ភ្នំពេញ៖ មហោស្រព​សិល្បៈ​អន្តរជាតិ​សិង្ហ​បុរី (SIFA) ឆ្នាំ​២០២៥​ ដែល​ចាប់ផ្ដើម​ព្រឹត្ដិការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ពីថ្ងៃ​ទី ១៦ ឧសភា ដល់​ថ្ងៃទី ១ ខែមិថុនា ប្រារឰ​ខួប​លើក​ទី ៦០ របស់​ប្រទេស​សិង្ហ​បុរី ជាមួយនឹង​ការសម្តែង និង​កម្មវិធី​​ជាង ១៥០​ រួមទាំង​គណៈកម្មការ​ក្នុងស្រុក​ថ្មី​ចំនួន ១៥។​

ការសម្តែង​ដ៏​លេចធ្លោ​មួយ​គឺ COLONY – A True Colors Project ជា​ការបញ្ចូល​គ្នា​ដ៏​មាន​ឥទ្ធិពល​នៃ​របាំ តន្ត្រី និង​ខ្សែភាពយន្ត​។

ការ​សម្ដែង​ជា​សិល្បៈ​បង្ហាញ​ក្បាច់​រាំ​សហសម័យ​​​ចម្រុះជាតិ​សាសន៍​​ចំនួន ១៣​ នាក់​មកពី​ទូទាំង​អាស៊ីអាគ្នេយ៍ មកពី​សិង្ហ​បុរី ជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា និង​ថៃ ដែល​ម្នាក់ៗ​មាន​សិល្បៈ និង​បទពិសោធន៍​ផ្ទាល់​របស់​ពួកគេ​។​

ការសម្តែង​នេះ​លើស​ពី​ការបង្ហាញទម្រង់​សិល្បៈ​ តែ​ក៏ដផ្តោត​​លើ​​សមភាព និង​ការសហការ បង្កើតជា​ឆាក​រួមគ្នា​មួយ​ដែល​អ្នករាំ​ទាំងអស់ ដោយ​មិន​គិតពី​សមត្ថភាព ឬ​សាវតា មក​រួមគ្នា​ជា​ដៃគូ​ស្មើគ្នា​។​

ក្នុងចំណោម​តារា​សិល្បៈ​ល្បីៗ​មាន​តារា​របាំ​ខ្មែរ​លោក គឹម សុជាតិ ដែល​កំពុង​ធ្វើ​ឲ្យ​កក្រើក​លើ​ឆាក​អន្តរជាតិ​។​

កើត​នៅ​រាជធានី​​ភ្នំពេញ និង​​បាន​បាត់បង់​ជើង​ទាំងសងខាង​ដោយសារ​ជំងឺប៉ូលីយ៉ូ​​តាំងពី​អាយុ​១​ឆ្នាំ ដំណើរ​របស់ គឹម ​សុជាតិ ចូល​រាំ​ពិតជា​ទាក់ទាញ និង​អស្ចារ្យ​។​

ជា​អ្នកស្រុក​នៅ​រាជធានី​ភ្នំពេញ តែបាន​ទៅទទួល​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​សិល្បៈ​នៅ​ខេត្ដ​កំពត​ លោក សុជាតិ មិន​មាន​សាច់ញាតិ​ណាជា​សិល្បករ​នោះទេ។

ផ្ដើមពី​តន្ដ្រីករ​លេង​ឧបករណ៍​ព្យាណូ​ យុវជន​ដែល​បច្ចុប្បន្ន​អាយុ ៣២​ឆ្នាំ បាន​ប្រែ​ក្លាយ​ជា​អ្នក​រាំ​បែប​សហសម័យ។

លោក​បាន​រំឭក​ពីការ​ផ្លាស់​ប្ដូរ​នេះថា​៖ «​បង​ប្រុស​​ម្នាក់​ដែលមាន​ពិការ​ភាព ជា​អ្នក​រាំ​​នៅ​ខេត្ដកំពត បាន​ណែនាំ​ពី​សិល្បៈ​រាំ​នេះ។ វាបាន​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​គួរ​សម​ដែរ​ ហើយ​ចូល​ចាប់​យក​អាជីព​នេះ​តែម្ដង​»។

ជា​អ្នក​របាំ​សហសម័យ លោក សុជាតិ បាន​ចូលរួម​សម្ដែង​ក្នុង​ព្រឹត្ដិការណ៍​ជាតិ និង​អន្ដរជាតិ​ធំៗ ដូចជា ការទទួល​ទង់​សម្រាប់​បន្ដ​វេណ​ជា​ម្ចាស់​ព្រឹត្ដិការណ៍​កីឡា​ប៉ារ៉ាឡាំពិក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី  ជាពិសេស ការសម្ដែង​ជា​ប្រវត្ដិសាស្ដ្រ​ក្នុង​ព្រឹត្ដិការណ៍​ស៊ីហ្គេម និងប៉ារ៉ាហ្គេម​នៅ​កម្ពុជា។

អ្នករាំចម្រុះជាតិសាសន៍ចំនួន ១៣ នាក់មកពីតំបន់​អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ជប៉ុន ឥណ្ឌូនេស៊ី កម្ពុជា និងថៃ ដើម្បីសម្តែង COLONY – A True Colors Project នៅមហោស្រពសិល្បៈអន្តរជាតិសិង្ហបុរី (SIFA) ឆ្នាំ ២០២៥​។ រូបថត​សហការី​

