ភ្នំពេញៈ សិស្សសាលារៀនជំនាន់ថ្មី (NGS) ជាង ២០០នាក់នៅសាលារដ្ឋចំនួន២ ក្នុងចំណោមសាលា១១ ទទួលបានមេដាយជាង ៨០០គ្រឿង ពីការប្រកួតកម្រិតអន្តរជាតិនៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ។
ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ សិស្សសាលាជំនាន់ថ្មីនៅក្នុងវិទ្យាល័យ ព្រះស៊ីសុវត្ថិ និង វិទ្យាល័យ ព្រះយុគន្ធរ ចំនួន ២៣៨នាក់ចេញទៅប្រកួតជាលក្ខណៈអន្តរជាតិ ហើយទទួលបានមេដាយត្រឡប់មកវិញសរុបចំនួន ៨២៥ គ្រឿង។ ក្នុងនោះ មានមេដាយមាសចំនួន ៣៨៤គ្រឿង ប្រាក់ ២៤៥គ្រឿង និងសំរិទ្ធ ១៩៦គ្រឿងផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលារៀនជំនាន់ថ្មីនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និង វិទ្យាល័យព្រះយុគន្ធរនាថ្ងៃចន្ទ ទី៩ ខែកញ្ញានេះ។
សេចក្តីប្រកាសសរសេរថា៖ «ក្រៅពីការរៀនក្នុងថ្នាក់ សិស្សមានការស្រាវជ្រាវច្រើន ដែលមានឧត្តមភាព និងការប្រកួតប្រជែងលើវេទិកាជាតិ-អន្តរជាតិ»។
ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣ កន្លងមក សិស្សសាលាជំនាន់ថ្មីមានអត្រាជាប់ខ្ពស់រហូតដល់ទៅ ៩៧ភាគរយ។ ក្នុងនោះនិទ្ទេសA មាន ២០ភាគរយ B ៣៦ភាគរយ C ១៦ភាគរយ D១៥ភាគរយ E ១០ភាគរយ និង F ៣ភាគរយ ផងដែរ។
សិស្សទាំងនោះទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសចំនួន ៣៥នាក់ តាមរយៈកិច្ចព្រមព្រៀងយោគយល់រវាងសាលាជំនាន់ថ្មី និងស្ថាប័នអន្តរជាតិជាច្រើននៅប្រទេស ចិន ជប៉ុន ស្វីស អូស្ត្រាលី និងថៃ។
នាពេលបច្ចុប្បន្នសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និង វិទ្យាល័យ ព្រះយុគន្ធរ កំពុងធ្វើការអភិវឌ្ឍន៍ខ្លួនក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង។
សាលាជំនាន់ថ្មីទាំង២ ក៏បានឱ្យដឹងផងដែរថា នៅមុនពេលប្រឡងចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នេះ ទីចាត់ការសាលាបានទទួលពាក្យចចាមអារ៉ាមថា បើសិស្សរូបណាចង់ជាប់ចូលរៀននៅសាលានេះ គឺត្រូវរៀនគួរត្រៀមប្រឡងជាមួយនឹងសាលា ឬ លោកគ្រូអ្នកគ្រូមួយចំនួនជាដើម។ លើសពីនោះ ក៏ឮថា មានការអះអាង ធានារត់ការឱ្យជាប់បានចូលរៀនជាដើម។
ទីចាត់ការសាលារៀនជំនាន់ថ្មីបានបដិសេធទាំងស្រុងនូវពាក្យចចាមអារ៉ាមនេះ ដោយបញ្ជាក់ថា៖«ប្រសិនបើ ក្មួយៗសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស ឬសាធារណជន ទទួលបានព័ត៌មានខាងលើច្បាស់ការ សូមរាយការណ៍មកគណៈគ្រប់គ្រងសាលាជាបន្ទាន់ ដើម្បីទប់ស្កាត់ជនខិលខូចបោកប្រាស់មានចេតនាទុច្ចរិត ឆ្លៀតឱកាសរកផលប្រយោជន៍ផ្ទាល់ខ្លួន»។
សាលាបន្តថា តាមគោលនយោបាយសាលារៀនជំនាន់ថ្មី ការជ្រើសរើសសិស្សចូលរៀនត្រូវអនុវត្តន៍តាម គោលការណ៍ និងនីតិវិធីជាដាច់ខាត គឺ (១)ត្រូវចុះឈ្មោះស្នើសុំប្រឡង (២)ត្រូវប្រឡងប្រជែង ប្រសិនបើកន្លែងមានកំណត់ និង (៣)ត្រូវដាក់ពាក្យចូលរៀននៅក្រោយពេលប្រឡងជាប់។
កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាលទ្ធផលមួយនៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។
កម្មវិធីនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៦ និង បានអនុវត្តន៍គោលវិធីសិក្សាថ្មី ពេញលេញដំបូងគេនៅសាលារដ្ឋតាមបែបស្ទែម STEM។ កម្មវិធីនេះបានកំពុងតែទាក់ទាញសិស្សពូកែៗចូលរៀន និងប្រែក្លាយសិស្សដែលមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យចាប់អារម្មណ៍និងរៀនពូកែ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឆ្នាំសិក្សា ២០២៣-២០២៤ កន្លងមក សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យទាំង២ មានទាំងសិស្សចាស់ និង សិស្សថ្មីជាង ២ពាន់នាក់។ យ៉ាងហោចណាស់ សាលាជំនាន់ថ្មីចំនួន១១ រួចហើយ ត្រូវបានដាក់ឱ្យដំណើរការ។ ក្នុងនោះមានសាលាបឋមសិក្សាចំនួន ៤ និងសាលាមធ្យមសិក្សាចំនួន៧ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ស្ពឺ ស្វាយរៀង និងខេត្តកណ្ដាល៕