ភ្នំពេញៈ ផែនការសកម្មភាពសៀមរាប-អង្គរ ដែលនឹងត្រូវអនុម័តសម្រាប់អនុវត្តអនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំ ក្នុងខែវិច្ឆិកាខាងមុខនេះ ផ្តោតសំខាន់ទៅលើបញ្ហាយេនឌ័រ ការការពារបរិស្ថាន និងមីនកែច្នៃប្រឆាំងមនុស្ស ដើម្បីឱ្យស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីនសកល។
ផែនការសកម្មភាពសៀមរាប អង្គរឆ្នាំ២០២៥-២០២៩ ដែលមាន៩ជំពូក និង៤៥សកម្មភាពនេះត្រូវបានបង្កើតឡើងដោយយកផែនការសកម្មភាពទីក្រុងអូស្លូចំនួន ៥០ផែនការសកម្មភាពជាមូលដ្ឋាន តាមរយៈការកែសម្រួលខ្លឹមសារមួយចំនួន។ នេះបើយោងតាមអាជ្ញាធរមីន (CMAA) ដែល ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤នេះ។
អាជ្ញាធរមីនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃពុធ ទី៤ខែកញ្ញាថា៖«យើងបានធ្វើការកែសម្រួលលើផែនការសកម្មភាពមួយចំនួន និងយើងបានបន្ថែមថ្មីមួយចំនួន។ អញ្ជឹងយើងរក្សាទុកនូវសកម្មភាពចាស់ច្រើន ហើយការបន្ថែមថ្មី និងកែសម្រួលហ្នឹងគឺយើង ផ្តោតសំខាន់ទៅលើ៣ចំណុច។ ទី១ យើងផ្តោតសំខាន់ទៅលើយេនឌ័រ ទី២ ទៅការការពារបរិស្ថាន និងទី៣ទៅលើគ្រាប់មីនកែច្នៃ»។
អាជ្ញាធរមីនបន្ថែមដូច្នេះថា៖«អញ្ជឹងផែនការសកម្មភាពចាស់ហ្នឹងយើងកែសម្រួលពាក្យពេចន៍ឱ្យវាកាន់តែផ្តោតខ្លាំង បន្ថែមទម្ងន់ទៅលើអាទិភាព ៣បន្ថែមទៀតហ្នឹង ហើយយើងមានការកែសម្រួលលើសូចនករមួយចំនួន ដើម្បីធានាថា យើងនឹងអាចសម្រេចបាននូវអាទិភាព ៣ថ្មី ដែលយើងបានបន្ថែមទៅក្នុងផែនការសកម្មភាពហ្នឹង»។
ការបន្ថែមគោលដៅអាទិភាពទាំង៣នេះគឺធ្វើឡើងស្របទៅតាមអនុសាសន៍ណែនាំរបស់ លោក នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត។ នេះបើយោងតាមការថ្លែងរបស់ លោកលី ធុជអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃទី៣ ខែកញ្ញានេះ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
លោកទេសរដ្ឋមន្រ្តីបានលើកឡើងក្នុងឱកាសនោះថា សហគមន៍អន្តរជាតិ បានទទួលស្គាល់នូវផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤ ថាមានប្រសិទ្ធភាពខ្ពស់។ការអនុវត្តផែនការសកម្មភាពនេះក៏ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ផងដែរ ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា។
ផែនការសកម្មភាពទីក្រុងអូស្លូ ត្រូវបានយកមកប្រើប្រាស់ ធ្វើជាមូលដ្ឋាន និងតាក់តែងសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីនសកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នកណាបន្តរងគ្រោះដោយសារមីនទៀត។
លោកបញ្ជាក់ថា៖«ដើម្បីឱ្យការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជា បានខិតខំប្រឹងប្រែងបំពេញបន្ថែម និងប្រមូលធាតុចូលប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់វេទិការ ទាំងផ្លូវការ និងក្រៅផ្លូវការ ដូចជាក្នុងសន្និសីទថ្នាក់តំបន់ កិច្ចប្រជុំរដ្ឋភាគី កិច្ចប្រជុំដៃគូ សិក្ខាសាលា ជំនួបពហុភាគី និង ទ្វេភាគីជាដើម»។
លោកទេសរដ្ឋមន្រ្តីបន្ថែមថា ផែនការសកម្មភាពសៀមរាប-អង្គរ ដែលត្រូវបាន ដាក់បន្ថែមសកម្មភាពអាទិភាពថ្មីសំខាន់ចំនួន៣នេះ នឹងត្រូវអនុម័តឱ្យប្រើប្រាស់ជាផ្លូវការក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្តសៀមរាប នាខែវិច្ឆិកាខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត នឹងចុះហត្ថលេខាក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយផែនការសកម្មភាពសៀមរាប-អង្គរ នឹងក្លាយជាឯកសារតម្រង់ទិសរបស់អនុសញ្ញាអូតាវ៉ារយៈពេល៥ឆ្នាំបន្តទៀត ដែលវានឹងត្រូវចារក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ និងសកលលោកទាំងមូល។
អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស គឺជាអនុសញ្ញាដែលឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