ភ្នំពេញៈ គ្រោះ​មហន្តរាយ​ទឹកជំនន់​ បាន​បង្ក​ឱ្យប៉ះពាល់​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​ ១ លាន ៥​សែន​គ្រួសារ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ​ហើយ​មនុស្ស​ ៦៩​នាក់​បាន​ស្លាប់ ​និង​ ១២០​របួស ​ដោយសារ​តែ​គ្រោះ​អគ្គិភ័យ​ ខ្យល់​កន្រ្ទាក់ ​និង​រន្ទះ​បាញ់​ក្នុង​រយៈ​ពេល​ជាង​ ៨​ខែ​ នៃ​ឆ្នាំ២០២៤​នេះ។ 

គ្រោះ​មហន្តរាយ​ទឹកជំនន់​បាន​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់ ១ ៥៧០ ៦១៩គ្រួសារ ​ផលដំណាំ​ស្រូវ​ចំនួន​៨៦២ ៨៩៤​ហិកតា ​​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ផ្លូវ​ជាតិ​ចំនួន១៣៦ ១៦៧​ម៉ែត្រ ​និង​សាលារៀន​ចំនួន ៥៩៦ខ្នង។

ក្រៅពីនោះ​ វាបង្ក​ឱ្យ​មាន​ការ​បាត់​បង់ ​អាយុ​ជីវិ​ត​មនុស្ស ​សត្វពាហនៈ​ ខូចខាត​ផ្ទះ​សម្បែង ​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ជាពិសេស​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​ការ​ប្រកប​មុខ​របរ​ចិ​ញ្ចឹមជីវិតក៏ដូចជា ​ប្រាក់​ចំណូល​ផង​ដែរ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំចុ​ងក្រោយ​នេះ។ នេះ​បើ​យោងតាម​ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម)។ 

ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៤​នេះ​ ជំនន់​ទឹ​កភ្លៀង​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ និ​ងជ​នរង​គ្រោះ​ជាង​២ម៉ឺន​គ្រួសារ ​ក្នុង​នោះ​បាន​ស្លាប់​ចំនួន​២នាក់​ គិតត្រឹម​ថ្ងៃ​ទី​២០ ខែ​សីហាក​ន្លង​មក។ ក្រៅ​ពី​នោះ​ ដំណាំស្រូវ​ចំនួន​ ២៥ ៥៦៣​ហិកតា​បាន​ប៉ះ​ពាល់ ដែល​ក្នុង​នោះ​មាន​ ១០ ៥៣៨​ហិកតា​បាន​ខូច​ខាត។ ដំណាំ​រួម​ផ្សំ​ ១ ៨៩៦​ហិកតា​ក្នុង​ចំណោម​ ៣ ៤៤៤ហិកតា​ដែល​ប៉ះពាល់​ក៏ត្រូវ​បំផ្លាញ​ផង​ដែរ។ បន្ថែម​ពី​នោះ ​ផ្លូវកៅស៊ូ ​បេតុង ​និង​ផ្លូវជនបទ​ជាង​១៦៥គីឡូម៉ែត្រ​ក៏​ត្រូវ​ទទួល​រង​ផ​លប៉ះ​ពាល់​ផង​ដែរ។ 

អនុ​ប្រធាន​ទី១​ នៃ​គ.ជ.គ.ម លោក​ទេស​រដ្ឋមន្ត្រី​គន់ គីម​បាន​លើក​ឡើង​ក្នុង​ពេល​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​កាត់​បន្ថយហា​និភ័យ​គ្រោះម​ហន្តរាយ​ ២០២៤-២០២៨​នា​ដើម​សប្តាហ៍​នេះ​ថា ​ប្រទេស​ក្នុង​តំបន់​ និង​ពិភព​លោក​កំពុង​តែឆ្លង​កាត់​នូវ​បញ្ហាប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ បង្ក​ដោយធម្ម​ជាតិ និង​មនុស្ស​ ដែល​ជា​បុព្វហេតុនៃ​គ្រោះមហ​ន្តរាយ។

ដោយ​ឡែក ​ប្រទេស​កម្ពុជា មាន​មុខ​សញ្ញា​គ្រោះថ្នាក់​ជា​ច្រើន​ដែល​កំពុង​ជួប​ប្រទះ​ ជា​រៀងរាល់​ឆ្នាំ ​ដូច​ជា៖ ជំនន់​ទឹក​ភ្លៀង ​រាំង​ស្ងួត ​ខ្យល់​កន្រ្តាក់​ រន្ទះបាញ់ ​បាក់ច្រាំង​ទន្លេ​ អគ្គីភ័យ និង​ជំងឺ​រាត​ត្បាត។ល។​

