ភ្នំពេញៈ ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រកំពុងតែត្រូវបានបំពាក់ទៅតាមការស្នើសុំរបស់រោងចក្រសហគ្រាសចំនួន១១១ ដែលនេះជាការធ្វើទំនើបកម្ម នៃការតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា។
ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានកំពុងតែជំរុញឱ្យគ្រប់រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ ទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះនឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់។
លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា៖ «កន្លងមកនេះ រោងចក្រចំនួន ១១១ បានស្នើសុំឱ្យក្រសួងឧបករណ៍ស្វ័យត្រួតពិនិត្យនេះ។ ជាបណ្តើរៗ យើងបានដាក់[បំពាក់]តំបន់សេដ្ឋកិច្ចពិសេសទាំងមូលនៅខេត្តស្វាយរៀង ហើយនឹងនៅ រោងចក្រផលិតសំបកថ្នាំខេត្តបាត់ដំបង គឺបានដាក់រួចរាល់ហើយ»។
ក្រសួងបរិស្ថានបានលើកឡើងថា ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ គឺជាមធ្យោបាយដ៏មានសារៈសំខាន់មួយដែលជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងក្នុងការតាមដាន និងការត្រួតពិនិត្យទប់ស្កាត់និងចាត់វិធានការបានទាន់ពេលវេលា នៅពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួចហើយ។
ក្រោយពីបំពាក់រួច វាមិនចាំបាច់មានមន្រ្តីជំនាញចុះទៅត្រួតពិនិត្យដោយផ្ទាល់នោះទេ ដោយសារតែរាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ ទិន្នន័យទាំងនោះ ទោះក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងភ្លាមៗដែរ។
ក្រោយពេលដែលបណ្តារោងចក្រនានា ត្រូវបានកំណត់និងបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះរួចរាល់ហើយនោះ នៅគ្រប់រោងចក្រទាំងអស់នោះ មិនអាចលួចបង្ហូរសារធាតុពុលឬទឹកកខ្វក់ចូលទៅក្នុងស្ទឹងទន្លេបានទៀតនោះទេ។
លោក ខ្វៃ អាទិត្យា បន្ថែមថា នៅសប្តាហ៍ក្រោយៗទៀត ក្រុមការងារនឹងបន្តបំពាក់នៅរោងចក្រផ្សេងៗបន្តទៀត ដែលនេះ ជាចំណុចមួយដែលរោងចក្រសហគ្រាសបានចូលរួមសហការជាមួយនិងក្រសួង។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងថា ឧបករណ៍នេះមិនត្រឹមតែរួមចំណែកផ្តល់ផលប្រយោជន៍ប៉ុណ្ណោះទេ ប៉ុន្តែរឿងសំខាន់ វាថែមទាំងលើកកម្ពស់សុខមាលភាពពលរដ្ឋផងដែរ។
លោកមានប្រសាសន៍ថា៖ «ឧបករណ៍នេះមិនថ្លៃទេ តែបើសិនជា រោងចក្រ សហគ្រាសបំពុលវិញ វាអស់ថ្លៃជាងឧបករណ៍ ហ្នឹងទៀត ព្រោះវាប៉ះពាល់ដល់សុខភាពសារធារណៈ ជាពិសេស ពលរដ្ឋរស់នៅក្បែររោងចក្រសហគ្រាសទាំងអស់នោះ។ មួយទៀត គឺបងប្អូនកម្មករហ្នឹងតែម្តង ដែលគាត់បំពេញការងារ»។
លោកបន្តដូច្នេះថា៖«អញ្ជឹងបើសិនជា យើងធានាបានសុខភាពកម្មករល្អ ហើយសុខភាពបរិស្ថានល្អ ហ្នឹងយើងមានការអភិវឌ្ឍប្រកបដោយចីរភាព និងការវិនិយោគក៏ល្អដែរ។ យើងឈ្នះទាំង ៣ផ្នែកហ្នឹងតែម្តង។ អញ្ជឹងយើងឆ្ពោះទៅកម្ពុជាយើងស្អាត កម្ពុជាយើងមានអនាម័យ និងកម្ពុជាមានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ថ្ងៃអនាគត»។
