កសិករ​ម្នាក់​នៅ​ស្រុក​សំឡូត​ខេត្ត​បាត់​ដំបង ​បាន​ជីកដី​ និង​ឃើញ​គ្រាប់​បែក​ Mk81 មួយ​គ្រាប់​ ហើយ​បាន​ ហៅ​អង្គការ​ហាឡូ​ត្រាស់ (HALO Trust) ​មក​ជួយ​​យក​ចេញ​កាល​ពី​ចុង​សប្ដាហ៍។ វា​ជា​ករណី​កម្រ​ដោយ​ហេតុ​ថា គ្រាប់​បែក​​អាមេរិកាំង​ប្រភេទ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​ទម្លាក់​នៅ​ភាគ​ខាង​កើត​នៃ​កម្ពុជា​ក្នុង​សង្គ្រាម​វៀតណាម។

យោង​តាម​ហាឡូ​ត្រាស់ ស្រុក​សំឡូត​ជា​តំបន់​មួយ​ដែល​មាន​គ្រាប់​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ច្រើន​ជាង​គេ​នៅ​កម្ពុជា ​ប៉ុន្តែ​ការ​រក​ឃើញ​គ្រាប់​បែក​ធំៗ​ដែល​ទម្លាក់​ពី​យន្តហោះ​នៅ​តំបន់​នេះ​គឺ​ជា​រឿង​ដ៏​កម្រ។

មេបញ្ជាការ​អនុអង្គភាព​ហាឡូត្រាស់ លោក ដា ណូ បាន​ចុះ​ទៅ​ពិនិត្យ​គ្រាប់​បែក​នេះ​ភ្លាមៗ និង​វាយ​តម្លៃ​ស្ថានភាព​របស់​វា ហើយ​ថា គ្រាប់​បែក​ទម្ងន់ ១១០ គីឡូក្រាម​នេះ​ នេះ​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់​អាយុជីវិត ​និង​ផ្ទះ​សម្បែង​ក្នុង​រង្វង់ ១ គីឡូ​ម៉ែត្រ។

យ៉ាងណា​ក៏​ដោយ គ្រាប់​បែក​នេះ​ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​ដោយ​មាន​ការ​គាំទ្រ​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ហើយ​ត្រូវ​បាន​ដឹក​ទៅ​ខេត្ត​កំពង់ឆ្នាំង​ដើម្បី​បំផ្លាញ​ចោល។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​លោក​ Charles Hay MVO នាយក​​ទី​ភ្នាក់ងារ​កិច្ច​ការ​បរទេស​ ​ផ្តល់​ជំនួយ​ និង​ការអភិវឌ្ឍ​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ នៃ​ក្រសួង​ការបរទេស​អង់គ្លេស​ (FCDO Director for Southeast Asia and the Pacific)​ និង​ លោក​ លី ធុជ អនុប្រធាន​ទី១ នៃ​អាជ្ញាធរមីន បាន​ចុះ​ស្វែង​យល់​អំពី​សកម្មភាព​ និង​ចុះ​ពិនិត្យ​លទ្ធផល​នៃ​ការងារ​បោសសម្អាត​មីន​របស់​អង្គការ​ HALO Trust ក្រោម​ការ​គាំទ្រ​ពី​​ទីភ្នាក់ងារ​​ FCDO នៃ​ក្រសួង​ការបរទេស​​ចក្រភព​អង់គ្លេស​។

លោក​បាន​​ពិនិត្យមើល​ចម្ការ​មីន​ស្ថិត​ក្នុង​ភូមិ​តាពេញ​ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​ ដោយ​មាន​ចូលរួម​​ពី​លោក​ Dominic Williams​ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​ លោក​ អ៊ុច​ វ៉ាន់ថា មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ តំណាង​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ ម៉ៅ​ សុផាន់​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក។ នេះ​បើ​តាម​អាជ្ញាធរ​មីន។​

លោក លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ និង​ លោក​​ Charles Hay MVO នាយក​​ទី​ភ្នាក់ងារ​កិច្ច​ការ​បរទេស​ ​ផ្តល់​ជំនួយ​ និង​ការអភិវឌ្ឍ​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ នៃ​ក្រសួង​ការបរទេស​អង់គ្លេស ពិនិត្យ​មើល​ចម្ការ​មីន​នៅ​ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី១២ ឧសភា។ អាជ្ញាធរមីន

លោក​ លី​ ធុជ​ បាន​គូស​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ការ​រួម​ចំណែក​ពី​ប្រទេស​ជា​មិត្ត​ ដៃគូ​អភិវឌ្ឍន៍​ ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​រយៈ​ពេល​ជាង​ ៣០​ឆ្នាំ​មកនេះ ដែល​ក្នុង​នោះ​ចក្រភព​អង់គ្លេស​​គឺ​ជា​ដៃ​គូ​មួយ​យ៉ាង​សំខាន់។​ យ៉ាង​ណា​ក៏​ដោយ​លោក​ថា កម្ពុជា​នៅ​បន្ត​ដើរ​លើ​ផ្លូវ​យ៉ាង​វែង​ឆ្ងាយ​ទៀត​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​មីន​ដែល​នៅ​សេសសល់។

អាជ្ញាធរ​មីន​បញ្ជាក់​ថា៖ «ការ​ចុះ​ពិនិត្យ​របស់​ទីភ្នាក់ងារ​ FCDO លើ​ជំនួយ​របស់​អង់គ្លេស​លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​ គឺ​ដើម្បី​សិក្សា​វាយតម្លៃ​អំពី​លទ្ធផល​សម្រេច​បាន​ និង​រៀបចំ​នូវ​របាយការណ៍​ដាក់​ជូន​រាជរដ្ឋាភិបាល​អង់គ្លេស​ ធ្វើការ​ពិនិត្យ​ និង​ពិចារណា​លើ​ការ​ផ្តល់​ជំនួយ​បន្ត​របស់​អង់គ្លេស​ ដែល​នឹង​ត្រូវ​ប្រជុំ​អនុម័ត​នៅ​ក្នុង​២០២៧​ ខាង​មុខ»៕