
លោក ពៅ នេពីន (ឆ្វេងលើ) និងលោក អឿន ចាន់ដារ៉ា បុគ្គលិកដោះមីនរបស់ CMAC ដែលបានស្លាប់ក្នុងការផ្ទុះមីនតោននៅព្រឹកថ្ងៃទី១៦ ខែមករា នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ CMAA
បុគ្គលិកបោកសម្អាតមីនពីនាក់បានស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះមីនតោន នៅព្រឹកថ្ងៃទី១៦ ខែមករា នេះនៅក្នុងចម្ការមីនលេខ BS/CMAA/37102 ស្ថិតក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អាជ្ញាធរមីនបានឲ្យដឹងថា មន្ត្រីដោះមីនទាំងពីររូបមានឈ្មោះ ពៅ នេពីន អត្តលេខៈ៩៣៦៤៨៦ និងឈ្មោះ អឿន ចាន់ដារ៉ា អត្តលេខៈ៩៣៦៤៩៣។ ពួកស្ថិតនៅក្នុងកងឯកភាពកំចាត់មីនទី១។ ពួកគេបានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងហេតុការណ៍ផ្ទុះមីនតោន ក្នុងពេលកំពុងបំពេញប្រតិបត្តិការ ចាក់ និងកាយ ក្នុងចម្ការមីន ដែលបានកើតឡើងនៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករានេះ។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៃសពអ្នកបោសសម្អាតមីនដែលបានពលីក្នុងប្រតិបត្តិការបោសសម្អាតមីននេះ។
លោកថ្លែងថា៖ «ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួល ដំណឹងអំពីពលិកម្មរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ»។
ថ្លែងក្នុងនាមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក លី ធុជ បន្តថា៖ «ការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន»។
លោក ឡាង កុសល មន្ត្រីព័ត៌មាននៅអាជ្ញាធរមីនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីតាំងចម្ការមីននេះត្រូវបានសិក្សាស្រាវជ្រាវដោយប្រតិបត្តិករស្រាវជ្រាវ HALO Trush ហើយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) គឺជាប្រតិបត្តិករបោសសម្អាត។
លោកថា ចម្ការមីននេះ ពីមុនជាផ្លូវចាស់ ដែលកងទ័ពខ្មែរក្រហមបានដាក់មីន នៅរាយប៉ាយ ហើយនៅខាងកើតចម្ការមីននេះប្រហែលជា ២៥០ម៉ែត្រ ធ្លាប់មានការផ្ទុះឡាន ១គ្រឿង ស្លាប់មនុស្ស ២នាក់ឆ្នាំ១៩៨៥ ដែលចំនិងខ្សែផ្លូវចាស់នេះ។ ចម្ការមីននេះលិចទឹក ៧០ភាគរយនៅរដូវវស្សា។
លោកបន្តថា អ្នកភូមិ២៧នាក់កំពុងធ្វើកសិកម្មនៅលើផ្លូវចាស់នេះ ហើយពួកគាត់ប្រឈមនិងគ្រោះថ្នាក់ និងបានស្នើសុំអង្គការបោសសម្អាតមីននានា ជួយបោសសម្អាតឲ្យពួកគាត់៕