ទោះយ៉ាងណា លោក អាទិត្យា មិនបានបញ្ជាក់ប្រាប់ពីចំនួនរោងចក្រសហគ្រាស ឬ ក្រុមហ៊ុនដែលក្រសួងបានចុះពិនិត្យ ឬពីតម្លៃឧបករណ៍នេះនោះទេ។
ការធ្វើទំនើបកម្មនៃការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយទៅលើទីតាំងក្រុមហ៊ុន រោងចក្រសហគ្រាស ដែលជាប្រភពនៃការបញ្ចេញសំណល់ (រាវ និងផ្សែង) ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាននេះគឺសំដៅពង្រឹងការអនុវត្តច្បាប់។ លើសពីនោះ វាក៏ជួយកាត់បន្ថយការចុះត្រួតពិនិត្យរបស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន។ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុលទាំងអស់ គឺដើម្បីធ្វើការវាស់ស្ទង់បរិមាណ និង កម្រិតសារធាតុបំពុលបញ្ចេញ និង បញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។
លោក អាទិត្យា បានឱ្យដឹងថា អត្ថប្រយោជន៍សំខាន់ៗ នៃការធ្វើទំនើបកម្មនេះជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើប្រព្រឹត្តកម្មសំណល់រាវ និងការសម្អាតសារធាតុបំពុលខ្យល់ ដែលបញ្ចេញចូលទៅក្នុងបរិស្ថាន លុបបំបាត់ការលួចបញ្ចេញសំណល់រាវ និងកាត់បន្ថយនៃការបញ្ចេញសារធាតុបំពុល លើសកម្រិតកំណត់ស្តង់ដារក្នុងអំឡុងពេលមិនមានការចុះត្រួតពិនិត្យ។
លើសពីនោះ វាកំណត់បានទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ជាក់លាក់ និងគ្រប់ពេលវេលានៃការបញ្ចេញពីប្រភពបំពុលនិងចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា ដែលរយៈកាលកន្លងមក ករណីការបំពុលបរិស្ថានភាគច្រើនទទួលបានតាមរយៈសារព័ត៌មាន ឬបណ្តាញសង្គមចុះផ្សាយ និងបណ្តឹងតវ៉ាពីប្រជាពលរដ្ឋ។
មន្ទីរបរិស្ថានរាជធានីភ្នំពេញក៏កំពុងតែចុះជំរុញការប្រើប្រាស់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះនៅតាមរោងចក្រផងដែរ ជាពិសេស គឺរោងចក្រធំៗ ដែលបញ្ចេញកាកសំណល់រាវក្នុងកម្រិតច្រើន។
ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី បញ្ជាក់ថា៖ «នេះជាច្បាប់ ក៏ដូចជា ប្រកាសរបស់ក្រសួងដែលតម្រូវឱ្យអនុវត្តតែម្តង មិនមែនគ្រាន់តែចុះបញ្ជាក់ប្រាប់ទេ ព្រោះយើងបានប្រាប់អស់រយៈពេលបួនប្រាំឆ្នាំមកហើយ។ ដើម្បីរក្សាសុវត្ថិភាព និងគុណភាពទឹកឱ្យល្អប្រសើរដើម្បីជាឧត្តមប្រយោជន៍ដល់ពលរដ្ឋ យើងត្រូវតែជំរុញបំពាក់ឱ្យទាល់តែបាន»។
រោងចក្រក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ក្នុងខេត្តបាត់ដំបង ដែលត្រូវបានក្រសួងបរិស្ថានពិន័យ ដោយសារតែការបញ្ចេញកាកសំណល់រាវនាពេលកន្លងមកនោះ ក៏ត្រូវបានបំពាក់ឧបករណ៍នេះរួចរាល់ហើយផងដែរ។
ការបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រផលិតសំបកថ្នាំពេទ្យនេះ គឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យលើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែដែលជាប្រភពទឹកដ៏សំខាន់មួយភ្ជាប់ជាមួយបឹងទន្លេសាប។ នេះបើយោងតាមក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែសីហា៕