ក្រចេះ៖ ភូមិ​ចំនួន​៥ ក្នុង​ឃុំដារ ស្រុក​ចិត្របុរី​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ដែល​ធ្វើឱ្យ​យ៉ាងហោច​ណាស់​​ផ្ទះ​ពលរដ្ឋ​​ ២០ខ្នង​ត្រូវ​បាន​ទឹក​លិច​ក្រោម​ផ្ទះ​និង​ទឹក​លិច​ផ្លូវ​ជាង ៨​គីឡូម៉ែត្រ ក្រោយ​ពី​មាន​ភ្លៀងធ្លាក់​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី១៧ ខែ​កញ្ញា​នេះ។

អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក​សុទ្ធ គឹមកុលមុនី បាន​ឱ្យ​ដឹង​ថា ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​ចាប់​ពី​ម៉ោង​១ រហូត​ដល់​ម៉ោង​ ៤​ទៀប ដែល​បង្ក​ឱ្យ​មាន​ជំនន់​ប៉ះពាល់​ភូមិ​ចំនួន ៥ ក្នុង​ឃុំដារ ស្រុក​ចិត្របុរី។ ក្នុង​នោះ​រួម​មាន​លិច​ទីធ្លា​វត្ត​ដារ​១កន្លែង លិច​សាលា​បឋម​សិក្សា​ដារ ១​កន្លែង និង​លិច​មណ្ឌល​សុខភាពដារ ជម្រៅ​ ១,៤០ម ហើយ​ស្រ្តី​សម្រាល​កូន​ម្នាក់​ត្រូវ​បាន​ក្រុម​ការងារ​សម្រួល​គាត់​ឱ្យ​ស្នាក់​នៅ​ជាន់ទី១។ 

ក្រៅ​ពី​នោះ​ក៏​មាន​លិច និង​ទឹក​ហូរ​កាត់​ផ្លូវ​ ១០​កន្លែង ប្រវែង​៨ ១០០ម និង​លិច​ក្រោម​ផ្ទះ ចំនួន ២០ខ្នង​ផ្ទះ។ ប៉ុន្តែ​មិន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​មនុស្ស​នោះ​ទេ។

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តែ​ចុះ​ពិនិត្យ​ស្ថានភាព​និង​ត្រៀម​កម្លាំង សម្ភារ និង មធ្យោបាយ​ចុះ​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ករណី​ទឹក​នៅ​បន្ត​កើនឡើង ហើយ​នៅ​បន្ត​តាម​ដាន​ស្ថានភាព​អាកាសធាតុ និង​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​វេលា។

ទោះ​យ៉ាង​ណា លោក សេក រុន នាយក​រង​រដ្ឋបាល​ស្រុក​បាន​ឱ្យ​ដឹង​ថា ទឹក​បាន​ចាប់​ផ្តើម​ស្រក​ ហើយ​ក៏​មិន​មាន​ការ​ជំលៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​នោះ​ដែរ។

លោក​បញ្ជាក់​ថា៖ «វា​ភ្លៀង​មួយ​យប់​ទល់​ភ្លឺ ដែល​ធ្វើឱ្យ​មាន​ ២០​ខ្នង​ផ្ទះ​ប៉ះពាល់។ វា​ជន់​ទឹកភ្លៀង តែ​លូវ វា​ហូ​ទៅ​​ហ្នឹង​ស្រក​វិញ​អស់​មួយ​ចំនួន​ហើយ»។

ក្រសួង​ធនធាន​ទឹក និង ឧតុនិយម​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​វាង​គ្រោះថ្នាក់​ផ្សេងៗ​នៅ​ពេល​ដែល​កម្ពស់​ទឹក​ទន្លេមេគង្គ​កំពុង​តែ​ហក់ឡើង។

ក្រសួង​បាន​ជូន​ដំណឹង​ថា​ កន្លងមក ដោយសារ​មាន​ឥទ្ធិពល​ពី​ព្យុះយ៉ាកជី (Yagi) បាន​ធ្វើឱ្យ​មាន​ភ្លៀងធ្លាក់​ច្រើន​ជា​បន្ត​បន្ទាប់ លើ​តំបន់​ផ្ទៃ​រង​ទឹក​ភ្លៀង​របស់​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង ប្រទេស​ឡាវ​ដែល​បង្ក​ឱ្យ​ទឹក​ទន្លេមេគង្គ​ហក់ ឡើង​ខ្លាំង​រហូត​ដល់​មាន​ការ​ជន់​លិច​មួយ​ចំនួន។

ក្រៅពីនោះ ព្យុះទី១៣ ឈ្មោះប៊ី​ប៊ីនកា (Bebinca) និង សម្ពាធទាប បាន​គ្រប​ដណ្តប់​លើ​ឈូង​សមុទ្រ​បេងហ្គាល់ (Bay of Bengal) មាន​ឥទ្ធិពល​លើ​ខ្យល់​មូសុង​និរតី ដែល​បក់​លើ​សមុទ្រ​អានដាម៉ែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ ខណៈ​សម្ពាធ​ទាប​គ្រប​ដណ្តប់​លើ​ភាគ​កណ្តាល​នៃ​អាង​ទន្លេ​មេគង្គ សមុទ្រ​ចិន​ខាង​ត្បូង​និង​លើ​កម្ពុជា។

ក្នុង​សប្តាហ៍​នេះ ទឹក​ទន្លេ​មេគង្គ​ផ្នែក​ខាងលើ​នៅ​កម្ពុជា​កំពុង​តែ​ហក់ឡើង​ជា​បន្តបន្ទាប់​ផងដែរ ហើយ​នឹង​ហូរ​ចូល​តាម​ព្រែក​និង​តំបន់​ទំនាប​នានា​ដែល​ស្ថិត​នៅ​អម​សងខាង​ទន្លេមេគង្គ។

ក្រសួង​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី​១៧ ខែ​កញ្ញា​នេះ​ថា៖ «ស្ថានភាព​ទឹក​ទន្លេ​មេគង្គ ទន្លេសាប និង​ទន្លេបាសាក់ បាន​និង​កំពុង​ហក់​ឡើង​ជា​បន្តបន្ទាប់។ អាស្រ័យ​ហេតុ​នេះ សូម​ក្រសួង-ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់​ព័ន្ធ និង​បងប្អូន​ ពលរដ្ឋ ដែល​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ទន្លេសាប និង ទន្លេ​បាសាក់ ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​យកចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​វាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ»៕