សៀមរាបៈ កម្ពុជា​តាម​រយៈ​អង្គភាព​ស៊ីម៉ាក់​បាន​ចាប់​ផ្តើម​បើក​វគ្គ​បណ្តុះ​បណ្តាល​រយៈពេល ៣ សប្តាហ៍​ដល់​មន្រ្តី​ជំនាញ​អ៊ុយក្រែន​ចំនួន ១៤​រូប​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ផ្តល់​ការ​ហ្វឹកហ្វឺន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ចក្រវាយ​កម្ទេច​មីន​ក្នុង​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​មីន​មនុស្សធម៌។

ស៊ីម៉ាក់​បាន​បញ្ជាក់​ថា៖ «វគ្គ​បណ្តុះ​បណ្តាល​នេះ​ មាន​គោល​បំណង ក្នុង​ការ​កសាង​​សមត្ថភាព​ជំនាញ​លើ​ការ​ប្រើ​ប្រាស់​គ្រឿងចក្រ​កម្ទេច​មីន ដើម្បី​បង្កើន​សុវត្ថិភាព ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​ក្នុង​ការ​រំដោះផ្ទៃ​ដី​ដែល​ទទួល​រងការ​គំរាម​កំហែង​ដោយ​សារ​គ្រាប់​មីន​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម»។

ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីយភាព​របស់​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ និង​លោក សានុអិ កាហ្ស៊ូម៉ាសា (Sanui Kazumasa) ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា។ 

មន្រ្តីជំនាញ​អ៊ុយក្រែន​ទាំង ១៤​រូប​នោះ​គឺ​មក​ពី​អង្គភាព​ផ្តល់​សេវាកម្ម​រដ្ឋ​ក្នុង​គ្រា​អាសន្ន​សម្រាប់​ប្រទេស​អ៊ុយក្រែន (SESU)។ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​នឹង​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ហ្វឹកហ្វឺន​របស់​អង្គភាព​ស៊ីម៉ាក់ ក្នុង​ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អង្គភាព​ស៊ីម៉ាក់ (CMAC) បាន​ទទួល​ការ​គាំទ្រ​និង​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ច​សហការ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន ​លើ​ការ​ហ្វឹកហ្វឺន​ជំនាញ​បោស​សម្អាត​មីន​មនុស្សធម៌​ជូន​អ្នក​ជំនាញ​អ៊ុយក្រែន​ ផ្តល់​សុវត្ថិភាព​ជូន​ប្រជាជន​ដែល​ទទួល​រង​ការ​គំរាមកំហែង​ដោយ​សារ​គ្រាប់​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​ប្រទេស អ៊ុយក្រែន។

លោក ហេង រតនា បាន​លើក​ឡើង​ថា អង្គភាព​ស៊ីម៉ាក់​បាន​ផ្ដល់​ការ​ហ្វឹកហ្វឺន​បច្ចេក​វិទ្យា​ឧបករណ៍​បោស​សម្អាត​មីន ដល់​មន្រ្ដី​ជំនាញ​អ៊ុយក្រែន​បាន​ចំនួន ​២​លើក​រួច​មក​ហើយ។ ក្នុង​នោះ​រួម​មាន​កាល​ពី​ខែ​មករា ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា និង​លើក​ទី២ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ប្រទេស ប៉ូឡូញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មូលនិធិ​សាមគ្គី​ភាព​ប៉ូឡូញ ដោយ​ទទួល​បាន​លទ្ធផល​ប្រកប​ដោយ​ជោគជ័យ​គួរ​ជា​ទី​មោទនៈ​សម្រាប់​ហ្វឹកហ្វឺន​ដល់​ប្រទេស​អ៊ុយក្រែន​នេះ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប។

