ភ្នំពេញៈ សហគមន៍បានសំដែងក្តីបារម្ភពីការបន្តបាត់បង់ដើមសំរ៉ង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការកាប់ដើមយកផ្លែ ខណៈពេលដែលក្រសួងបរិស្ថាន បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ចូលរួមសហការ ក្នុងការចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវស​កម្មភាព កាប់ផ្ដួលដើមសំរ៉ងល្មើសច្បាប់គ្រប់រូបភាព។

ការស្នើសុំកិច្ចសហការនេះធ្វើឡើង ក្រោយពីក្រសួងបរិស្ថានបានសង្កេតឃើញថា ក្នុងរយៈពេលកន្លងមកនេះមានការ កើនឡើងនូវសកម្មភាពកាប់ផ្តួលរំលំដើមសំរ៉ង ដើម្បីប្រមូលផល នៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងឧទ្យានជាតិផងដែរ ជាពិសេសនៅក្នុងរដូវប្រមូលផលសំរ៉ងនេះ។

ក្រសួងបរិស្ថានបញ្ជាក់កាលពីថ្ងៃចន្ទ ទី៧ ខែមេសាថា៖«សកម្មភាពនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមាន សភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្តាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹង ច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ»។

លោកផូ ភ័ណសមាជិកគណៈកម្មការសហគមន៍ ព្រៃឈើធម្មជាតិថ្មរូង ស្ថិតក្នុងភូមិព្រៃប្រសិទ្ធិ ឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុបានឱ្យដឹងថា ករណីកាប់ដើមសំរ៉ងដើម្បីយកផ្លែ គឺកំពុងតែកើតមានឡើង ជាពិសេសគឺនៅក្នុងរដូវប្រមូលផលផ្លែសំរ៉ងចាប់ពីខែមេសា និងខែឧសភា។ ទោះយ៉ាងណា សហគមន៍មិនដែលចាប់បានជនល្មើសនោះទេ។

លោកបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍​ នាថ្ងៃអង្គារ ទី៨ ខែមេសាថា៖«អ្នកកាប់ហ្នឹងមកពីខាងក្រៅសហគមន៍ ហើយយើងទៅមិនដែលទាន់ទេ។​ ឃើញតែដើមសំរ៉ង ដែលងត្រូវបានគេលួចកាប់រលំ»។

លោកបានឱ្យដឹងថា សហគមន៍ធ្លាប់បានធ្វើស្ថិតិចំនួនដើមសំរ៉ងប្រហែលជា៧ឆ្នាំមុន តែលោកមិនបានចាប់ថាពេលនៅមានចំនួនប៉ុន្មានដើមនោះទេ។ សហគមន៍កំពុងតែសរសេរផ្លាក ដើម្បីបិទប្រកាសហាមឃាត់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីយកផ្លែនេះ។

មន្រ្តីមូលដ្ឋានចុះអប់រំពលរដ្ឋ កុំឱ្យប្រមូលផលសំរ៉ង ដោយកាប់ដើម។ ការកាប់ដើមយកផ្លែ គឺប្រមូលផលបានតែម្តងប៉ុណ្ណោះ។ រូបថត ភ្នំក្រវាញ ដួងចិត្ត

លោកបានឱ្យដឹងថា ផ្លែសំរ៉ងសំរ៉ងសើមទើបនឹងបេះ​មានតម្លៃតែប្រមាណជា៥ពាន់រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែសំរ៉ងស្ងួតមានតម្លៃខ្ពស់ជាងនេះ ដែលអ្នកខ្លះលក់បានរហូតដល់ទៅ១០ម៉ឺនរៀលក្នុង១គីឡូក៏មានដែរ ចំពោះសំរ៉ងស្ងួតល្អ។

ស្រ្តីម្នាក់នៅសហគមន៍ អេកូទេសចរណ៍ស្ទឹងអារ៉ែង ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុងក៏បានសំដែងក្តីបារម្ភ ខ្លាចដើមសំរ៉ងផុតពូជពីក្នុងសហគមន៍ជនជាតិដើមភាគតិចជងមួយនេះ ក្រោយពីសង្កេតឃើញថា ចំនួនដើមសំរ៉ងកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែការលួចកាប់ដើមសំរ៉ង ដើម្បីយកផ្លែនេះ។

ស្រ្តីរូបនេះអះអាង នៅថ្ងៃអង្គារ ទី៨ ខែមេសាថា៖«ពីមុនដើមសំរ៉ងសម្បូរ តែមួយឆ្នាំកាប់តិចៗ អ៊ីចឹងវាចាប់ផ្តើមអត់សូវមាន។ អ្នកទៅរកផ្លែសំរ៉ងហ្នឹង ភាគច្រើនដឹងតែកាប់ដើមហើយ ព្រោះដើមសំរ៉ងខ្ពស់ៗ ពិបាកបេះយកផ្លែ»។

គាត់បានឱ្យដឹងបន្តថា នៅពេលនេះផ្លែសំរ៉ងស្ងួត លក់បានតម្លៃប្រហែលជា៣ម៉ឺនរៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម តែពីឆ្នាំទៅលក់បាន៥ម៉ឺនរៀលឯនោះ។

ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផល អនុផល​ព្រៃឈើ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញ ដល់ធនធានធម្មជាតិ និងសូមស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាសហការផ្តល់ព័ត៌មានអំពី សកម្មភាពល្មើសនេះ មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

ក្រសួងក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ។

ក្រសួងបរិស្ថាន បានសំដែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាពឱ្យមានប្រសិទ្ធភាពខ្ពស់ជាក់ជា មិនខាន៕