
ទិដ្ឋភាពក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ដែលនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗ។ SSCA
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធគ្រោងចាប់ផ្តើមបើកឱ្យមានប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ខណៈ Korean Air នឹងក្លាយជាជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញបុស្តិ៍នាព្រឹកថ្ងៃទី១៣ ខែឧសភា ថា នៅដំណាច់ខែឧសភា ឬដើមខែមិថុនាខាងមុខ ក្រុមការងារជំនាញនឹងធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មជាលើកទី២ ដើម្បីវាយតម្លៃចុងក្រោយ។
លោកបានថ្លែងថា៖«ព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងបិទដំណើរការនៅម៉ោង ០០:០០នាទី យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ដោយប្រតិបត្តិការទាំងអស់ នឹងត្រូវរើទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោតាមការគ្រោងទុក»។
លោកបានបញ្ជាក់ទៀតថា៖«ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺជាជើងហោះហើរ Korean Air»។
គម្រោងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដោយមានទុនវិនិយោគប្រមាណ ១,៥ពាន់លានដុល្លារ(មិនគិតបញ្ចូលតម្លៃដី) ដែលជាការវិនិយោគរវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិខ្នាតធំលំដាប់ 4F នេះអាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ អាកាសយានដ្ឋាននេះរចនាឡើងជា ៣ ដំណាក់កាល ដោយដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាចទទួលភ្ញៀវបានចំនួន ១៥ លាននាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ទទួលភ្ញៀវបាន ៣០ លាននាក់ និងដំណាក់កាលពី ៣ ចាប់ពីឆ្នាំ២០៥០ អាចទទួលភ្ញៀវបាន ៤៥ លាននាក់៕