
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា (ស្ដាំ) និងលោក នេត សារឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមីនា។ នគរបាលជាតិ
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ដាស់តឿនដល់មន្ត្រីពន្ធនាគារទូទាំងប្រទេស ឲ្យត្រួតពិនិត្យឡើងវិញចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងខុសច្បាប់នៅពន្ធនាគារ ដែលបច្ចុប្បន្ននេះមានអ្នកជាប់ឃុំជាង៥៥,០០០នាក់។
ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបន្តនៅថ្ងៃទី១២ ខែមីនា លោក ស សុខា បញ្ជាក់ថា សព្វថ្ងៃនេះពន្ធនាគារមានសភាពណែនណាន់តាន់តាប់ ដោយមានអ្នកជាប់ឃុំជាង ៥៥,០០០នាក់ ដោយក្នុងនោះពីជាង៣០ទៅ៤០ភាគរយ គឺជាប់ពាក់ព័ន្ធគ្រឿងញៀន។
គេហទំព័រអគ្គស្នងការនគរបាលជាតិបានបញ្ជាថា លោក ស សុខា «បានដាក់បទបញ្ជាដល់មន្ត្រីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់។
ខណៈកន្លងទៅនៅពន្ធនាគារមួយចំនួន បានបើកដៃឲ្យអ្នកទោសប្រើប្រាស់ទូរស័ព្ទ, ប្រើប្រាស់កាតវេរលុយទៅក្រៅប្រទេស, និងកើតមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារជាដើម។
លោកបានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការម៉ឺងម៉ាត់ទៅលើមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើស ពោលគឺវះកាត់សាច់ស្អុយតែម្ដង លែងមានការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ខណៈដែលរដ្ឋាភិបាលផ្ដោតគោលដៅ។
ទន្ទឹមនេះ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសបញ្ជាក់អំពីជំហរយ៉ាងមុតមាំក្នុងការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងបង្កភាពសប្បាយរីករាយ និងក្លឹបកម្សាន្តនានានៅឆ្នាំនេះ។
លោកថ្លែងនៅក្នុងពិធីនេះថា៖ «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្តនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា, អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»៕