
ឈើដែលដឹកតាមរថយន្តធុនធ្ងន់ យកទៅធ្វើទ្វារបង្អួច ត្រូវបានសម្របសម្រួលដោះលែងទៅវិញ បន្ទាប់ពីឃាត់ទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។ រូបថត លោក តាន់ គឹមសួរ
កំពង់ចាម៖ រថយន្តធុនធ្ងន់មួយគ្រឿង ដែលដឹកឈើយកទៅធ្វើទ្វារបង្អួចសាលាឆាន់ នៅវត្តបទុមរតនៈដីដុះ ក្នុងក្រុងកំពង់ចាម ត្រូវបានសម្របសម្រួលដោះលែងទៅវិញ បន្ទាប់ពីត្រូវបានឃាត់ទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ក្នុងខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈនេះ។
ការឃាត់យកទៅរក្សាទុករបស់មន្រ្តីជំនាញមូលដ្ឋាននេះ គឺក្រោមការសង្ស័យថា ការដឹកឈើតាមរថយន្តធុនធ្ងន់ វេអងនេះ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមផ្លូវច្បាប់។
ប៉ុន្តែមន្រ្តីសាលាខេត្តកំពង់ចាមបានលើកឡើងនៅថ្ងៃពុធ ទី៥ ខែកុម្ភៈនេះថា ឈើទាំងនោះ គឺយកទៅធ្វើទ្វារបង្អួចសាលាឆាន់ ដែលបំរើឱ្យផលប្រយោជន៍សាធារណៈ ទើបមានការសម្របសម្រួលដោះលែងវិញបែបនេះ។
ព្រះតេជគុណ ញ៉ សាវី ព្រះចៅអធិការ វត្តបទុមរតនៈដីដុះបានធ្វើលិខិតសុំការអនុញ្ញាតពីអភិបាលខេត្តព្រះវិហារ តាមរយៈអាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្តកំពង់ចាមកាលពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្នើសុំដឹកឈើយកទៅទ្វារបង្អួចសាលាឆាន់។
ព្រះអង្គបានបញ្ជាក់ក្នុងលិខិតថា៖«ថ្មីៗនេះ អាត្មាភាព បាននិមន្តទៅជាវទ្វារ បង្អួច និង សន្លឹកក្តារខ្លះ (ឈើផឹ្ចក និងឈើសុក្រំ) ពីជាងឈើនៅស្រុកជ័យសែន ខេត្តព្រះវិហារ សរុបចំនួន១២,៧៥០ គីប ដើម្បីយកមកបំពេញតម្រូវការសាងសង់ខាងលើ។ អាត្មាភាព ត្រូវការស្នើសុំដើម្បីដឹកចេញពីស្រុកជ័យសែន ខេត្តព្រះវិហារ មកកាន់វត្តបទុមរតនដីដុះ សង្កាត់វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម»។
ទោះយ៉ាងណា លិខិតនេះមិនមានឃើញការចុះហត្ថលេខាអនុញ្ញាតពីអភិបាលខេត្តព្រះវិហារនោះទេ។
លោក តាន់ គឹមសួរ ប្រធាន សមាគមយុវជនស្រលាញ់ធម្មជាតិបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណីដឹកឈើដោយគ្មានការអនុញ្ញាតតាមរថយន្តធុនធំបែបនេះ លោកបានធ្វើដំណើរពីភ្នំពេញប្រមាណជា៦ម៉ោង ដើម្បីសុំកិច្ចអន្តរាគមន៍បង្រ្កាប។ លោកបានអះអាងថា ដំបូងឡើយ លោកមិនបានដឹងថា រថយន្តនោះដឹកឈើរបស់វត្តនោះទេ។ សង្កាត់រដ្ឋបាលព្រៃឈើជ័យសែន បានបញ្ជាក់ច្បាស់ៗណាស់ថា «នេះគឺជាបទល្មើសជាក់ស្ដែង ហើយគ្មានឯកសារគ្រប់គ្រាន់មកបញ្ជាក់អំពីការចរាចរដឹកជញ្ជូនឈើនេះទេ»។
លោកបញ្ជាក់ថា ការសុំអនុញ្ញាតដឹកគឺមានតែជាង១២ម៉ែត្រគីបតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងឈើក្នុងរថយន្តធុនធ្ងន់នោះ គឺមានរហូតដល់ទៅជិត៣០ម៉ែត្រគីប។
លើសពីនោះ ថែមទាំងមានលាយជាមួយឈើប្រណិត ធ្នុង ដែលទើបតែកាត់ថ្មីៗ ដែលជាឈើដែលត្រូវបានហាមឃាត់ជាដាច់ខាតទៀតផង ដោយមិនមែនមានតែឈើផ្ចឹក និងឈើសុក្រំដូចការស្នើសុំនោះទេ។
លោកបានបញ្ជាក់ថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ប្រហែលជាជិត៣០គីបលើសពីការស្នើសុំនោះ ត្រូវបានអន្តរាគមន៍ឱ្យដោះលែងវិញភ្លាមៗ ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថស្រុកជ័យសែន ខេត្តព្រះវិហារចាប់ បញ្ជូនទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន។
លោកគឹមសួរបានលើកឡើងដូច្នេះថា៖«ខ្ញុំមិនមែនចង់បង្កើតបញ្ហាទេ តែក្នុងនាមខ្ញុំដែលជាប្រជាជនម្នាក់ដែលគាំទ្ររាជរដ្ឋាភិបាល និងស្រលាញ់ធនធានធម្មជាតិ ខ្ញុំពិតជាមិនចង់ឃើញរូបភាពបំផ្លាញធនធានធម្មជាតិបែបនេះទេ។ ខ្ញុំ ក៏ដូចជាមហាជនដែរគឺឈរលើគោលជំហរនៃភាពត្រឹមត្រូវច្បាស់លាស់។ ព្រះសង្ឃធ្វើខុស គឺត្រូវទទួលទោសដូចប្រជាជនសាមញ្ញដូចគ្នា»។
លោកឃន ប្រុស នាយករដ្ឋបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ឈើទាំងនោះគឺមិនមែនយកទៅបំរើផលប្រយោជន៍បុគ្គលនោះទេ ប៉ុន្តែសម្រាប់យកទៅធ្វើការសាងសង់ ក្នុងវត្ត សម្រាប់បំរើផលប្រយោជន៍រួមរបស់សាធារណៈ។
លោកថ្លែងដូច្នេះថា៖«ម៉េចក៏មិនយល់ផង បើយកមកធ្វើផ្ទះលោក [ព្រះសង្ឃ]ទៅ អាហ្នឹងចាំថា តែនេះធ្វើសម្រាប់បំរើសាធារណៈនៅទីវត្តអារាម»។
លោកបន្តថា ឈើទាំងនោះនៅវត្ត ហើយបើមានអ្នកណាចង់ដឹងពីចំនួនប៉ុន្មានគីបនោះ ឱ្យទៅធ្វើការវាស់នៅទីនោះជាមួយនឹងព្រះសង្ឃទៅ។
ក្រោយពីឈើទាំងនោះ ត្រូវបានដឹកទៅដល់វត្តកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ព្រះតេជគុណ ញ៉ សាវី បានថ្លែងអំណរគុណចំពោះលោកអភិបាលខេត្ត និងក្រសួងពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលក្នុងការទិញ និងដឹកឈើនោះយកទៅធ្វើទ្វារបង្អួចនៅសាលាឆាន់នោះ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបមួយ ដែលបង្ហោះនៅលើហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម៕