ក្នុង​ឱកាស​នោះ លោក​ក៏​បាន​រំលឹក​ពី​ប្រវត្តិសង្រ្គាម​នៅ​កម្ពុជា និង បុព្វហេតុ​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​គ្រាប់​មីន និង​សំណល់​យុទ្ធភ័ណ្ឌ​សង្រ្គាម​នៅ​កម្ពុជា​ផងដែរ។ ក្នុង​នោះ​រួមមាន ការ​ទម្លាក់​គ្រាប់​បែក​ចំនួន ៤.០៣​លាន​តោន​ គ្រាប់​បែក​ចង្កោម​ចំនួន​ ២៨​លាន​តោន និង​គ្រាប់​បែក​គីមី​ចំនួន ២០០​ទីតាំង។ ក្រៅ​ពី​នោះ​ក៏​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស និង គ្រាប់​មីន​ប្រឆាំង​រថក្រោះ​​នៅ​ទីតាំង​រាយប៉ាយ​ដែល​មិនមាន​នៅ​ក្នុង​ទិន្នន័យ​ថ្នាក់​ជាតិ និង​គ្រាប់​មីន​ដែល​នៅ​សេសសល់​ប្រមាណ ៤ ទៅ ៦​លាន​តោន​ទៀត។

លោក សានុអិ កាហ្ស៊ូម៉ាសា (Sanui Kazumasa) បាន​ឱ្យ​ដឹង​ថា ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អ៊ុយក្រែន ទស្សនៈ​វិស័យ​របស់ JICA គឺ​អនុវត្ត​គំរូ ដែល JICA បាន​អភិវឌ្ឍ​ប្រកប​ដោយ​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។

JICA បាន​សម្តែង​ការ​រីករាយ​ដែល​មន្រ្តី​ជំនាញ​បោស​សម្អាត​មីន​អ៊ុយក្រែន មក​ទទួល​ការ​បណ្តុះ​បណ្តាល​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្តីពី​ប្រតិបត្តិការ​គ្រឿង​ចក្រ​វាយ​កម្ទេច​មីន ទាំង​ទ្រឹស្តី​និង​ប្រតិបត្តិការ​ដោយផ្ទាល់​នៅ​ចម្ការ​មីន។

ទាក់ទង​ទៅ​នឹង​ការងារ​ប្រតិបត្តិការ​រំដោះ​ផ្ទៃ​ដី​នេះ​ផងដែរ ក្នុង​រយ:ពេល ៦ខែ (មករា-មិថុនា) ឆ្នាំ​២០២៤​នេះ អង្គភាព​ស៊ីម៉ាក់​បាន​បោស​សម្អាត​ផ្ទៃដី​ចម្ការ​មីន​បាន​ចំនួន ៧៤៤ លើ​ទំហំ​ផ្ទៃដី​សម្រេច​បាន​ចំនួន ១១៤ ៣៦៤ ១៣០​ម៉ែត្រ​ក្រឡា។ លើស​ពី​នោះ​បាន រុករក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់ប្រភេទ​សរុប​ចំនួន​ ​៦៤ ៧៨២ គ្រាប់។ ក្នុង​នោះ​មាន​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន ៨ ០៩២គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន ១២៦​គ្រាប់ មីន​ច្នៃ​ចំនួន ៤គ្រាប់ គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ និង​គ្រាប់​បែក​ចង្កោម​ចំនួន ២៨គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ៥២ ៤៤៥គ្រាប់ និង​កាំភ្លើង​ធន់​តូច​ចំនួន៣ ២៧៦គីឡូក្រាម។

បន្ថែមពីនោះ ប្រតិបត្តិការ​ក្រោម​ទឹក​សម្រេច​បាន​លើ​ផ្ទៃ​ទឹក​ចំនួន ៨០២ ០០០ម៉ែត្រក្រឡា ដោយ​រុករក​ឃើញ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បំណែក​នាវា និង​អំបែង សរុប​បាន​ចំនួន ២៣៥តោន។

ដោយឡែក ចំពោះ​សកម្មភាព​ការងារ​អប់រំ​យល់ដឹង​ពី​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​វិញ មន្រ្តី​អង្គភាព​ស៊ីម៉ាក់ និង​បណ្តាញ​មីន​ស្ម័គ្រ​ចិត្ត​បាន​ចុះ​ធ្វើ​ការ​ផ្សព្វផ្សាយ​អប់រំ​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោលដៅ​បាន​ចំនួន ១៣ ៦៨៤លើក ស្មើនឹង៦៧៤ ៨១៦ខ្នងផ្ទះ ដែលមាន​ពលរដ្ឋចូលរួម​ជាង​១​លាន​នាក់៕