ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានផ្តល់ឧបករណ៍ដ្រូន (Drone) ដល់គ្រប់មន្ទីរបរិស្ថានរាជធានីខេត្ត ២៥ហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដើម្បីឱ្យក្រុមឧទ្យានុរក្សបរិស្ថាន យកទៅប្រើប្រាស់ជាជំនួយដល់ការងារចុះល្បាតការពារព្រៃឈើ ជាង៧លានហិកតា។
អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃសុក្រទី២៧ ខែកញ្ញានេះថា ការផ្តល់ឧបករណ៍ដ្រូននេះ គឺជាជំហានទី១ ដែលក្នុងមួយមន្ទីរបរិស្ថានទទួលបានមួយគ្រឿង ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការផ្តល់ជូនជាជំហានបន្តបន្ទាប់ទៀត។
លោកបញ្ជាក់ថា៖«រហូតមកដល់ពេលនេះ ២៥រាជធានីខេត្ត ទាំងភ្នំពេញផងដែរ បានទទួលដ្រូនម្នាក់១គ្រឿងជាទូទៅ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងផ្តល់ដ្រូនដល់មន្ទីរបរិស្ថាននីមួយៗ យ៉ាងតិចឱ្យបាន៣គ្រឿងដែរ»។
លោកថ្លែងថា៖«ការល្បាតជាមួយដ្រូននេះផ្តល់សារៈសំខាន់ខ្លាំងណាស់ គឺវាជួយឱ្យការល្បាតនេះកាន់តែមានប្រសិទ្ធភាព ហើយមានវិសាលភាពធំជាងមុនទៅលើផ្ទៃដី។ កាលណាចុះល្បាតដោយផ្ទាល់ គឺយើងមិនអាចមើលឃើញពីការប្រព្រឹត្តបទល្មើសនៅទីឆ្ងាយបាននោះទេ»។
លោកបន្ថែមថា ហេតុនេះ ក្រុមល្បាតត្រូវការដ្រូននេះ ដើម្បីឈ្លប និងពិនិត្យមើលដោយផ្ទាល់ ហើយក្នុងករណីឃើញមានបទល្មើសនៅតំបន់ណាមួយកើតឡើង នោះពួកគេនឹងធ្វើការអន្តរាគមន៍ទាន់ពេលវេលា។
លោកបានឱ្យដឹងផងដែរថា ដើម្បីពង្រឹងការការពារធនធានធម្មជាតិ ក្រៅពីការផ្តល់ដ្រូននេះ ក្រសួងបរិស្ថានបានអនុវត្តច្បាប់១០០ភាគរយ ផ្តល់ផែនទីពីតំបន់ការពារដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ហើយកម្លាំងកងយោធពលខេមរភូមិន្ទ អាវុធហត្ថ និងនគរបាលជាតិ ក៏បានកំពុងតែចូលរួមក្នុងការចុះល្បាត និងបង្រ្កាបបទល្មើសផងដែរ។
លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានឱ្យដឹងថា នេះជាលើកទី១ហើយ ដែលមន្ទីរទទួលបានដ្រូនពីក្រសួងបរិស្ថាន។ ក្រោយពីការទទួលបាននេះ មន្រ្តីបរិស្ថានចំនួន១៧នាក់នឹងត្រូវបង្រៀនពីរបៀបនៃការប្រើប្រាស់ឧបករណ៍នេះ។
លោកថ្លែងថា៖«ការល្បាតដោយប្រើដ្រូននេះ គឺជាការល្បាតដោយប្រើបច្ចេកវិទ្យា អញ្ជឹងវាជួយបានច្រើន។ មន្រ្តីយើងមិនអាចដើរឱ្យគ្រប់កន្លែងបានទេក្នុងព្រៃ ជាពិសេសគឺរដូវវស្សា អញ្ជឹងការផ្តល់ដ្រូនរបស់ថ្នាក់ដឹកនាំនេះ គឺផ្តល់ភាពងាយស្រួលយ៉ាងច្រើនដល់មន្រ្តីឧទ្យានុរក្សក្នុងការតាមដានបទល្មើសក្នុងតំបន់ការពារ»។
លោកបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មន្រ្តីទាំង១៧រូប ត្រូវការពារព្រៃឈើរហូតដល់ទៅជាង២០ម៉ឺនហិកតា។ ហេតុនេះ បើមានឧបករណ៍ដ្រូនកាន់តែច្រើន វាក៏កាន់តែងាយស្រួលក្នុងការការពារ ក៏ដូចជា បង្កើនប្រសិទ្ធភាពការងារផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកជួប ប៉ារីស៍បានលើកឡើងក្នុងពិធីប្រគល់ដ្រូន៤គ្រឿង និងសម្ភារល្បាតផ្សេងទៀតដល់មន្រ្តីឧទ្យានុរក្សខេត្តមណ្ឌលគិរីកាលពីចុងសប្តាហ៍មុនថា ក្រសួងមានមន្រ្តីឧទ្យានុរក្ស១ ២០០នាក់ប៉ុន្តែ ពួកគាត់ត្រូវការពារព្រៃឈើរហូតដល់ទៅ៧លានហិកតា នៅទូទាំងប្រទេស ដែលម្នាក់ត្រូវការពាររហូតដល់ទៅជាង៥ពាន់ហិកតាឯនោះ។
លោកមានប្រសាសន៍ថា៖«តាមស្តង់ដារអន្តរជាតិ យ៉ាងច្រើន គឺម្នាក់ការពារពី៥០០ទៅ១ពាន់ហិកតាយ៉ាងច្រើន តែយើងម្នាក់ត្រូវមើលព្រៃជិត៦ពាន់ហិកតា។ យើងនៅខ្វះ តែយើងនៅតែដោះស្រាយបាន ដោយសារតែយើងមានសហគមន៍ចូលរួម»។
លោកបន្ថែមថា ការចូលរួមល្បាតរបស់សហគមន៍គឺជាការធ្វើអំពើល្អទៅលើសហគមន៍ពួកគាត់ និងអំពើល្អទៅលើធនធានធម្មជាតិ ហើយជាលទ្ធផល ពួកគាត់ក៏៏ទទួលបានការតបស្នងមកវិញយ៉ាងសមរម្យផងដែរតាមរយៈអេកូទេសចរណ៍ គម្រោងរេដបូក និងគម្រោងផ្សេងៗជាដើម៕