ព្រះវិហារៈ ផ្ទៃដីព្រៃប្រមាណជា​៣០ភាគរយ នៃឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន​ឫស្សី​ត្រឹប ​ដែល​មាន​ទំហំ​ជាង ១ម៉ឺន​ហិកតា ស្ថិត​ក្នុង​ស្រុកឆែប ត្រូវបានភ្លើងឆេះ ដែលបានបំផ្លាញសត្វព្រៃ និងដើមឈើរាប់សិបដើម។

លោកសូត្រ សំណាង ប្រធានឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹបបានឱ្យដឹងថា នៅក្នុងដើមរដូវប្រាំងឆ្នាំនេះ ដីព្រៃប្រមាណជា២០ ទៅ​៣០ភាគរយ នៃឧទ្យានត្រូវបានភ្លើងឆេះ គិតត្រឹមដើមសប្តាហ៍នេះ​។ ការឆេះនេះ គឺបណ្តាលមកពីសកម្មភាពរបស់មនុស្សមួយចំនួនតូច ដែលជាប្រជាពលរដ្ឋរស់នៅជុំវិញតំ​បន់​នោះ។ 

លោកបញ្ជាក់ថា៖«ជាទំហំបើស្មានទៅ ប្រហែលជា ២០​ទៅ​៣០ភាគរយ នៃផ្ទដីឧទ្យាន បានឆេះ។ វាឆេះច្រើន កន្លែង។​ រដូវប្រាំងនេះវាហួតហែង ក្តៅខ្លាំង តែមូលហេតុដែលសំខាន់ជាងហ្នឹងគឺឆេះដោយសារតែមនុស្សហ្នឹងឯង។ បើនិយាយឱ្យចំគឺអ្នកភូមិហ្នឹងតែម្តង»។ 

លោកបានបន្តថា ជាទំលាប់នៅក្នុងរដូវប្រាំង ពេលចូលទៅឃ្វាលគោ ឬ រកអនុផល​​ព្រៃឈើ អ្នកភូមិខ្លះបានដុតព្រៃ ដើម្បីចាប់ ឬបរបាញ់សត្វព្រៃ ដូចជាអណ្តើក ត្រកួត អន្សង និងទន្សាយជាដើម។

លោកថ្លែងដូច្នេះថា៖«គាត់ដុតដើម្បីដេញចាប់សត្វហ្នឹង។ វិនាសកម្ម គឺព្រៃឈើហ្នឹងឯង ជីវចម្រុះសត្វគ្រប់ប្រភេទ ជាពិសេសពពួកសត្វល្មូន វារត់មិនរួចពីភ្លើងទេ។ ឈើដែលដួលក្នុងរដូវស្សា ហើយបំណែកខ្លះនៃជនល្មើសលួចកាប់ វាឆេះចោលអស់ដែរ។ យើងស្តាយអាហ្នឹងណាស់»។

លោកបានឱ្យដឹងថា សហគមន៍ចំនួន១៦កំពុងតែរស់នៅជុំវិញឧទ្យាននេះ ហើយក៏មានការចុះទៅអប់រំ ផ្សព្វផ្សាយ និងណែនាំពីការងារអភិរក្សព្រៃឈើដល់ពួកគាត់ជាប្រចាំផងដែរ។

ទោះយ៉ាងណា លោកសង្កេតឃើញថាពួកគាត់ខ្លះនៅតែបន្តប្រព្រឹត្តបទល្មើសដុតព្រៃ ដើម្បីចាប់សត្វ និងទន្រ្ទានយកដីព្រៃជាដើម។ 

ទន្ទឹមនឹងនោះ ក៏មានប្រជាសហគមន៍ចូលរួមអភិរក្ស និងចូលទៅប្រមូលផល អនុផលព្រៃឈើដោយស្របច្បាប់ផងដែរ។ អនុផលព្រៃឈើទាំងនោះមានដូចជា ផ្សិត ជ័រចុង ទំពាំង វល្លិ៍ រំពាក់ ផ្តៅ ឫស្សី ផ្លែឈើចម្រុះ ជាដើម។ 

