
ឈើរាប់រយកំណាត់ ដែលកាប់ពីតំបន់ព្រៃឡង់ត្រូវបានរកឃើញនិងរឹបអូសក្នុងស្រុកបារាយណ៍ ដោយកម្លាំងចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំ កាលពីម្សិលមិញ។ រូបថត Tan Kimsour
កំពង់ធំ៖ ឈើឃ្លុំប្រភេទលេខ១ជាង១០០កំណាត់ និងឈើក្តាររាប់រយបន្ទះផ្សេងទៀតត្រូវបានរកឃើញ និង រឹបអូសនៅទីតាំង ៤ផ្សេងគ្នាក្នុងស្រុកបារាយណ៍ ដោយកម្លាំងចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំក្នុងរយៈពេល២ថ្ងៃ។ នេះបើយោងតាមលោក តាន់ គឹមសួរ សមាគមយុវជនស្រឡាញ់ធម្មជាតិ។
លោក គឹមសួរ បានអះអាងថា ក្រោយពីទទួលបានតម្រុយពីបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នេះរួចមក លោកនិងក្រុមការងារបានចំណាយពេលអស់ជិត ១ខែដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះ។
បន្ទាប់ពីរកឃើញវត្ថុតាងច្បាស់លាស់អស់ហើយ ពួកលោកបានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្លាំងចម្រុះដែលរួមមានលោក អ៊ិត ភូម្រា អនុប្រធាននាយកដ្ឋានរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងកម្លាំងពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានចុះបង្រ្កាបបទល្មើសនេះកាលពីថ្ងៃទី១៥ និង១៦ ខែកញ្ញានេះ នៅទីតាំង ៤កន្លែងផ្សេងគ្នានៅក្នុងឃុំចុងដូង និង ឃុំបល្ល័ង្គ ក្នុងស្រុកបារាយណ៍។
ជនសង្ស័យមួយចំនួនត្រូវបានឃាត់ខ្លួនយកទៅធ្វើការសួរនាំ ហើយរថយន្តដឹកឈើធុនធ្ងន់ប្រភេទកង់ ១០យ៉ាងហោចណាស់ ២គ្រឿងត្រូវបានរកឃើញផងដែរ។
លោកបញ្ជាក់ថា៖ «នៅពេលដែលយើងក្តោបបានទីតាំងទម្លាក់ឈើ និងកន្លែងទុកឡានដឹកឈើហើយ ទើបយើងស្នើសុំកម្លាំងថ្នាក់ជាតិចុះទៅបង្រ្កាបដោយសម្ងាត់ ព្រោះយើងខ្លាចបែកការណ៍។ យើងរកឃើញថា ឈើទាំងអស់ហ្នឹង គឺសុទ្ធតែឈើខុសច្បាប់ទាំងអស់ ដែលកាប់ចេញពីតំបន់ព្រៃឡង់ក្នុងស្រុកសណ្តាន់ ហើយដឹកទៅទុកនៅស្រុកបារាយណ៍ខ្លះ និងឈើឃ្លុំខ្លះទៀតដឹកចេញទៅក្រៅប្រទេស»។

កម្លាំងចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំចុះបង្រ្កាបបទល្មើសនេះកាលពីថ្ងៃទី១៥ និង១៦ ខែកញ្ញានេះ នៅទីតាំង ៤កន្លែងផ្សេងគ្នានៅក្នុងឃុំចុងដូង និង ឃុំបល្ល័ង្គ ក្នុងស្រុកបារាយណ៍។ រូបថត Tan Kimsour
លោកបន្តថា ក្រុមយុវជនលោកក៏បានរកឃើញឈើក្តារចម្រុះប្រមាណជា២០ ទៅ ៣០ម៉ែត្រគុបផ្សេងទៀតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយកំពុងតែសុំឱ្យកម្លាំងចុះទៅបង្រ្កាបផងដែរ។ ឈើទាំងនោះក៏ត្រូវបានកាប់ និងដឹកចេញពីព្រៃឡង់ផងដែរ។
ក្នុងអំឡុងពេលចុះស៊ើបអង្កេតនោះ លោកបានសង្កេតឃើញថា នៅតាមផ្លូវដែលគេដឹកឈើនោះមានប៉ុស្តិ៍យាម របស់មន្រ្តីរដ្ឋបាលព្រៃឈើ បរិស្ថាន ប៉ូលិស និង អាវុធហត្ថជាច្រើនកន្លែង។ ប៉ុន្តែ «មិនដឹងឈ្មួញទាំងអស់ហ្នឹងមានយុទ្ធសីលយ៉ាងណា ទើបអាចចរាចរណ៍ឈើទាំងអស់ហ្នឹងបានដោយរលូនដោយសុវត្ថិភាព»។
លោកថ្លែងដូច្នេះថា៖ «ឈ្មួញធ្វើយ៉ាងណាដឹកជញ្ជូនឈើទាំងឡានធំៗ មានទាំងឡានកង់ ១០ បែបនេះបានបីបួនគ្រឿង មានទាំងឡានវេអងផង។ ប្រសិនបើមន្រ្តីថ្នាក់មូលដ្ឋានមានឆន្ទៈក្នុងការបង្រ្កាប ប្រហែលជាមិនមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំបែបនេះកើតឡើងទេ។ គាត់មើលមិនឃើញ ឬធ្វើជាមើលមិនឃើញតែម្តង»។

ឈើរាប់រយកំណាត់ ដែលកាប់ពីតំបន់ព្រៃឡង់ត្រូវបានរកឃើញនិងរឹបអូសក្នុងស្រុកបារាយណ៍ ដោយកម្លាំងចម្រុះថ្នាក់ជាតិ និងខេត្តកំពង់ធំ កាលពីម្សិលមិញ។ រូបថត Tan Kimsour
លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានអះអាងថា លោកជាប់រវល់មិនអាចធ្វើអត្ថាធិប្បាយបានទេ។ រីឯលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលគ្រប់គ្រងខណ្ឌរដ្ឋបាលព្រៃឈើ បានបញ្ជាក់ដោយខ្លីថា មន្រ្តីជំនាញកំពុងតែបន្តចំណាត់ការផ្លូវច្បាប់លើករណីនេះ។
មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ លោក ឃុន ប៊ុនហួរ ដែលបានដឹកនាំកម្លាំងអាវុធហត្ថបង្រ្កាបបទល្មើសនេះ និងលោក ឃុន ប៊ុនហូ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តសុំមិនធ្វើអត្ថាធិប្បាយលើករណីនេះផងដែរកាលពីថ្ងៃពុធ ទី១៨ ខែកញ្ញានេះ៕

ឈើក្តាររាប់រយបន្ទះផ្សេងទៀតត្រូវបានរកឃើញ។ រូបថត Tan Kimsour
