ប្រមុខ​ដឹកនាំ​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​ឆ្នាំ​២០២៥​នេះ ដោយ​ចាត់​ទុក​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធើណេត ជា​ក្ដី​បារម្ភ​ធំ​មួយក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​ ដែល​​នគរបាល​ត្រូវ​យក​ចិត្ត​ទុកដាក់ខ្ពស់។​

ក្ដី​បារម្ភ​នានា​​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោកឧបនាយក​រដ្ឋមន្ត្រី លោក ស សុខា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ក្នុង​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា​សម្រាប់​​កង​កម្លាំង​នគរ​បាល​ជាតិ​ក្នុង​ទិវា​រំឭក​ខួប ៨០​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​នគរ​បាល​ជាតិ ១៦ ឧសភា។

លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​បាន​លើក​ឡើង​ពី​ស្នាដៃ​ជា​ច្រើន និង​កោត​សរសើរ​ដល់​នគរ​បាល​ជាតិ​​សម្រាប់​ការ​រក្សា​សន្តិសុខ​នៅ​កម្ពុជា ក៏​បាន​លើក​ឡើង​ពី​​សភាពការណ៍ពិភពលោក ដែល​លោក​ថា​អាចនឹងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងអាចលេចឡើងនូវបញ្ហាប្រឈមមួយចំនួន ជះឥទ្ធិពលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅ​កម្ពុជា។

លោក​ថ្លែង​ថា សភាពការណ៍​ផ្ទៃក្នុងប្រទេស ថ្វីដ្បិតតែកំពុងបន្តរីករាយទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែក្នុងបរិបទដែលមានការគំរាមកំហែងនៃប្រភេទបទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសបច្ចេកវិទ្យា បទល្មើសមានការចាត់តាំងជា​ដើម។

លោក​ថា បញ្ហា​ទាំងនេះ​ បានធ្វើឱ្យ​សំណូមពរក្នុងការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម ដែលជាបរិស្ថានគ្របដណ្តប់នៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់​លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យបានក្លៀវក្លា ប្រកបដោយមនសិការជាតិ ការពលិកម្ម និងការលះបង់ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់បញ្ហាប្រឈម។

លោក​ថ្លែង​ថា៖ «ខ្ញុំមានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ ស្នេហាមាតុភូមិ និងភក្តីភាព របស់កងកម្លាំងនគរបាលជាតិ និងសូមសម្តែងនូវការពេញចិត្ត បន្តជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងនគរបាលជាតិ ឱ្យបានស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព ប្រសិទ្ធភាព និង កិត្យានុភាព»។

ស្រដៀង​គ្នា​នេះ លោក ស សុខា បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​របស់​លោក​ថា ឆ្នាំ​២០២៥ ក៏ដូចជាបណ្តាឆ្នាំខាងមុខដែរ​ សភាពការណ៍សកលលោកនៅតែបន្តស្ថិតក្នុងស្ថានភាព ស្មុគស្មាញ ប្រែប្រួលមិនអាចប៉ាន់ស្មានបាន អាស្រ័យដោយកត្តាសកម្មភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងឧត្តមភាពយោធារបស់មហាអំណាច ការធ្វើសង្គ្រាម ជម្លោះជនជាតិ សាសនានៅតាមតំបន់ជាច្រើន។

លោក​បន្ត​ថា​ ទន្ទឹមនេះ​ក៏មាន​ការកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ពិតជាបង្ក ផលប៉ះពាល់ ទោះតិច ឬច្រើនដល់កម្ពុជា។

ទោះ​បី​ជា​លោក​ជឿ​ជាក់​ថា កម្ពុជា​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​ឋានៈ​ជា​​ប្រទេស​មាន​ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ក៏​ដោយ​ក៏​​នៅមានបញ្ហាសេសសល់ និងបញ្ហាប្រឈម មួយចំនួនដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ខឿនសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។

លោក ស សុខា ថាបញ្ហា​ទាំង​នោះ​រួម​មាន​ ឧបាយកលពិសពុលរបស់មជ្ឈដ្ឋានប្រឆាំង ដែលនៅតែចិញ្ចឹម​មហិច្ឆតាផ្តួលរំលំ រាជរដ្ឋាភិបាលតាមរបៀបបដិវត្តពណ៌ សកម្មភាពបទល្មើសលួច ឆក់ ប្លន់ ការចរាចរ ជួញដូរគ្រឿងញៀន ខុសច្បាប់ ការជួញដូរមនុស្ស ពិសេសការលេចឡើងនូវសកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណេតជា​ដើម ដែល​បញ្ហាទាំងនេះទាក់ទងសំខាន់ចំពោះតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ដូចនេះ កងកម្លាំង នគរបាលជាតិគ្រប់ជាន់ថ្នាក់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចក្នុងការបំពេញភារកិច្ច ប្រកបដោយ មនសិការ វិជ្ជាជីវៈ ដើម្បីរួមគ្នាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសមិទ្ធផលជាតិ លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ព្រមទាំងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព៕