លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដែល​ធ្លាប់​បាន​ដឹកនាំ​ការ​ស្វែង​រក​សន្តិភាព​នៅ​កម្ពុជា​តាម​រយៈ​នយោបាយ​ឈ្នះ-ឈ្នះ ​បាន​លើក​ឡើង​ថា ការ​ចរចា​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន មិន​គួរ​រង់ចាំ​រហូត​ដល់​អ៊ុយក្រែន​មាន​ប្រៀប​លើ​រុស្ស៊ី​នោះ​ទេ ព្រោះ​សេណារីយ៉ូ​នេះ​ប្រហែល​មិន​អាច​កើត​មាន​ទេ​ក្នុង​រយៈ​ពេល​រាប​សិប​ឆ្នាំ​ទៅ​មុខ។

នៅ​ក្នុង​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​មករា នេះ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា មុន​ពេល​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី២០ ខែ​មករា​ ខាង​មុខ​នេះ មាន​ការ​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​លោក​ ត្រាំ ក្នុង​ការ​ចរចា​សន្តិភាព​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន។

ប៉ុន្តែ ប្រមុខ​ណាតូ (NATO) កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ថា អ៊ុយក្រែន​មិន​ទាន់​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ចរចា​សន្តិភាព​ជាមួយ​រុស្ស៊ី​ទេ ដែល​មាន​ន័យ​ថា ការ​ចរចា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី មិន​អាច​ធ្វើ​បាន​ទេ ខណៈ​ពេល​ដែល​អ៊ុយក្រែន​កំពុង​ចាញ់​ប្រៀប​រុស្ស៊ី។ ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​លោក ហ៊ុន សែន ​បាន​ចោទ​ជា​សំណួរ​ថា តើ​ត្រូវ​រង់ចាំ​រហូត​ដល់​អ៊ុយក្រែន​មាន​ប្រៀប​លើ​រុស្ស៊ី ទើប​ចរចា ឬ​ត្រូវ​ចរចា​ផង ប្រយុទ្ធ​ផង។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ ប្រសិន​រង់ចាំ​យក​ប្រៀប​លើ​សមរភូមិ​ទើប​ចរចា ត្រូវ​រង់ចាំ​រាប់​សិប​ឆ្នាំ​ទៀត ​ដែល​ជា​ការ​អូស​បន្លាយ​ការ​ស្លាប់ និង​ការ​ឈឺ​ចាប់​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ។ គ្មាន​ពេល​ដែល​អ៊ុយក្រែន យក​ប្រៀប​លើ​សមរភូមិ​យោធា​បាន​ទេ​ កុំ​ថា​ឡើយ​អ៊ុយក្រែន​នៅ​ម្នាក់​ឯង ទោះ​អ៊ុយក្រែន​ចូល​ជា​សមាជិក ​NATO​ ឬ​ជា​សមាជិក ​EU​ ថែម​ទៀត​ក៏​សភាពការណ៍​វា​នៅ​តែ​ប៉ុណ្ណឹង»។

លោក​បន្ត​ថា កាល​ពី​កន្លង​ទៅ ​ NATO និង​ EU ក៏ដូចជា​សហរដ្ឋ​អាមេរិក​បាន​ចូលរួម​ប្រយុទ្ធ​រួច​ទៅ​ហើយ ​តាម​រយៈ​ការ​ផ្តល់​អាវុធ​គ្រប់​ប្រភេទ ហិរញ្ញវត្ថុ​និង​ភស្តុភារ​ ក៏ដូចជា​នយោបាយ និង​ការទូត ដើម្បី​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី តែ​សភាព​ការ​កាន់​តែ​អាក្រក់ មិន​គ្រាន់​តែ​នៅ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នៅ​អឺរ៉ុប​ខ្លួន​ឯង និង​ពិភពលោក​ ដោយសារ​តែ​អាវុធ​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​រុស្ស៊ី។ លោក​ថា នយោបាយ​ទណ្ឌកម្ម​នេះ​ប្រៀប​ដូចជា ​ច្របាច់ក​រុស្ស៊ី លៀន​អណ្តាត​អឺរ៉ុប​ខ្លួន​ឯង។

លោក​ថ្លែង​ថា៖ «បទពិសោធន៍​ដែល​កម្ពុជា​បាន​ឆ្លង​កាត់ គឺ​ចរចា​កាន់​តែ​ឆាប់​កាន់​តែ​ល្អ ទោះ​ចរចា​ផង​ វាយ​ផង ​ក៏​គ្រាន់​បើ​ជាង​ការ​វាយ​គ្នា​តែ​មួយ​មុខ។ មិត្តភក្តិ​បរទេស​គួរ​លើក​ទឹក​ចិត្ត ឲ្យ​ចរចា​ជាជាង​រារាំង​ការចរចា និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រយុទ្ធ​គ្នា​គ្មាន​ទី​បញ្ចប់»។

ដោយ​លើក​ពី​បទពិសោធន៍​របស់​កម្ពុជា លោក ហ៊ុន ថ្លែង​ថា ​ការ​ស្វែង​រក​សន្តិភាព​និង​រក្សា​សន្តិភាព គឺ​ស្ថិត​លើ​កម្ពុជា​ខ្លួន​ឯង បរទេស​មិន​អាច​មក​សម្រេច​ជំនួស​ខ្លួន​បាន​ឡើយ។ សម្រាប់​ករណី​អ៊ុយក្រែន លោក​ថា មាន​តែ​មេដឹកនាំ​អ៊ុយក្រែន​ប៉ុណ្ណោះ ដែល​អាច​សម្រេច​ចិត្ត​បាន​ថា​តើ​គួរ​ចរចា ឬ​មិន​ចរចា​ ហើយ​មិន​មែន​ប្រមុខ​ណាតូ ឬ​ប្រទេស​ផ្សេង​ឡើយ​ដែល​ជា​អ្នក​សម្រេច​ចិត្ត។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា វា​ជា​ការ​ពិត​ដែល​ថា មាន​តែ​ការចរចា​ទេ​ដែល​អាច​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន ហើយ​លោក​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន។ លោក​ថា បទ​ពិសោធន៍​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​មិន​រង់​ចាំ​អ្នក​ខាង​ក្រៅ​មក​ផ្ដួច​ផ្ដើម​ ឬ​ទាល់​តែ​មាន​ប្រៀប​លើ​ភាគី​ម្ខាង​ទើប​ធ្វើ​ការ​ចរចា។

លោក​ថា៖ «នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា បើសិន​ជា​អ្នក​ខាង​ក្នុង​មិន​ចាប់​ផ្ដើម​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ ហើយ​បែរ​ជា​រង់ចាំ​អ្នក​ខាង​ក្រៅ នោះ​មិន​អាច​ទៅ​រួច​ទេ។ អ្នក​ខាង​ក្រៅ​រង់ចាំ​ឱកាស​ទទួល​បាន​ចំណេញ​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច​ទើប​គេ​ជួយ យ៉ាង​ហោច​ណាស់​គឺ​គេ​ចំណេញ​លើ​យុទ្ធសាស្ត្រ​នយោបាយ។ ដូច្នេះ អ៊ុយក្រែន​គួរ​ចាប់​ផ្ដើម​ការ​ចរចា​ដោយ​មិន​បាច់​រង់ចាំ​ទៀត​ទេ»។

សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន មាន​រយៈ​ពេល​ជិត ៣​ឆ្នាំ បន្ទាប់​ពី​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២៕