ភ្នំពេញៈ លោក​ឧប​នាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ និង​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (MLC) ​ឆ្នាំ​២០២៤ ដែល​មាន​ទឹកប្រាក់ប្រមាណ​​២​លាន​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា នៅ​ទីស្ដីការ​ក្រសួង។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់​នា​ថ្ងៃទី​៣ កញ្ញា ថា៖ «ក្នុង​ក្របខ័ណ្ឌ​មូលនិធិ​ពិសេស​នេះ កម្ពុជា​នឹង​ទទួល​បាន​ហិរញ្ញប្បទាន ដែល​មាន​ទឹកប្រាក់​ប្រមាណ២លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ចំនួន​៨»។

គម្រោង​ទាំងនេះ​នឹង​គ្របដណ្ដប់​លើ​ផ្នែក​ទេសចរណ៍, សកម្មភាព​ដោះ​មីន, កសិកម្ម, អភិវឌ្ឍន៍​ជនបទ, ការ​លើកកម្ពស់​ការ​យល់ដឹង​ពី​MLC, ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់, ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង វិជ្ជាជីវៈ (TVET), និង​ការ​កសាង​សមត្ថភាព និង​ការ​គ្រប់គ្រង​ហានិភ័យ​ទឹកជំនន់។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មក​នេះ មូលនិធិ​ពិសេស​នេះ​បាន​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ប្រមាណ​៩០​នៅ​កម្ពុជា ដែល​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា និង​ចិន ក្នុង​ការ​រួម​ចំណែក​ដល់​ការ​កសាង​សហគមន៍​វាសនា​រួម​នៃ​សន្តិភាព វិបុលភាព និង ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់​បណ្ដា​ប្រទេសMLCទាំងអស់។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា សកម្មភាព​នេះ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន​ក្នុង​ការ​ដាក់ខ្លួន​ជា​តួអង្គ​ដែល​មាន​ទំនួលខុសត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ ដែល​ជា​ចំណាត់​ការ​កំពុង​ទទួល​បាន​ភាព​វិជ្ជមាន​ពី​ប្រទេស​នៅ​តំបន់​មេគង្គ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។ ជំនួយ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​តាម​រយៈ​មូលនិធិ​ពិសេស​នេះ​នឹង​ពិត​ជា​រួមចំណែក​ក្នុង​ការ​ជំរុញ​វិស័យ​សំខាន់ៗ​ដូចជា ទេសចរណ៍ កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា។

លោក​បន្ត​ថា ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​តំបន់​មេគង្គ​មិន​ត្រឹមតែ​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ពង្រឹង​អំណាច​ទន់​របស់​ខ្លួន​នៅ​ក្នុង​អាស៊ាន​ផង​ដែរ។ តាម​រយៈ​ការ​ជំរុញ​ទស្សន​វិជ្ជមាន​នៅ​ក្នុង​ទន្លេ​មេគង្គ ប្រទេស​ចិន​បាន​ពង្រឹង​រូបភាព​របស់​ខ្លួន​នៅ​ទូទាំង​អាស៊ី​អាគ្នេយ៍ ដែល​អាច​ផ្តល់​ប្រយោជន៍​នៅ​ពេល​ដោះស្រាយ​បញ្ហា​ដែល​មាន​ជម្លោះ​កាន់តែ​ច្រើន ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។

លោក ប៊ុនលី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​៤ កញ្ញា ថា៖ «ដូច្នេះ ការ​ដាំដុះ​សុច្ឆន្ទៈ​ក្នុង​តំបន់​មេគង្គ អាច​ជំរុញ​ដោយ​ប្រយោល​នូវ​ជំហរ​ការទូត​របស់​ចិន​នៅ​ក្នុង​អាស៊ាន ដោយ​ផ្តល់​នូវ​ឥទ្ធិពល​ និង​សក្ដានុពល​ក្នុង​តំបន់​ឱ្យ​កាន់តែ​ទូលំទូលាយ។ មូលនិធិ​ពិសេស​នេះ នឹង​ពង្រឹង​ឥទ្ធិពល​របស់​ចិន​បន្ថែម​ទៀត​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ។ ប្រសិន​បើ​ទីក្រុង​ប៉េកាំង​បន្ត​រក្សា​និរន្តរភាព និង​ទាញ​យក​ប្រយោជន៍​ពី​សន្ទុះ​នេះ ការ​យល់ឃើញ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អាច​ទំនង​នឹង​លំអៀង​ទៅ​រក​ប្រទេស​ចិន​កាន់តែ​ខ្លាំង​លើ​មហាអំណាច​ពិភពលោក​ផ្សេងទៀត​ដែល​នៅ​ក្នុង​តំបន់​តែ​មួយ»។ 

អ្នក​វិភាគ​រូប​នេះ​​ពន្យល់​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​ផ្ទុយគ្នា​កើតឡើង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​របស់​ចិន។ ខណៈ​ពេល​ដែល​នៅ​ក្នុង​ទន្លេ​មេគង្គ ប្រទេស​ចិន​បាន​បង្ហាញ​នូវ​រូបភាព​ដែល​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ដោយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សន្ទនា និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​អភិវឌ្ឍន៍​យ៉ាង​ច្រើន។ ឥរិយាបថ​របស់​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​មាន​រូបភាព​ខុសគ្នា​ស្រលះ។ 

លោក ប៊ុនលី បន្ថែម​ថា តាម​ទស្សនៈ​របស់​ប្រទេស​ដូចជា​ហ្វីលីពីន និង​វៀតណាម សកម្មភាព​របស់​ចិន​ក្នុង​តំបន់​ដែនសមុទ្រ​នោះ​ហាក់​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ខ្លាំង។ ទោះ​បី​ជា​វិធីសាស្ត្រ​ពីរ​នេះ​អាច​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​ចិន​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ ប៉ុន្តែ​ភាព​ជោគជ័យ​រយៈពេល​វែង​គឺ​ពឹង​ផ្អែក​លើ​ការ​ធានា​ថា​រដ្ឋ​សមាជិក​អាស៊ាន​មាន​ការ​យល់ឃើញ​ល្អ​រួមគ្នា​ចំពោះ​​ចិន​មិន​ត្រឹមតែ​នៅ​ក្នុង​ទន្លេ​មេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទូទាំង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​ដ៏​ទូលំទូលាយ។ 

លោក​ថ្លែង​ថា៖ «ការ​សម្រេច​បាន​នូវ​ភាព​ស៊ីចង្វាក់​គ្នា​បែប​នេះ គឺ​ជា​រឿង​សំខាន់​សម្រាប់​ចិន ដែល​ជា​ប្រយោជន៍​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល​វែង»។

ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃទី៨ សីហា ​ថា ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង វិនពីន នៅថ្ងៃដដែលនេះ​ លោក សុខ ចិន្តាសោភា បាន​បញ្ជាក់​ពីការ​​ត្រៀម​សហការ​ជិតស្និទ្ធរបស់​ក្រសួង​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​ចិន​ដើម្បី​រួម​ចំណែក​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-ចិន​បន្ថែម​ទៀត។ 

ក្រសួង​បញ្ជាក់​​ថា៖ [ភាគី​ទាំងពីរ] បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​ឥត​ឈប់ឈរ​នៃ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដែល​គ្របដណ្ដប់​ស្ទើរ​គ្រប់​វិស័យ»។ 

ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង​មិត្តភាព​ដែកថែប និង​ការ​ធ្វើឱ្យ​កាន់តែ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ដើម្បី​រួម​ចំណែក​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកប​ដោយ​គុណភាព​ខ្ពស់​កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់៕