អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កំពុង​ចាត់​វិធានការ​ទៅ​លើ​ការ​លើក​ឡើង និង​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ ដែល​ស្ថាប័ន​នេះ​យល់​ឃើញ​ថា​ «មាន​ចេតនា​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ» ពាក់​ព័ន្ធ​នឹង​ករណី​អំពើ​ពុក​រលួយ​មួយ​នៅ​ខេត្ត​កំពង់​ធំ។

យោង​តាម​លិខិត​កោះ​ហៅ​ដែល ACU បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ទី​ថ្ងៃ​ទី៣ ខែ​មករា​នេះ ក្នុង​ចំណោម​មនុស្ស​មនុស្ស​ ៤ នាក់​ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ​នេះ​ រួម​មាន ​អ្នកស្រី ប៉ិច ឆេងអ៊ីម ភរិយា ជន​ជាប់​ចោទ​ឈ្មោះ ហេ គឿន ក្នុង​សំណុំ​រឿង​ពុក​រលួយ និង​ឈ្មោះ​ សុខ គន្ធា ដែល​ជា​កូនស្រី​របស់​លោក​ ហេ គឿន។

ចំណែក​មនុស្ស​ ២ នាក់​ទៀត គឺជា​អ្នក​កាសែត​អនឡាញ​ ដែល​បាន​ទៅ​សម្ភាស​អ្នកស្រី ប៉ិច ឆេងអ៊ីម អ្នក​អ្នកស្រី​ សុខ គន្ធា កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា ពាក់​ព័ន្ធ​នឹង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​វិធានការ​របស់​ ACU លើ​លោក ហេ គឿន ដែល​ជា​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ក្រុង​ស្ទឹង​សែន។ អ្នក​កាសែត​ទាំង​ពីរ​រួប​នេះ​រួម​មាន លោក គង់ កាន នៃ​សារព័ត៌មាន​​អនឡាញ Kong Kan TV និង​ឈ្មោះ ​លោក ហ៊ុយ ឧត្តម មក​ពី​សារព័ត៌មាន​ Oudom TV។

ដើម​ហេតុ​នៃ​ការ​កោះ​ហៅ​មក​បំភ្លឺ​នេះ ដោយសារ​តែ​អ្នក​ស្រី ប៉ិច ឆេងអ៊ីម បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​ខាង​លើ​ ដែល​មាន​រយៈ​ពេល​ជាង ១២ ​នាទី ដែល​នៅ​ក្នុង​ការ​សម្ភាស​នេះ អ្នកស្រី​លើក​ឡើង​ថា ACU បាន​ឃុំ​ប្ដី​អ្នកស្រី «៦ខែ» ​ហើយ ដោយ​គ្មាន​ដំណោះ​ស្រាយ ដោយ​ចោទ​ថា លោក ហេ គឿន បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​រឿង​ដី​បឹង​ទន្លេសាប​តំបន់​៣ ហើយ​ទួល​បាន​​ប្រាក់ ៣៨ ម៉ឺន​ដុល្លារ។ អ្នកស្រី​ថ្លែង​ថា ប្ដី​អ្នក​ស្រី​មិន​បាន​ទទួល​អ្វី​ទេ។

បើ​តាម​អ្នកស្រី ប៉ិច ឆេងអ៊ីម ប្ដី​របស់​អ្នកស្រី​បាន​ធ្វើ​តាម​ការ​បញ្ជា​របស់​មនុស្ស​ដែល​មាន​អំណាច​ពី​លើ​គាត់​ក្នុង​ការ​ចុះ​កាត់​ឆ្វៀល​ដី​តំបន់​៣ នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​កំពង់​ធំ។ អ្នកស្រី​បន្ត​ថា មេ​របស់​លោក ហេ គឿន ដែល​ជា​អ្នក​បញ្ជា​មាន​តួនាទី​នៅ​ក្នុង​អង្គភាព​ខេត្ត​កំពង់​ធំ ដែល​អ្នកស្រី​មិន​អាច​បញ្ចេញ​ឈ្មោះ។

