សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញ​សេចក្ដី​ប្រកាស​​ព័ត៌មាននៅ​ថ្ងៃទី​៤ ខែកុម្ភៈ​នេះ ដោយ​អំពាវនាវ​ជា​សាធារណៈ ស្នើ​សាធារណជន​ទាំងអស់ ​​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​ស្វា បញ្ឈប់​ការផ្តល់​ចំណី ចៀសវាង​ប៉ះពាល់ ឬ​លេង​ជាមួយ​សត្វ​ស្វា​ជាដើម។

នៅក្នុង​សេចក្ដី​ប្រកាស​បាន​បង្ហាញថា​៖ «​ក្នុង​រយៈ កាល​ថ្មីៗ​នេះ ចំនួន​សត្វ​ស្វា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​»។ 

សេចក្ដីប្រកាស​បានបន្ដថា​៖ «​បច្ចុប្បន្ន តាមរយៈ​ការផ្តល់​ចំណី​ជាប្រចាំ​របស់​ក្រុម​បុគ្គល​មួយចំនួន​តូច ក្នុង​គោលបំណង​ផលិត​មាតិកា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ផ្លាស់ប្តូរ​នូវ​ទម្លាប់​រស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ស្វា ពី​សត្វព្រៃ ទៅជា​សត្វស្រុក ដែលមាន​ចរឹត​កាច ចេះ​ដណ្ដើម​ចំណី និង​ឈាន​រហូតដល់​ការបង្ក​ជា​របួសស្នាម​ទៅលើ​មនុស្ស​ជាដើម​»។ 

ហ្វូងស្វា ​​មានចំនួន​កាន់តែ​ច្រើន​ឡើង​ ដោយ​នាំគ្នាមក​ចំណី​ពី​ភ្ញៀវ​ទេសចរ។ រូបថត ANA 

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ការ​ជាមួយ​ស្ថាប័ន​ជំនាញ​នានា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូចជា រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាបដើម្បី​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ 

អាជ្ញាធរ​ជាតិ​អប្សរា បាន​ទទូច​ដល់​សាធារណជន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ទាំងអស់ ​​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​នេះ ក៏ដូចជា​ណែនាំ និង​បញ្ឈប់​នូវ​សកម្មភាព​ណាមួយ​ដែល​អាច​នាំមក​នូវ​បញ្ហា​បង្កឡើង​ដោយ​សត្វ​ស្វា​ជាយថាហេតុ​។

ក្រុម​អ្នក​បង្កើត​មាតិកា​វីដេអូ​ផ្ដិតយក​សកម្មភាព​ហ្វូង​ស្វា​ក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ។ រូបថត ANA 

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា​ មហាជន​រួមទាំង​ភ្ញៀវ​ទេសចរ​រមែង​រង​នូវ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពពួក​សត្វ​ស្វា​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​វាមិនមានតួលេខ​ជាក់​លាក់​នោះទេ ដោយ​អ្នក​ខ្លះ​ត្រូវ​ស្វា​ធ្វើ​ឱ្យ​របួស​រលាត់​ស្បែក​ និង​ដណ្ដើម​ចំណី​ជាដើម​»។ 

លោក​បាន​បន្ថែមថា អ្នក​ជំនាញ​កំពុងតែ​រិះរក​វិធីល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ដើម្បីបញ្ចៀស​ពី​ផលប៉ះពាល់​ដល់​ភ្ញៀវផង​ និង​មិន​រង​ការ​រិះគន់​ចំពោះ​ការ​ជញ្ជូន​សត្វ​ទៅ​កន្លែង​ផ្សេង​ផង៕