
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ឧសភានេះ បានប្រកាសឲ្យប្រជាពលរដ្ឋពង្រឹងការអនុវត្ដវិធានការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី ជេអ៊ិន១ JN.1។
ប្រជាពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នគឺ ជាពិសេសចំពោះបុគ្គលដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ រួមមាន អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ជំងឺរ៉ាំរ៉ៃប្រចាំកាយ ទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។
ភ័ស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថា ជេអ៊ិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ិន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជៀបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោល របស់វីរុស (mutations in the spike protein)។
ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអិន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមាន ដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។
ក្រសួងបានបន្ដថា ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយ នេះ ការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។
វិធានការបង្កាការឆ្លង៖
- អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី
- ពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬ ទាញ ម៉ាសដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាសថ្មី នៅពេលវាសើម
- ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល
- ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច ខ្ទប់បោះចោលក្នុងធុងសម្រាបបិទជិត
- ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ
- រក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ
បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។
ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្កាការឆ្លងទៅអ្នកដទៃ។