ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការពារ និង​លើកស្ទួយ​ប្រាសាទ​បុរាណ​ក្នុង​ឱកាស​ប្រារឰ​​ខួប​មួយ​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះកេរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា។

នៅ​ក្នុង​សារ​លិខិត​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​សារៈសំខាន់​នៃ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កោះកែរ ដោយ​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ពី​ដៃគូ​អន្តរជាតិ។

លោក​បាន​ថ្លែង​ថា​៖ «ជាមួយ​នឹង​ការ​អបអរសាទរ​នេះ ខ្ញុំ​សូម​ស្នើ​ដល់​សហប្រធាន​ចិន និង​ឥណ្ឌា នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ដើម្បី​ការពារ​និង​លើក​តម្លៃ​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ នៃ​ប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំង​ប្រទេស​ជា​សមាជិក​ទាំងអស់ ពង្រីក​សកម្មភាព​រប​ស់​ខ្លួន បន្ថែមទៀត ដើម្បី​ជួយ​អភិរក្ស​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដែលជា​សម្បត្តិ​របស់​ម​នុស្ស​ជាតិ ទាំងមូល ដោយ​ផ្អែកលើ​គំរូ​នៃ​កិច្ចសហការ​ដ៏​សកម្ម​ដែលមាន​ស្រាប់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​»។

លោក​នាយក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​សម្រេចបាន​នូវ​ការទទួលស្គាល់​ដ៏​មហិមា​នេះ​។​

លោក​បាន​បន្ដថា៖ «​ពួកគេ​បាន​ខិតខំ​ប្រឹង​ប្រែង​ ប្រកបដោយ​ភាព​ប៉ិនប្រសប់​ និង​វិជ្ជាជីវៈ​ខ្ពស់ ពុះពារ ជម្នះ​គ្រប់ការ​លំបាក​រហូត​សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​នេះ​»។​

លោកបាន​ថ្លែង​អំណរគុណ​ដល់​ចំពោះ​មិត្តភក្តិ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ឥស្សរជន ទាំង​ឡាយ ដែល​បានទទួល​ស្គាល់​នូវ​តម្លៃ​ដ៏​មហស្ចារ្យ​ជាស​កល​នៃ «រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ»ដែលជា​អតីត រាជធានី​ខ្មែរ​ក្នុងសម័យ​អង្គរ​ដ៏​រុងរឿង កសាង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​។

រមណីយដ្ឋាន​នេះ បាន​បន្សល់ទុក​នូវ​ប្រាង្គ ប្រាសាទ រូប​បដិមា សិលា​ចារឹក ចំណេះដឹង​ផ្នែក​រៀបចំ​ក្រុង​និង​ប្រព័ន្ធធារាសាស្ត្រ​បុរាណ ដែល​ចាំបាច់​ត្រូវ​ការពារ អភិរក្ស សិក្សា​ស្រាវជ្រាវ និង​លើក​តម្លៃ​ឡើងវិញ​។ 

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឆ្លៀតឱកាស​ចេញ​ក្រើនរំឭក​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​បាន​​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​ព្រះវិហារ និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ រក្សា​ការប្រុងប្រយ័ត្ន​ចំពោះ​ការគំរាមកំហែង​ដល់ទី​តាំង រួមមាន​ការទន្ទ្រាន​យក​ដី​ខុសច្បាប់ ការកាប់បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ និង​ការជីក​កកាយ​ដោយ​គ្មាន​ការអនុញ្ញាត​។​

លោក​បានបញ្ជាក់​ជាថ្មី​ថា​៖ «​យើង​ត្រូវតែ​លើកកម្ពស់ និង​អភិរក្ស​កោះកេរ ដើម្បី​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​»​។​

ដើម្បី​អបអរសាទរ​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បណ្តាញសារព័ត៌មាន​ទូទាំងប្រទេស​កម្ពុជា ផ្សព្វផ្សាយ​ខួប​នេះ​ឱ្យបាន​ទូលំទូលាយ​។​

លោក​បាន​លើកទឹកចិត្ត​ប្រទេសជាតិ​ឱ្យចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​ប្រារឰ​ខួប​មួយឆ្នាំ​ចាប់តាំងពី​ការបញ្ចូល​ប្រាសាទ​ទៅ​ក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ និង​បន្ត​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ជុំវិញ​តំបន់​នោះ​។​

ប្រាសាទ​កោះកេរ្តិ៍ ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ ត្រូវ​បាន​បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុងសម័យ​ប្រជុំ​លើក​ទី​៤៥ នៃ​គណៈកម្មាធិការ​​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។​

បរិវេណ​ប្រាសាទ​បង្ហាញ​ពី​ការ​ចម្រុះ​នៃ​ប្រាសាទ​បុរាណ រូប​ចម្លាក់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៃ​សម័យអង្គរ​។​

ការ​ដាក់​បញ្ចូល​​ដ៏​ជោគជ័យ​របស់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ទទួល​ស្គាល់​របស់​អង្គការ​យូណេស្កូ គឺជា​សក្ខីភាព​មួយ​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស ហើយ​បាន​នាំយក​ការ​ចាប់​អារម្មណ៍​ពី​ជាតិ និង​អន្តរជាតិ​មក​កាន់​តំបន់​ប្រវត្ដិសាស្ដ្រ​​នេះ៕