ភ្នំពេញៈ ផលប៉ះពាល់គួរឱ្យព្រួយបារម្ភ នៃការប្រែប្រួលអាកាសធាតុ គឺធ្វើឱ្យមានរលកកម្តៅកាន់តែខ្លាំង ព្យុះដែលមិនធ្លាប់មានពីមុនមក និងគ្រោះរាំងស្ងួតអូសបន្លាយយូរជាដើម។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ក្នុងពេលថ្លែងសន្ទរកថាគន្លឹះស្តីពីទស្សនវិស័យកម្ពុជាក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក្នុងសិក្ខាសាលាថ្នាក់តំបន់មួយនៅប្រទេសសិង្ហបុរី នាថ្ងៃអង្គារ ទី១៧ ខែកញ្ញានេះ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak ស្តីពីការចេញផ្សាយរបាយការណ៍នៃការប្រែប្រួលអាកាសធាតុនៅអាស៊ីអាគ្នេយ៍ៈ«ឆ្លងកាត់កម្រិតអាកាសធាតុ សកម្មភាពបន្ទាន់សម្រាប់អនាគតប្រកបដោយនិរន្តរភាពរបស់អាស៊ីអាគ្នេយ៍»។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖ «តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផង ឈរនៅជួរមុខ នៃវិបត្តិនេះ ដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សរាប់លាននាក់»។
ទោះបីជាបែបនេះក៏ដោយ កម្ពុជារួមជាមួយនឹងប្រទេសអាស៊ានផ្សេងទៀត បានបោះជំហានទៅមុខក្នុងការបង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន កិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យស្ថិតក្រោមកម្រិត ១,៥ដឺក្រេ។
លោករដ្ឋមន្រ្តីបានលើកឡើងពីយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ក៏ដូចជា គោលនយោបាយ របស់ក្រសួងបរិស្ថាន ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមាននិរន្តរភាពបរិស្ថាន ដូចជា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងផែនការយុទ្ធសាស្រ្តបម្រែបម្រួលអាកាសធាតុកម្ពុជា (CCCSP) ២០២៤-២០៣៣ជាដើម។
បន្ថែមពីនោះ កម្ពុជា បានចូលរួមចំណែកដោះស្រាយបញ្ហាសកល។ ក្នុងនោះបានធ្វើបច្ចុប្បន្នភាពផែនការរួមចំណែករបស់ជាតិ (NDC) ៣,០ ដែលនឹងពង្រឹងបន្ថែមទៀត នូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ ដោយកំណត់គោលដៅប្រកបដោយមហិច្ឆិតាបន្ថែមទៀត សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចខិតខំប្រឹងប្រែងសម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។
ក្រៅពីនោះ កម្ពុជាកំពុងជំរុញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០២៥០។
យុទ្ធសាស្ត្រនេះមិនគ្រាន់តែជាផែនទីបង្ហាញផ្លូវសម្រាប់កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យសម្រាប់អនាគតប្រកបដោយនិរន្តរភាពផងដែរ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «វិធានការជាច្រើនផ្សេងទៀតត្រូវបានដាក់ចេញក្នុងការលើកកម្ពស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល ការការពារព្រៃឈើ និង លើកកម្ពស់វិស័យកសិកម្មប្រកបដោយនិរន្តរភាព។ ការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ មិនមែនគ្រាន់តែជាគោលដៅបរិស្ថានប៉ុណ្ណោះទេ។ វាជាផ្លូវឆ្ពោះទៅរកភាពធន់នឹងសេដ្ឋកិច្ច និងសមធម៌សង្គម»។
