជីកនេះមានមុខកាត់ផ្នែកខាងលើ១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ និង និងអាចធ្វើនាវាចរណ៍បាន២គន្លង គឺទៅមួយគន្លងនិងមកមួយគន្លង មានសន្ទះ ឬទ្វារទឹក៣កន្លែង និងមានស្ពានឆ្លងកាត់ចំនួន ១១កន្លែង ព្រមទាំងអមទៅដោយផ្លូវនៅសងខាង។
អ្នកវិភាគយល់ឃើញថា ព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា រួមមានកាត់បន្ថយថ្លៃ និងពេលវេលាដឹកជញ្ជូនទំនិញដែលបច្ចុប្បន្ននេះត្រូវឆ្លងកាត់កំពង់ផែប្រទេសវៀតណាម និងការដឹកជញ្ជូនតាមឡានកុងតឺន័រឆ្ពោះទៅកំពង់ផែខេត្តព្រះសីហនុ និងបង្កើតបានជាប្រព័ន្ធរំដោះទឹកជំនន់ និងប្រព័ន្ធស្រោចស្រពនៅក្នុងខេត្តស្ថិតនៅតាមដងព្រែកនេះជាដើម៕