ចំពោះ​ឆាក​ប្រកួត​ប្រជែង លោក​បាន​ចូលរួម​កម្មវិធី​ Cambodia’s Got Talent ដោយ​ប្រើ​ប្រាស់​ជំនាញ​របាំ​សហសម័យ​។

ចំពោះការ​ត្រៀម​ខ្លួន​ចូលរួម​លើវេទិកា​អន្ដរជាតិ​ខាងមុខ​នេះ លោក សុជាតិ បាន​ឱ្យ​ដឹងថា «​ខ្ញុំ​បាន​ចូលរួម​ម្ដង​រួច​ហើយ​ក្នុង​វិធី COLONY – A True Colours Project នេះម្ដង​នៅ​​ឆ្នាំ​២០១៧​ តែជា​សិល្បករ​អម​ឆាក​ធំ ជាមួយ​ការ​សម្ដែង​កំដរ​ឆាក​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ប្រទេស​សិង្ហបុរី​ថា​៖ «​អំឡុង​ព្រឹត្ដិការណ៍​ឆ្នាំ​២០២៥ នេះ ខ្ញុំ​ត្រូវបាន​អញ្ជើញ​ម្ដង​ទៀត​ តែជា​ឆាក​សម្ដែង​ធំ​។ ធ្លាប់តែ​ជា​ក្ដីស្រមៃ តែ​ឆ្នាំនេះ វាបាន​ក្លាយជាការពិត​ ដែល​ខ្ញុំ​នឹង​អាច​បង្ហាញ​ពី​ជំនាញ សមត្ថភាព​របស់​ខ្ញុំ​»។

លោក​បាន​បន្ដថា​ ប្រធាន​បទ​ពណ៌​ចម្រុះ គឺជាការ​សម្ដែង​រួម​គ្នា​រវាង​សិល្បករ​នៃ​ប្រទេស​នីមួយៗ​ និង​រវាង​អ្នក​មាន​ និងមាន​ពិការភាព។

លោក​ សុជាតិ បាន​ឱ្យ​ដឹងថា​៖ «​ខ្ញុំ​យល់ថា សិល្បករ​ដទៃ​ទៀត​មានទំនាក់ទំនង​ល្អ ហើយ​យើង​បាន​និងកំពុងតែ​សម​ជាមួយ​គ្នា​បណ្ដើរៗ​។ ជាក់ស្ដែង យើង​បាន​សម​ពីរ​ដង​តាម​រយៈ​វីដេអូ​និម្មិត​ (VR) កាលពី​ខែ​មេសា​»។

ការសម្ដែង​ដែលរួមបញ្ចូល​គ្នា​រវាង​អ្នកមាន និង​មិន​មាន​ពិការភាព មិន​បាន​ធ្វើ​ឱ្យ​សិល្បករ​រូបនេះ​មើល​ឃើញ​ពីការ​លំបាក​ទេ។ តែ​វា​បាន​ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​គ្នា​ទៅវិញទេ ដោយ​វា​បង្ហាញ​ពី​ភាព​ស្មើ​ភាព មិនមាន​ការ​រើស​អើង​គ្នា។

លោកបានបន្ដថា​៖ «​ខ្ញុំ​មាន​មោទនភាពសម្រាប់​ខ្លួន​ឯង ដោយសារ​យើង​អាចសម្ដែង យើងអាច​បង្ហាញ​ពី​ជំនាញ​របស់​យើងទៅកាន់ពិភពលោក​ ជាពិសេស ជា​សារ​មួយ ហើយ​ក៏ជា​កេរ្ដិ៍​ឈ្មោះ​សម្រាប់​បង​ប្អូន​មាន​ពិការភាព​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ពួកគាត់​មើល​ឃើញថា ខ្ញុំ​មាន​ powerful ប៉ុនណា។ ពេលពួកគាត់​មាន​អារម្មណ៍​បាក់​ចិត្ដ​ ពួកគាត់​អាច​មើល​មក​លើ​អ្វីដែល​ខ្ញុំ​កំពុង​តែមាន​»។

ដោយ​យល់​ឃើញ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន ប្រជាជន​ខ្មែរ​បាន​ដឹង​ និង​យល់​ចំពោះ​សិល្បករ​មាន​ពិការ​ភាព តែមិនសូវ​ផ្ដល់តម្លៃ និង​ឱកាស​ដល់​ពួកគេ ជាអ្វីដែល​លោក​បាន​អះអាង​ថា វា​មិន​មែន​ការ​រើស​អើង​របស់ប្រជាជន​ខ្មែរ​មក​លើ​ជន​មាន​ពិការភាព​នោះទេ។

ជា​សិល្បករ​មានពិការភាព ដែលមិន​ពឹង​លើ​ក្ដី​អាណិត​អាសូរ លោក សុជាតិ បាន​បង្ហាញ​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ស្វែង​រក​ជំនួយ​ក្នុងការ​បង្កើត​ស្នាដៃ​សិល្បៈ​នេះ​។

ការចូលរួមរបស់លោក សុជាតិ នៅក្នុងកម្មវិធី​ COLONY នឹង​ចាប់ផ្ដើម​សម្ដែង​នៅថ្ងៃទី ៣០-៣១ ខែឧសភា និង ១ មិថុនា មាន​ជំនឿជឿជាក់​លើអំណាចនៃសិល្បៈ ដើម្បីជំរុញបរិយាប័ន្ន​ និងទប់ទល់​ការរើសអើង៕