ភ្នំពេញ៖ ក្រសួង​អធិការកិច្ច​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​យុទ្ធសាស្ដ្រ​ស្នូល​របស់​ខ្លួន​ទាំង ៨ ចំណុច ដោយ​ផ្ដោតលើ​ «​ព៤ ជ៤» នៅក្នុង​សន្និត​ប្រចាំ​ឆ្នាំ​នៅ​សប្ដាហ៍​ក្រោយ​នេះ។

នេះ​យោងតាម​​​សេចក្តីប្រកាស​ព័ត៌មាន ​ស្តីពី​លទ្ធផល​នៃ​ជំនួបរវាង​លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច និង​លោក​ Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹងថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​យុទ្ធសាស្ត្រ «​ព​៤ ជ៤» របស់​ក្រសួង​អធិការកិច្ច ដែល​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ នៅ​ថ្ងៃទី​៨-៩ ខែឧសភា ឆ្នាំ​២០២៥ ខាងមុខនេះ​»។

យុទ្ធសាស្ត្រ «​ព​៤៨៤» រួមមាន​ ពង្រឹង​ការងារ​អធិការកិច្ច ពង្រឹង​ការងារ​ដោះស្រាយ​បណ្ដឹង ពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​ច្បាប់ ពង្រឹង​ការងារ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​វេទិកាសាធារណៈ ជំរុញ​ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ជំរុញ​និង​បង្កើន​សមត្ថភាព​ស្ថាប័ន ជំរុញ​កិច្ច​សហ​​ប្រតិបត្តិការ និង​ភាពជា​ដៃគូ និងជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​។​

ជំនួបរវាង​រដ្ឋមន្ដ្រី​ក្រសួង​អធិការកិច្ច​កម្ពុជា និង​ឯកអគ្គរដ្ឋទូត ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​អធិការកិច្ច​រវាង​កម្ពុ​ជា និង​ប៉ា​គី​ស្ថាន​។

លោក Babar Thaheem បាន​គាំទ្រ​ចំពោះ​​យុទ្ធសាស្ត្រនេះ ហើយ​លោក​មាន​បំណង​​​សម្របសម្រួល​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​កិច្ច និង​បទ​​​ពិសោធ​ល្អៗ​រវាង​ក្រសួង​អធិការកិច្ច​កម្ពុជា និង​ស្ថាប័ន​សហព័ន្ធ​ទទួល​ពាក្យបណ្តឹង​របស់​ប៉ា​គី​ស្ថាន​។

ស្ថានទូត​ប៉ា​គី​ស្ថាន​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​លើ Facebook ថា​៖ «យើងបាន​​ពង្រឹង និង​ពង្រីក​​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប៉ា​គី​ស្ថាន និង​កម្ពុជា​​​»​៕