អ្នកស្រី​បន្ត​ថា ​មាន​ឧកញ៉ា​ពីរ​រូប​ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ ដែល​អ្នកស្រី​មិន​អាច​បញ្ចេញ​ឈ្មោះ​បាន។ ថៅកែ​ដី​ធំៗ​ទាំង​ពីរ​នេះ​ធ្លាប់​មាន​ជម្លោះ ហើយ​ឲ្យ​ប្ដី​អ្នកស្រី​ទៅ​សម្រប​សម្រួល ហើយ​ភាគី​ម្ខាង​នៃ​គូ​ជម្លោះ​នេះ​បាន​ជោគជ័យ។ អ្នកស្រី​យល់​ថា ដោយសារ​ជម្លោះ​នេះ ប្ដី​អ្នកស្រី​ ត្រូវ​«គេ​គុំ​ធ្វើ​ស៊ី»។

លោក ហ៊ុយ ឧត្តម មក​ពី​សារព័ត៌មាន​ Oudom TV។ ហ្វេសប៊ុក

អ្នកស្រី ប៉ិច ឆេងអ៊ីម ក៏​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួង​យុត្តិធម៌ និង​តុលាការ​ខេត្ត​កំពង់​ធំ ជួយ​ស្រាវជ្រាវ​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​អ្នកស្រី​ក្នុង​សំណុំ​រឿង​នេះ។​

ដោយ​យោង​លើ​ការ​និយាយ​បែប​នេះ អង្គភាព ACU បាន​រៀបចំ​កម្រង​សំណួរ​ដែល​មាន​សំណួរ​សរុប​ ២៦ សម្រាប់​អ្នក​ស្រី ឆេងអ៊ីម រួម​មាន​ទាំង​មូលហេតុ​និង​អ្នក​ណែនាំ​ឲ្យ​ផ្ដល់​បទ​សម្ភាសន៍​ទៅ​​អ្នក​សារព័ត៌មាន រហូត​ដល់​មូលហេតុ​អ្វី​បាន​ជា​អ្នកស្រី​អះអាង​ថា ACU ឃាត់​ខ្លួន​លោក ហេ គឿន ដោយ​គ្មាន​ភស្តុតាង។ ចំណែក​អ្នកស្រី​ សុខ គន្ធា ត្រូវ​ឆ្លើយ​សំណួរ​ចំនួន​ ៧។

សម្រាប់​អ្នកសារព័ត៌មាន គង់ កាន និង ហ៊ុយ ឧត្តម ពួក​គេ​ត្រូវ​ឆ្លើយ​សំណួរ​​ម្នាក់ៗ​សរុប ២២ សំណួរ ចាប់​ពី​ប្រវត្តិ​សិក្សា​រហូត​ដល់​ការ​កំណត់​តំបន់​៣ ដែល​ជា​តំបន់​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ការពារ​នៅ​ជុំវិញ​បឹង​ទន្លេ​សាប។

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សាលា​ដំបូង​ខេត្ត​កំពង់ធំ​ចុះ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០២៤​ លោក ហេ គឿន ត្រូវ​បាន​បញ្ជូន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទៅ​តុលាការ​ខេត្ត​កំពង់​ធំ ពាក់​ព័ន្ធ​នឹង​អំពើ​បំផ្លាញ​ដោយ​ចេតនា​ និង​ការ​គៃ​បំបាត់​ដោយ​ទុច្ចរិត ក្នុង​ការ​បំបាត់​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្ត​កំពង់​ធំ។

ក្នុង​សំណុំ​រឿង​នេះ ក៏​មាន​ជន​ជាប់​ចោទ​ម្នាក់​ទៀត​ជា​កសិករ ឈ្មោះ សែ សុងហេង ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សំ​គំនិត​នៃ​បទ​ល្មើស​ទាំង​ពីរ។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ទាំង​ពីរ​នាក់​​តាម​មាត្រា ៦០១ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក គង់ កាន និង​លោក​ ហ៊ុយ ឧត្ដម ក៏​បាន​សរសេរ​លិខិត​សុំ​ទោស​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃ​ទី៣០ ខែមករា ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន «ផ្សព្វ​ផ្សាយ​ព័ត៌មាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​យល់​ច្រឡំ​មក​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ(ACU)»៕