មន្ទីរ​ពេទ្យ​កុមារ​អង្គរ អំពាវ​នាវ​ការ​បរិច្ចាគ​ពិ​មហា​ជន​ដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​ការ​សង្គ្រោះ​កុមារ​ដោយ​ឥត​​ថ្លៃ។ មន្ទីរ​ពេទ្យ​នឹង​រៀប​ចំ​​ពិធីបុណ្យផ្កាប្រាក់​នៅ​រសៀល​​ថ្ងៃអាទិត្យ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តរាជបូណ៌។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ពេទ្យ បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី​នេះ​ គឺ​ជា​លើក​ទី១២​ហើយ​ គិត​ចាប់​ពី​ឆ្នាំ​២០១៣​ ដែល​ធ្វើ​ឡើង​ក្រោម​​អធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៃ​គណៈមហានិកាយ​​​ និងជា​ចៅអធិការវត្តរាជបូណ៌ ក្នុង​ក្រុងសៀមរាប និង​ ព្រះធម្មសិរី ជុំ គឹមឡេង មេគណខេត្តសៀម​រាប និង​បុគ្គលិក​រដ្ឋ​និង​បុគ្គល​មន្ទីរ​ពេទ្យ​​កុមារអង្គរ។

លោក ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បាន​លើក​ឡើង​ថា​ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការថវិកា​សម្រាប់ប្រតិបត្តិការ ព្យាបាលសង្គ្រោះអាយុជីវិតកុមារ ប្រមាណ៦​លានដុល្លារអាមេរិក ហើយថវិកាទាំងនោះ មាន​ប្រមាណ៣០ភាគរយ​ បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជា​ បូក​រួម​ទាំង​​ថវិកាបានមកពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលបានប្រារព្ធឡើងជារៀង​រាល់ឆ្នាំផងដែរ។

លោក​អំពាវនាវ​ដល់​សាធារណជន​ចូល​រួម​បរិច្ចាគ​ក្នុង​ពិធី​បុណ្យ​នេះ​ដើម្បី​សង្គ្រោះ​កុមារ ឬ​ក៏​អាច​​បរិច្ចាគ​តាម​រយៈ​ QR code របស់​មន្ទីរ​ពេទ្យ។

លោកក៏ថ្លែង​ថា៖ «ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតក្នុងការ សង្គ្រោះជីវិតកុមារ ប្រកបដោយគុណភាពខ្ពស់ និង ក្តីមេត្តាករុណា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ជាង១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ»។

មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ១៩៩៩។ មកទល់​ពេល​នេះ​ មន្ទីរ​ពេទ្យ​នេះ​បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានប្រមាណ ៣លាន​ករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស​ និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

លើស​ពី​នេះ​ទៀត មន្ទីរពេទ្យ​បានចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប​និងខេត្តព្រះវិហារតាមរយៈការចុះអប់រំសុខភាព និងពង្រឹង​សមត្ថភាព​មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស​​ គ្រូបង្រៀន និងប្រជាពលរដ្ឋ​ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ៕