លោកបានអំពាវនាវថា៖«សូមឱ្យបញ្ឈប់ ហើយគិតផលប្រយោជន៍កូនចៅជំនាន់ក្រោយវិញ។ គាត់គិតផលប្រយោជន៍ចំពោះមុខ បន្តិចបន្តួចពីសត្វ១ក្បាល ២ក្បាលហ្នឹង តែបែរជាបំផ្លាញព្រៃទាំងមូល និងអនុផលព្រៃឈើដែលជាជម្រករបស់សត្វគ្រប់ប្រភេទ។ ប្រសិនបើយើងអាចថែរក្សាព្រៃឈើ និងអនុផលព្រៃឈើបាន គឺក្នុង១ឆ្នាំ អាចប្រមូលផលមិនក្រោមពី២០​​​ទៅ​៣០ម៉ឺនដុល្លារនោះទេ»។ 

កាលពីឆ្នាំ២០២៤កន្លងមក ក៏មានភ្លើងឆេះព្រៃក្នុងតំបន់ឧទ្យាននេះផងដែរ ដែលបានធ្វើឱ្យប៉ះពាល់ និងបាត់បង់ទ្រង់ទ្រាយដើម នៃឡស្លដែកបុរាណផងដែរ។

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោកសុខ ទូចបានថត និងបង្ហោះវីដេអូពីភ្លើងឆេះព្រៃនេះផងដែរ។ លោកបានលើកឡើងថា ការលួចដុតនេះបានកើតឡើងរាល់ឆ្នាំ បើទោះបីជាមានការប្តឹងទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីសុំអន្តរាគមន៍យ៉ាងណាក៏ដោយ។

លោកបញ្ជាក់ថា៖«បើយើងដាំកូនឈើ ក៏អត់រស់ដែរ ដោយសារតែរាល់ឆ្នាំគាត់ដុត ឆេះខ្ទិច គ្មានសល់អីទេ។ ទី១ គាត់ដុត ទី២ គាត់រានយកដីហ្នឹងតែម្តង ទោះបីកូនឈើហ្នឹង យើងជួលគាត់មកដាំក៏ដោយ...ពេលដុតឆេះស្អាតអញ្ជឹងទៅ គាត់ស្រួលដើរឆ្លុះបាញ់សត្វ ដាក់អន្ទាក់»។ 

លោកបានឱ្យដឹងថា លោកបានពិភាក្សាជាមួយក្រសួងបរិស្ថាន ក្នុងការបង្កើតកិច្ចសហការណ៍គ្នា ដើម្បីទប់ស្កាត់បទល្មើស និងរួមគ្នាអភិរក្សតំបន់នេះ ទុកសម្រាប់មនុស្សជំនាន់ក្រោយ។

ក្រសួងបរិស្ថានក៏បានចេញសេចក្តីណែនាំពីបញ្ហាភ្លើងឆេះព្រៃនេះ ហើយថែមទាំងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណា ដែលបានកាប់រុករាន ដុតព្រៃ និងកាន់កាប់ដីព្រៃឈើ ដែលឆេះ ដោយអនាធិបតេយ្យ ដែលផ្ទុយនិងច្បាប់ និងបទបញ្ជានានារបស់រដ្ឋាភិបាល។ 

បើតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងជំពូកទី៣ មាត្រា៨៤៩ ត្រង់ចំណុច(ខ) ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះដីមមោក ត្រូវផ្តន្ទាទោសដាក់ពន្ធ ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន រៀល ទៅ ១០០លានរៀលផងដែរ។

ចំពោះមាត្រា៨៥១ ត្រង់ចំណុច (គ) បានចែងថា បង្កឱ្យមានភ្លើង ឆេះព្រៃ ឬភ្លើងឆេះដើមមោកដោយ ចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ ចំពោះបុគ្គលដែលបានប្រព្រឹត្ត។

លើសពីនោះ មាត្រា៤៣ នៃអនុក្រឹត្យលេខចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំ​ណល់រឹងទីប្រជុំជនចែងថា បុគ្គលដែលដុតសំរាម សំណល់រឹងទីប្រជុំជននៅលើទី សាធារណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុកហាមឃាត់ ត្រូវទទួល ការពិន័យជា ប្រាក់ពី ៥ម៉ឺនរៀល ដល់១លានរៀល និងត្រូវទទួល ខុសត្រូវ លើការប្រមូល សំអាត និងដឹកចេញយកទៅទីលាននោះផងដែរ៕