នាវាចម្បាំងរបស់ចក្រភពអង់គ្លេស HMS Spey បានធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា កាលពីថ្ងៃទី២៤ និង ២៦ ខែកញ្ញានេះ នៅខេត្តព្រះសីហនុរ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាលើកទី២របស់ខ្លួន។
សមយុទ្ធរួមគ្នានេះដឹកនាំដោយមេបញ្ជាការPaul Caddy មេបញ្ជាការនៃនាវា HMS Spey ជាមួយមន្ត្រីកងទ័ពជើងទឹកកម្ពុជាចំនួន៣០នាក់ ដោយគ្របដណ្តប់លើការធ្វើនាវាចរណ៍ Man Overboard Procedure បច្ចេកទេសពន្លត់អគ្គិភ័យនិងលំហាត់នានាជាច្រើនទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។
លោក Paul Caddy បានថ្លែងថា៖ «ការហ្វឹកហ្វឺនទ្វេភាគីដែលយើងបានធ្វើជាមួយកងទ័ពជើងទឹកកម្ពុជាគឺមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការរៀនសូត្ររួមគ្នានិងពង្រឹងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងចក្រភពអង់គ្លេសនិងកងកម្លាំងប្រដាប់អាវុធកម្ពុជា»។
លោកDominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានថ្លែងថា នាវា HMS Spey បានមកកម្ពុជាលើកទី១ កាលពីខែកុម្ភៈឆ្នាំ២០២៣។ វាជានាវាចក្រភពអង់គ្លេសដំបូងគេដែលបានមកទស្សកិច្ចនៅកម្ពុជា ក្នុងរយៈពេល៦៥ឆ្នាំ។ ឆ្នាំ២០២៣ ក៏ជាឆ្នាំដែលមានជនជាតិខ្មែរដំបូងគេដែលបានសិក្សានៅសាលានាយទាហានជាន់ខ្ពស់របស់ចក្រភពអង់គ្លេសឈ្មោះ Sandhurst។
លោក Dominic Williams ថ្លែងដូច្នេះថា៖ «ជាងមួយឆ្នាំកន្លះមកនេះ យើងនៅតែបន្តទំនាក់ទំនងការពារជាតិរបស់យើងជាមួយប្រទេសកម្ពុជា ហើយខ្ញុំពិតជារីករាយក្នុងការស្វាគមន៍ការត្រឡប់មកវិញរបស់នាវា HMS Spey ជាសញ្ញានៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង»។
លោកងួន ឧត្តម មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹករាម បានចូលរួមជាសក្ខីភាពក្នុងការហ្វឹកហ្វឺនកាលពីថ្ងៃព្រហស្បតិ៍និងបានកោតសរសើរចំពោះកិច្ចសហការនេះ។
លោកបានថ្លែងថា៖ «យើងសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខជាញឹកញាប់[មកកាន់]កងទ័ពជើងទឹកកម្ពុជា។ យើងអាចបន្តធ្វើលំហាត់ហ្វឹកហ្វឺនជាមួយគ្នារៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមកនិងការពង្រឹងមិត្តភាពរវាងកងទ័ពជើងទឹករបស់យើងទាំងពី»
ចក្រភពអង់គ្លេសចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់នៅក្នុងអាស៊ាននិងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យជាច្រើនចាប់ពីពាណិជ្ជកម្មរហូតដល់ការអប់រំ ក៏ដូចជា ការប្រែប្រួលអាកាសធាតុ៕