លោកបានបន្ថែមថា បញ្ហាប្រឈមសម្រាប់ប្រទេសកម្ពុជា ក៏ដូចជា ប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ គឺការពង្រឹងលើកំណើនសេដ្ឋកិច្ច ជាមួយនឹងភាពចាំបាច់ក្នុងការកាត់បន្ថយឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយកាបូន នៅក្នុងវិស័យផ្សេងទៀត ក្នុងនោះមានវិស័យថាមពល ការដឹកជញ្ជូន និង កសិកម្ម។
ទាក់ទងទៅនឹងបញ្ហាការកើនឡើងកម្ពៅភពផែនដី ក៏ដូចជាការប្រែប្រួលអាកាសធាតុនេះផងដែរ ក្រសួងបរិស្ថានបាន រៀបចំប្រារព្ធទិវាអូហ្សូនពិភពលោកក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» កាលពីថ្ងៃទី១៦ ខែកញ្ញានេះ។ ក្នុងនោះក៏មានការរៀបចំវេទិកាពិភាក្សាដែលមានការចូលរួមពីសិស្សានុសិស្ស ក៏ដូចជាយុវជនផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហានេះ ជាពិសេស គឺសារធាតុដែលបណ្តាលឱ្យមានការបំផ្លាញស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មីពណ៌ស្វាយ (UV) ដ៏គ្រោះថ្នាក់។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ាក សុខារ៉ាវុធ បានលើកឡើងក្នុងវេទិកានោះថា សារធាតុមានច្រើននៅក្នុងម៉ាស៊ីនត្រជាក់ ដូចជា សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ដែលមានប្រើប្រាស់ច្រើនគឺសារធាតុអ៊ា២២ (R-22) និង របាយសាធាតុមួយទៀត គឺ៤១០អេ (410A) នាពេលសព្វថ្ងៃនេះ។
លោកមានប្រសាសន៍ថា៖ «សារធាតុទាំង២ នេះមានប្រើប្រាស់ច្រើននៅក្នុងម៉ាស៊ីនត្រជាក់របស់យើងនៅតាមផ្ទះ និងសារធាតុមួយចំនួនមានប្រើប្រាស់នៅក្នុងទូទឹកកក។ ដូច្នេះ យើងត្រូវយល់ដឹងថា សារធាតុនេះមានសក្តានុពលនៃការ កើនកម្តៅខ្ពស់ដែលធ្វើឱ្យមានការកើនកម្តៅភពផែនដី»។
លោកបន្តថា សារធាតុ HCFC នេះ គឺត្រូវលុបបំបាត់ទាំងស្រុងនៅឆ្នាំ ២០៣០ ប៉ុន្តែដោយសារតែជាករណីចាំបាច់ ប្រទេសកំពុងអភិវឌ្ឍន៍ គឺត្រូវអនុញ្ញាតឱ្យទុកនូវ ២,៥ភាគរយ នៃកម្រិតមូលដ្ឋាន ដែលប្រើប្រាស់សព្វថ្ងៃ។ សម្រាប់ ប្រទេសកម្ពុជា កម្រិតមូលមានប្រហែលជា ២៧០តោនក្នុងមួយឆ្នាំ។ ដូច្នេះ កម្ពុជាបានកាត់បន្ថយបានច្រើន ហើយសព្វថ្ងៃនេះ កម្ពុជានៅសល់ប្រហែលជាខ្ទង់តែក្រោម ១០០តោនទេ ដែលប្រើប្រាស់ក្នុងមួយឆ្នាំៗ។
លោកថ្លែងដូច្នេះថា៖ «យើងកាត់បន្ថយបានច្រើន ហើយយើងសង្ឃឹមថា យើងនឹងអាចធ្វើការលុបបំបាត់បានទាំងស្រុងមុនរយៈកាលឆ្នាំ ២០៣០នេះផង។ ជាការចាំបាច់ ដែលយើងបានរួមចំណែកយ៉ាងសំខាន់ជាមួយសកលលោកក្នុងការទប់ស្កាត់ការកើនកម្តៅភពផែនដី ក៏ដូចជាទប់ស្កាត់ការបំផ្លាញស្រទាប់អូស្សូនផងដែរ»៕