លោក​បាន​បញ្ជាក់​ថា៖«ឥទ្ធិពល ​នៃ​ការ​ប្រែប្រួ​លអាកាសធាតុ ​ក៏​ជាកត្តា​ជំរុញឱ្យ​គ្រោះមហន្តរាយ​ទាំងនោះ​កាន់​តែ​កើនឡើ​ងនូវ​ភាព​ញឹក​ញាប់ និង​ផល​ប៉ះ​ពាល់​ថែម​មួយ​កម្រិត​ទៀត ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់...ហើយ​យើង​ក៏​នៅ​តែ​ចាត់​ទុក​ថា​ ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ គឺជាផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ជួយ​ដល់ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។ 

លោក​ទេស​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​រាជរដ្ឋា​ភិបាល ​បាន​ធ្វើ​អន្តរាគមន៍​ឆ្លើយ​តប​ភ្លាមៗ ​និង​ផ្តល់​ជា​ស្រូវ​ពូជ ​និង​ស្បៀង​ដល់​ពលរដ្ឋ​ទាំង​នោះ​ផង​ដែរ។

ក្នុង​រយៈ​ពេល​ជាង​៨ខែ​ដើម​ឆ្នាំ​នេះ​ដែរ ​គ្រោះអគ្គិសភ័យ​បាន​កើត​ឡើង​ជាង​៦០០​ដង ​ដែល​បង្ក​ការ​ខូច​ខាត​ដល់​ផ្ទះចំនួន​៦២៤​ខ្នង​ តូប​១២០ ​សម្លាប់​មនុស្ស​ ១៥​នាក់ ​និង​របួស​៤៥​នាក់។ ក្នុង​នោះរា​ជធានី​ភ្នំពេញ​មា​នច្រើន​ជាង​គេ​ គឺ​១០២លើក ​ខេត្ត​បាត់​ដំបង​៦៤​លើក និង​ខេត្ត​សៀមរាប​ចំនួន​៤១​ផង​ដែរ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ គ.ជ.គ.ម ដដែល​នេះ។  

ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ ដែរ​ខ្យល់​កន្រ្ទាក់​ក៏​បាន​កើត​ឡើង​ចំនួន​២៤១​លើក ​ដែល​បាន​ធ្វើ​ឱ្យ​រលំផ្ទះ​ចំនួន​៤៨២​ខ្នង​ របើក​ចំនួន៣ ៨០០​ខ្នង សម្លាប់​មនុស្ស​៤​នាក់​ និង​របួស​៣២​នាក់​ផង​ដែរ។ 

ដោយ​ឡែក​បាតុ​ភូត​រន្ទះបាញ់​វិញ ​បាន​កើត​មាន​ចំនួន​៩៤​លើក ​ដែលបាន​សម្លាប់​មនុស្ស​អស់​៥០​នាក់ ​និង​របួស​៤៣​ផ្សេង​ទៀត​ផង​ដែរ។ ក្នុង​នោះ ​ខេត្ត​សៀម​រាប​កើត​មាន​ច្រើន​ជាង​គេ​ គឺ​ចំនួន​១៤​ដង​ ដែល​សម្លាប់​មនុស្ស​ចំនួន​៨​នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​ខេត្ត​ផ្សេងៗ​ទៀត។ 

លោក​ លី វណ្ណៈ ​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ទី​៤​ ខែ​កញ្ញា​នេះ​ថា ​ទីតាំង​ភូមិ​សាស្រ្ត​ខេត្ត​សៀម​រាប​ ដែល​ជា​ផ្នែក​មួយ ​នៃផ្ទៃ​បឹង​ទន្លេ​សាប​ក៏​ជា​កត្តាមួ​យ ដែល​អាច​មាន​បាតុ​ភូត​រន្ទះ​បាញ់​នេះ​កើត​ឡើង​ច្រើន​ដែរ។ ទោះ​យ៉ាង​ណា អា​ជ្ញាធរតែង​តែ​ធ្វើ​ការ​អប់រំ ​និង​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​នេះ​ជូន​ដល់​ពល​រដ្ឋ​ផង​ដែរ។

លោក​ថ្លែង​ថា៖«​ក្នុង​តំបន់​ជុំ​វិញ​បឹង​ទន្លេ​សាប​ហ្នឹង​មាន​បញ្ហា​រន្ទះ​បាញ់​ច្រើន។ បញ្ហា​គ្រោះ​ធម្មជាតិ​ពិបាកទប់​ស្កាត់​កុំ​ឱ្យ​មាន​ តែ​យើង​ព្យាយាម​អប់រំ ​និង​រក​វិធាន​បែប​ណា​ដើម្បី​កាត់​បន្ថយ​កុំ​ឱ្យ​បាត់​បង់​អាយុ​ជីវិ​ត​ពល​រដ្ឋ​ច្រើន។ យើង​បាន​ផ្សព្វ​ផ្សាយ​ជូន​ពួក​គាត់​ហើយ​ពាក់​ព័ន្ធ​គ្រោះមហន្ត​រាយ ​គ្រោះថ្នាក់​រន្ទះ​បាញ់​អី​ហ្នឹង​»៕