សាលារាជធានីភ្នំពេញត្រៀមរថយន្តជាង ៥០០គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងទៅលេងតំបន់ទេសចរណ៍នានានៅក្នុងខេត្តភាគឦសានក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះក្នុងពិធីបើកការដ្ឋានសាងសង់អាគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃនេះនឹងដំណើរការពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា គឺមានរយៈពេល ៥ ថ្ងៃ មុននិងក្រោយមួយថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ទី៣ ខែតុលា។ លោកថា សាលារាជធានីនឹងមានរថយន្ត ៤៩៧គ្រឿងសម្រាប់ដឹកពលរដ្ឋទៅខេត្ត។ បន្ថែមពីលើនេះ ក៏នឹងមានរថយន្ត ៥៦គ្រឿងទៀតដែលនឹងដឹកពលរដ្ឋទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តស្ថិតភាគឦសានរបស់កម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖ «ឥឡូវឆ្នាំនេះទៀត គាត់ត្រៀមឡាន ៥៦ គ្រឿង សម្រាប់ធ្វើដំណើរទៅខេត្តទិសឦសាន ដូចជា ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ក្នុងពេលភ្ជុំបិណ្ឌ។ ឥឡូវបងប្អូនណាខ្លះចង់ទៅលេងខេត្តភាគឦសាន ទៅលេងទឹកជ្រោះប៊ូស្រា ទៅលេងរតនគីរី បឹងយក្សឡោម ឥឡូវបានការជិះរថយន្តដោយឥតគិតថ្លៃទៀត ៥៦គ្រឿងត្រៀមដឹកទៅ»។
ការផ្ដល់ការធ្វើដំណើរដោយឥតគិតថ្លៃទៅស្រុកកំណើតក្នុងពេលភ្ជុំបិណ្ឌក៏ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលបន្តកើតមានក្នុងចំនួនច្រើន ជាពិសេសក្នុងពេលមានពិធីបុណ្យធំៗដូចជាភ្ជុំបិណ្ឌជាដើម។
កាលពីឆ្នាំ២០២៣ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា គ្រោះថ្នាកចរាចរណ៍បានឆកយកជីវិតមនុស្ស ២២នាក់ និងបង្កឲ្យរបួស ៧៩នាក់ទៀតក្នុងករណីគ្រោះថ្នាក់ចំនួន៥៨លើក។ នេះបើតាមអគ្គស្នងការនគរបាលជាតិ។
លោកនាយករដ្ឋមន្ត្រី ក៏ប្រាប់ឲ្យអាជ្ញាធរត្រៀមសម្រួលចរាចរណ៍ និងអនុវត្តច្បាប់ចរាចរណ៍ឲ្យបានតឹងរ៉ឹងដើម្បីបញ្ចៀសគ្រោះថ្នាក់ ជាពិសេសបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
កាលពីពេលខែមិថុនា រដ្ឋមន្ត្រីមហាផ្ទៃ លោក ស សុខា ក៏បានប្រាប់ឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គិតគូរពីការរៀបចំប្រតិទិនហាមមិនឲ្យរថយន្តធុនធ្ងន់ធ្វើដំណើរក្នុងអំឡុងពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើម៕