ភ្នំពេញៈ ប៉ុស្តិ៍ឆ្មាំបណ្តែតមួយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅក្នុងរដូវទឹកស្រកខាងមុខនេះ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការងារអភិរក្សសត្វផ្សោតទន្លេមេងគង្គក្នុងខេត្តក្រចេះ។ នេះបើយោងតាម លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក អ៊ុក វិបុល បានឱ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការងារអភិរក្សសត្វផ្សោត ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកំពុងតែត្រូវបានសាងសង់ឡើង ជាពិសេសគឺ ប៉ុស្តិ៍បណ្តែទឹក សម្រាប់ឆ្មាំទន្លេ និងពោងបណ្តែតទឹកសម្រាប់កំណត់ទីតាំង។ ការសាងសង់ប៉ុស្តិ៍បណ្តែតទឹកនេះ គឺបន្ថែមទៅលើប៉ុស្តិ៍ល្បាតនៅលើគោក ដែលឆ្មាំទន្លេត្រូវជិះកាណូត ដើម្បីល្បាតការពារសត្វផ្សោតនៅលើផ្ទៃទឹកដ៏ធំ។
លោកបញ្ជាក់ថា៖ «អញ្ជឹងហើយ យើងត្រូវធ្វើបន្ថែមនូវប៉ុស្តិ៍បណ្តែតទឹក ដើម្បីយើងអាចងាយស្រួល អូសទៅដាក់នៅតាមទីតាំងកណ្តាល ឬក៏តាមកោះ ដែលងាយស្រួលតាមដានការប្រើប្រាស់ឧបករណ៍ពុំអនុញ្ញាតហ្នឹងប្របកដោយប្រសិទ្ធភាពថែមទៀត»។
លោកបន្ថែមថា នាពេលបច្ចុប្បន្ននេះ ប៉ុស្តិ៍បណ្តែតមួយត្រូវបានសាងសង់រួចរាល់ ហើយនៅពេលទឹកស្រក ក្រុមការងារនឹងយកប៉ុស្តិ៍នោះទៅដាក់ប្រើប្រាស់ ជាពិសេសគឺនៅតំបន់កាំពី។
ប៉ុស្តិ៍បណ្តែតនេះ ផ្នែកខាងក្រោមធ្វើឡើងពីសាឡង់មួយ ដែលចងអមដោយដើមឫស្សីជាច្រើន ដើម្បីទ្រលំនឹងផ្ទះ ហើយតួផ្ទះវិញ សាងសង់ដោយប្រើឈើប្រក់ស័ង្កសី។ ប៉ុស្តិ៍អណ្តែតទឹកមួយទៀតក៏នឹងត្រូវសាងសង់ឡើងផងដែរ នៅឆ្នាំ ២០២៥ខាងមុខ ដើម្បីយកទៅប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង។
ក្រសួងកសិកម្ម បានឱ្យដឹងថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់ ១០៥ក្បាលគិតត្រឹមខែមិថុនាឆ្នាំ ២០២៤ នេះ ដែលរួមទាំងកូនផ្សោតដែលកើតថ្មីចំនួន ៨ក្បាលផងដែរ។ ទោះយ៉ាងណា ផ្សោត ៣ក្បាលបានងាប់ទៅវិញ ដែលក្នុងនោះផ្សោតញីជំទង់មួយក្បាលបានងាប់ កាលពីខែសីហាកន្លងមក នៅក្បែរអន្លង់កាំពី ក្នុងភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយសារជាប់នឹងមងនេសាទក្រឡា ១៥សង់ទីម៉ែត្រ។
ក្រោយពីមានការស្លាប់ដោយជាប់មងនេសាទខុសច្បាប់នេះ ក្រុមការងាររបស់ក្រសួងកសិកម្មបានជួបប្រជុំពិភាក្សា ជាមួយមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះនិងឆ្មាំទន្លេចំនួន ៤៤រូបកាលពីសប្តាហ៍មុន ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានលើកឡើងក្នុងឱកាសនោះថា បើទោះបីឆ្មាំទន្លេបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបំពេញការងារដោយមិនខ្លាចការនឿយហត់ និងឆ្លាស់វេនគ្នាការពារ និងទប់ស្កាត់បទល្មើសនេសាទ ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ថ្ងៃ យ៉ាងណាក៏ដោយ ក៏ ការនេសាទដោយប្រើមងក្រឡាធំ និងឧបករណ៍ឆក់នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែមានដែលអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។
លោក អ៊ុក វិបុល ដែលបានចូលរួមក្នុងជំនួបនោះក៏បានឱ្យដឹងផងដែរថា កិច្ចពិភាក្សានោះក៏ដើម្បីស្វែងយល់ពីការលំបាករបស់ឆ្មាំទន្លេ ក្នុងការងារទប់ស្កាត់បទល្មើសហើយស្វែងរកដំណោះស្រាយជូនពួកគាត់ផងដែរ។
លោកមានប្រសាសន៍ថា ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់នៅតែកើតមានឡើង ដោយសារតែពលរដ្ឋមួយចំនួនលួចធ្វើសកម្មភាពពេលយប់។ លើសពីនោះ មងដែលពួកគេលួចដាក់គឺពុំមានប្រើកំសួល ហើយដាក់លិចទៅក្នុងទឹក ដែលមិនអាចមើលឃើញបាននោះទេ។
លោកថ្លែងដូច្នេះថា៖ «ភាគច្រើនលួចដាក់យប់ អញ្ជឹងយើងត្រូវប្រើវិធានការ ២៤ម៉ោងលើ ២៤ម៉ោងនៅតាមចំណុចស្នូល ជាពិសេស តំបន់កាំពីដែលមានផ្សោតច្រើនជាងគេ។ ជនប្រព្រឹត្តប្រើមងដាក់ពន្លិចក្នុងទឹកមិនឱ្យឃើញទេ ទាល់តែឆ្មាំយើងប្រើចង្វារខ្វារវាមកបានដោយ»។
លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះបានលើកឡើងថា អាជ្ញាធរ ក៏ដូចជាឆ្មាំទន្លេនៅតែបន្តការងារអភិរក្សសត្វផ្សោត។ ប៉ុន្តែជនមួយចំនួនតែងតែឆក់យកឱកាសប្រព្រឹត្តបទល្មើស ជាពិសេស នៅទីតំាងភូមិសាស្រ្ត ដែលមានភាពស្មុគស្មាញនិងមានថ្មច្រើនជាដើម៕