កំពង់ធំៈ ការដំឡើងសាឡាងមួយគ្រឿងសម្រាប់សម្រួលដល់ការធ្វើដំណើរឆ្លងទឹករបស់ពលរដ្ឋ ជាពិសេសសិស្សានុសិស្សក្នុងស្រុកប្រាសាទសំបូរបានបញ្ចប់នាពេលថ្មីៗនេះ ហើយគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីមានឧបទ្ទវហេតុលិចទូកស្លាប់សិស្សម្នាក់ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរកាលពីខែមិថុនាកន្លងមកនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានផ្តល់សាឡាងមួយគ្រឿងសម្រាប់ចម្លងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស។ សាឡាងមួយគ្រឿងនោះត្រូវបានដំឡើងនៅក្នុងខេត្តកំពង់ធំ ហើយរហូតមកដល់នឹងពេលបច្ចុប្បន្ននេះត្រូវបានបញ្ចប់។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃពុធ ទី៧ខែសីហានេះ។
សាឡាងមួយគ្រឿងនេះមានប្របណ្តោយ១៨,៥០ម៉ែត្រ និងទទឹង ៣,៦០ម៉ែត្រ ជម្រៅ១ម៉ែត្រ ដែលប្រើម៉ាស៊ីនរថយន្តក្នុងការបញ្ជា ។ វាជាប្រភេទសាឡាងខ្នាតតូចដែលអាចផ្ទុកបានទំងន់អតិបរមា ១៣,៥០តោន ក្នុងនោះអាចដាក់បានប្រភេទរថយន្តធុនតូចលក្ខណៈគ្រួសារ ម៉ូតូ កង់ និងអ្នកដំណើរចំនួន ៣៥នាក់។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ក៏ធ្លាប់បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការដំឡើងនេះកាលពីថ្ងៃទី៩ ខែកក្កដាកន្លងមកផងដែរ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ដោយខ្លីថា ការផ្តល់ជាសាឡាងនេះគឺ«ដើម្បីសម្រួលដល់ការឆ្លងរបស់ពលរដ្ឋ ជាពិសេស ក្មួយៗសិស្សានុសិស្ស»។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងថា ប្រជាពលរដ្ឋ និងសិស្សានុសិស្សកំពុងតែប្រើប្រាស់ទូកកាណូតតូចៗក្នុងការធ្វើដំណើរតាមផ្លូវទឹក ដែលអាចប្រឈមទៅនឹងឧបទ្ទវហេតុ ដូចជា ករណីលិចទូកជាដើម។ ដោយមើលឃើញពីបញ្ហានេះ ទើបថ្នាក់ដឹកនាំផ្តល់ជាសាឡាងមួយគ្រឿងនោះដល់ពួកគាត់។
លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋប្រើទូកកាណូតតូចៗ ដល់អញ្ជឹងខ្លាចមានបញ្ហាពាក់ព័ន្ធជាមួយនឹងសុវត្ថិភាព ទើបសម្តេចបវរធិបតីផ្តល់សាឡាងមួយហ្នឹងមក។ ប៉ុន្តែ នៅមិនទាន់ប្រគល់ ដើម្បីផ្តល់ជូនសហគមន៍ ប្រើប្រាស់ទេ។ មិនយូរទេ ព្រោះយើងប្រញាប់ឱ្យធ្វើហើយ ហ្នឹងអារប្រគល់ជូនសហគមន៍ប្រើប្រាស់»។
លោកបន្តថា ក្រោយពេលដាក់ឱ្យដំណើរការ សាឡាងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរឆ្លងទន្លេទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំឈូក និង ឃុំស្រើង។
ក្រុមការងាររបស់ក្រសួង រ៉ែ និង ថាមពល ក៏បានចុះពិនិត្យទីតាំងចម្លងទូកដរមួយចំនួនក្នុងស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ដើម្បីផ្តល់ជាសាឡាងផ្សេងទៀត ដល់ពលរដ្ឋផងដែរ កាលពីថ្ងៃទី៦ ខែសីហានេះ។
លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួង រ៉ែ និងថាមពល ដែលបានចុះពិនិត្យទីតាំងចម្លងទូកដរដែរនោះ មិនអាចទាក់ទងបានទេនាថ្ងៃទី៧ ខែសីហានេះ៕