ភ្នំពេញៈ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គនឹងត្រូវពិនិត្យអនុម័ត ក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (EMM-6) នាសប្តាហ៍ក្រោយនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញានេះនឹងមានការចូលរួមពី ប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេស និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្រុមប្រតិភូធ្វើការពិនិត្យ និងពិភាក្សាលើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ ការសម្រេចឱ្យបានពេញលេញ នូវចក្ខុវិស័យនៃមហាអនុតំបន់មេគង្គប្រកបដោយភាពស្អាត បៃតង និងចីរភាព ឆ្ពោះទៅរកការកសាងសហគមន៍នៃតំបន់មួយដែលមានអនាគតរួមគ្នាដ៏ភ្លឺស្វាង។ នេះបើយោងតាមសេចក្កីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។
ក្រសួងបញ្ជាក់ថា៖«ក្នុងការអនុវត្តកិច្ចគាំពារបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមនិន្នាការ សកល ក្នុងការបន្សំា នឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ការបំពុលបរិស្ថានដោយប្លាស្ទិក កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងពិនិត្យអនុម័តលើ សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលដោយប្លាស្ទិកក្នុងមហាអនុតំបន់មេគង្គ»។
ក្រៅពីនោះ សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពន្លឿនសកម្មភាពអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ក្នុងមហាអនុតំបន់មេគង្គ២០៣០ ក៏នឹងត្រូវពិនិត្យអនុម័តផងដែរ។
ក្រសួងក៏បានឱ្យដឹងផងដែរថា កិច្ចប្រជុំនេះ ក៏មានការតាំងបង្ហាញសមិទ្ធផលនានា ដែលចូលរួមចំណែកដល់ប្រសិទ្ធភាពក្នុង ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និង អង្គការដៃគូសហការនានាផងដែរ។
លោកហេង គឹមហុង ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាបានសង្កេតឃើញថា នៅក្នុងមហាអនុតំបន់មេគង្គកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបង្កការព្រួយបារម្ភចំពោះបរិស្ថាន។ ក្នុងនោះរួមមាន ការកសាងទំនប់វារីអគ្គិសនី ការកាប់បំផ្លាញព្រៃឈើ ការធ្វើជាជីវកម្មរ៉ែដែលមិនសមស្រប និងការគ្រប់គ្រងរួមនៃទន្លេមេគង្គជាដើម។
លោកថ្លែងដូច្នេះថា៖«នៅក្នុងកិច្ចប្រជុំនេះ ក្រសួងបរិស្ថានគួរតែលើកយកបញ្ហាទាំងអស់នេះមកជជែក រួមទាំងបញ្ហាសុខមាលភាពអភិបាលកិច្ចទឹក ការបូមខ្សាច់ និងសកម្មភាពផ្សេងៗទៀត ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធបរិស្ថាននៅក្នុងតំបន់ទន្លេមេគង្គ»។
លោកបន្ថែមថា បណ្តារដ្ឋមន្រ្តីតំបន់ទន្លេមេគង្គគួរតែពិភាក្សាគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅរកវិធានការរួមមួយក្នុងការទប់ស្កាត់បញ្ហាទាំងនោះ ក៏ដូចជាធានាបាននូវសុខមាលភាពទឹកទន្លេមេគង្គល្អ។
កិច្ចប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន មហាអនុតំបន់មេគង្គត្រូវបានធ្វើឡើងក្នុងទីក្រុងឈៀងម៉ៃ ប្រទេសប្រទេសថៃកាលពីឆ្នាំ២០១៨។
កិច្ចប្រជុំនេះបានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីបរិស្ថាន នៃប្រទេសមហាអនុតំបន់មេគង្គ ទៅលើការងារ ដែលប្រទេសទាំងអស់ នៃមហាអនុតំបន់សម្រេចបានតាមរយៈការអនុវត្តកម្មវិធីបរិស្ថានស្នូល និងក្របខណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាព ឆ្នាំ២០១៨-២០២២ ដែលមានគម្រោង ៦សំខាន់ៗ សម្រាប់អនុវត្តន៍នៅដំណាក់កាលទី ៣នៃកម្មវិធីបរិស្ថានស្នូល។
អង្គប្រជុំបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសមហាអនុតំបន់មេគង្គ និងភាគឹពាក់ព័ន្ធ ទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការគ្រប់គ្រង និងធនធានធម្មជាតិ និង ការពង្រឹងសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមក្រសួងបរិស្ថាន។
ក្រុមប្រទេស នៃមហាអនុតំបន់មេគង្គរួមមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម៕