ភ្នំពេញៈ បុរស​ជាជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ ក្រោម​ការ​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ជាង​១៨​គីឡូក្រាម ខណៈពេល​ដែល​ក្នុង​សប្តាហ៍​ទី១ នៃ​ខែ​សីហា​នេះ មាន​ជន​សង្ស័យ​ជិត ២០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​បទ​ល្មើស​គ្រឿងញៀន។

ជន​សង្ស័យ​រូប​នេះ​ឈ្មោះ​ឆឹង ជីហ្សាំង (TSENG CHIH HSIANG) អាយុ ៣១​ឆ្នាំ ជា​ជនជាតិ​ចិន​តៃវ៉ាន់។ វត្ថុ​តាង​ដែល​ត្រូវ​បាន​រក​ឃើញ ​និង​រឹបអូស​រួម​មាន​គ្រឿងញៀន​ប្រភេទ កេតាមីន (KETAMINE) ទម្ងន់​ជាង ១៨១០៦ ក្រាម និងសារធាតុ​គីមី​ផ្សំ​ទម្ងន់​សរុប ៩៥២​ក្រាម។ នេះ​បើ​យោង​តាម​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នា​ថ្ងៃ​ទី​៧​ ខែ​សីហា​នេះ។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ស៊ើប​អង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​សារធាតុញៀន​នៅ​ ២​គោលដៅ។ គោល​ដៅទី​១ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​និង​គោលដៅ​ទី២ នៅ​សង្កាត់​បឹង​កេងកង១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

ជនល្មើស និង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។ កម្លាំង​ជំនាញ​បាន​កំពុង​តែ​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​មុខ​សញ្ញា​ពាក់ព័ន្ធ ព្រម​ទាំង​ស៊ើប​អង្កេត​ស្វែងរក​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ ដែល​ជា​ផល​នៃ​បទល្មើស។

ក្នុង​រយៈពេល​១​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី៧ ខែ​សីហា​នេះ សាលាដំបូង​រាជធានី​ខេត្ត បាន​ទទួល​ចាត់​ការ​លើ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សរុប​ចំនួន ៩២ ករណី។ សំណុំរឿង​ទាំង​នោះ​មាន​ជន​សង្ស័យ​ចំនួន ២៤៩ នាក់។ ក្នុង​នោះ​ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន ១៩៩នាក់។ នេះ​បើ​យោង​តាម​ក្រសួង​យុត្តិធម៌។ 

ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នោះ​ក៏​មាន​ជនជាតិ​វៀតណាម ៧​នាក់ (ស្រី​៣នាក់)​ផងដែរ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​គ្រឿងញៀន​ទម្ងន់​ប្រមាណ​ជា​ ២​គីឡូក្រាម។ 

តំណាង​អយ្យការ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ទាំង ៧​នាក់ និង​បក្ខពួក ពីបទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា៤០ និង​មាត្រា៤៨ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន។

លោក​ លឹម ​តុងហួត ​ប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ ​អប់រំ ​និង​ទំនាក់​ទំនង​សាធារណ:​ នៃ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឱ្យ​ដឹង​ថា ក្នុង​កិច្ច​ខិតខំ​ទប់ស្កាត់​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បង្កើត App Nodrug ដើម្បី​ធ្វើឱ្យ​ទំនើប​ឱ្យ​ទាន់​សម័យ និង​មាន​ប្រសិទ្ធភាព។ លើស​ពី​នោះ នា​ពេល​ថ្មីៗ​នេះ ក៏​មាន​ការ​ចុះ​អនុស្សរណៈយោគយល់​គ្នា​រវាង​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ ដើម្បី​សហការ​ពង្រឹង​និង​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផល​ប៉ះពាល់​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿងញៀន​ផងដែរ។

លោក​ លឹម តុងហួត បញ្ជាក់​ថា៖ «ការ​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​នឹង​តារា​ល្បីៗ ដោយសារ​តែ​មើល​ឃើញ​ថា ការ​ផ្ញើសារ​អប់រំ​តាម​រយៈសិល្បៈ​មាន​អ្នក​ទស្សនា​ច្រើន និង​ចូល​បញ្ចេញ​មតិ​យោបល់​ច្រើន។​ យើង​ប្រើ​ប្រាស់​ឱ្យអស់​លទ្ធភាព​ធ្វើ​យ៉ាង​ណាឱ្យ​ការងារ​ផ្សព្វផ្សាយ​អប់រំ​ហ្នឹង​ត្រូវ​បាន​ពង្រឹង​ប្រសិទ្ធភាព និង​ធ្វើ​ទំនើបកម្ម​ដើម្បី​បាន​បញ្ជូន​សារ​ពាក់​ព័ន្ធ​នឹង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ហ្នឹង​ទៅ​ដល់​ពលរដ្ឋ​ឱ្យ​បាន​លឿន»៕