ភ្នំពេញ៖ កម្មវិធី «​មនសិការ​ពលរដ្ឋ​ល្អ​» ​​ឆ្នាំ ២០២៥ ដែល​ផ្តោតលើ​សិស្ស​ថ្នាក់​ទី ១០ និង​ទី ១១ ឆ្ពោះទៅ​គោលដៅ​ ១២ រាជធានី​-​ខេត្ត​ទូទាំងប្រទេស​ ត្រូវបាន​ទទួល​ការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ឱ្យ​ក្លាយជា​សសរទ្រូង​នៃ​ប្រទេសជាតិ។

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណា​រ៉ុ​ន បាន​ចុះ​ទៅ​ពិនិត្យ​​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​០៨ ខែឧសភា ដើម្បី​សង្កេតមើល​ការអនុវត្ត​កម្មវិធី និង​ការចូល​រួមជាមួយ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​សាលា​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​អប់រំ​ «​មនសិការ​ពលរដ្ឋ​ល្អ​» ​សម្រាប់​កម្ពុជា និង​ការរីកចម្រើន​របស់ខ្លួន​។​

លោក ណា​រ៉ុ​ន បាន​សរសេរ​នៅលើ Facebook របស់លោក​ថា៖ «​​កម្មវិធី “​មនសិការ​ពលរដ្ឋ​ល្អ​” បានចាប់ផ្តើម​ដំណើរការ ក្នុង​រូប​ភាពជា​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា សម្រាប់​កម្រិត​ថ្នាក់​ទី​១០ និង​ទី​១១ តាម​រាជធានី ខេត្ត​គោលដៅ​ចំនួន​១២ ក្នុង​គោលបំណង​បណ្ដុះបណ្ដាល​សមត្ថភាព ស្មារតី ឆន្ទៈ សេចក្ដីថ្លៃថ្នូរ និង​ភាពជា​ពលរដ្ឋ​ល្អ​របស់​យុវជន​សម្រាប់​កម្ពុជា និង​ជាការ​ផ្ដល់ឱកាស​ដល់​យុវជន​ក្នុង​ការកសាង​ភាពជា​ពលរដ្ឋ​ល្អ ដើម្បី​ត្រៀមខ្លួន​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​គោលបំណង​កសាង​កម្លាំង​រួម​ជា​ធ្លុង​មួយ​ប្រកបដោយ​សាមគ្គីភាព ឯកភាព​ជាតិ និង​សុ​ខុ​ដុម​នីយកម្ម​ជាតិ​ដើម្បី​អនាគត​កម្ពុជា​»។

កម្មវិធី​នេះ​ត្រូវ​បានរៀបចំ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​យុវជន​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ដែល​ក្នុងនោះ​យុទ្ធសាស្ត្រ​ទី​៤ ផ្តោតលើ​ការចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​។

កម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ ២០២៥ ដែលផ្តោតលើសិស្សថ្នាក់ទី ១០ និងទី ១១ ឆ្ពោះទៅគោលដៅ ១២ រាជធានី-ខេត្តទូទាំងប្រទេស។ រូបថត ហង់ជួន ណារ៉ុន

ចក្ខុវិស័យ​នៃ​កម្មវិធី «​មនសិការ​ពលរដ្ឋ​ល្អ​» គឺ​ដើម្បី​កសាង និង​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា​ប្រកប​ដោយ​សមត្ថភាព បំ​ណិ​ន​ជីវិត គំនិត​ច្នៃប្រឌិត មនសិការ​ស្នេហា​ជាតិ និង​ភាពជា​ពលរដ្ឋ​ល្អ សម្រាប់​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល ។

លោក​បានថ្លែងថា​៖ «​កម្មវិធី​មនសិការ​ពលរដ្ឋ​ល្អ បាន​បញ្ចូល​នូវ​យុទ្ធវិធី​បង្រៀន​ថ្មី ដែល​ដូចគ្នា​ទៅនឹង​យុទ្ធវិធី​កម្មវិធីសិក្សា​របស់​សាលារៀន​ជំនាន់​ថ្មី ដែល​គ្របដណ្តប់​ចិត្តគរុកោសល្យ វិទ្យាសាស្ត្រ និង​សិល្បៈ​តួយ៉ាង​ភ្លេង ជាដើម​ដែល​បាន​បង្ក​ភាពរស់រវើក​ក្នុងការ​សិក្សា និង​ការផ្សាភ្ជាប់​ការសិក្សា​តាមរយៈ​វិញ្ញាណ​ទាំង​៥ ដែល​អនុញ្ញាតឱ្យ​សិស្ស មានការ​ផ្លាស់ប្តូរ​នូវ​ឥរិយាបទ រួមមាន​ចំណេះដឹង ដោយ​ចេះ​សង្ខេប​នូវ​ខ្លឹមសារ​មេរៀន​ឡើងវិញ បណ្តុះ​នូវ​បំ​ណិ​ន​ថ្មី បច្ចេកវិទ្យា ការសិក្សា​ស្រាវជ្រាវ ការទំនាក់ទំនង ការសហការ​ក្រុម និង​ភាពក្លាហាន»​។

លោកគ្រូ អ្នកគ្រូ គ្រូ​បង្គោល​ទាំងអស់ ត្រូវបាន​លើកទឹក​ចិត្ដ​ព្យាយាម​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​តាមបែប​បច្ចេកវិទ្យា​លាយឡំ​ជាមួយ​សៀវភៅ​គោល ដោយ​បង្រៀន​ឱ្យ​សិស្ស​ចេះ​ស្វ័យ​សិក្សា​ ចេះ​សង្ខេប​មេរៀន​គោល​ដោយ​ខ្លួនឯង​ ចេះ​សិក្សា​ស្រាវជ្រាវ​ ចេះ​ពិភាក្សា​ជា​ក្រុម​ក្នុងការ​សិក្សា និង​រៀបចំ​ឱ្យ​សិស្ស​ធ្វើ​បទ​បង្ហាញ​ដើម្បីឱ្យ​សិស្ស​មាន​ភាពក្លាហាន និង​មាន​ភាពជា​អ្នកដឹកនាំ​។​

​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ា​នី ដែលជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​សង្កត់ធ្ងន់ថា ការបណ្ដុះបណ្ដាល​មនសិការ​ពលរដ្ឋ​ល្អ ​ត្រូវតែ​បន្ត មិនមែន​ត្រឹមតែ​ក្នុង​គ្រា​មាន​វិបត្តិ​នោះទេ ដើម្បី​កសាង​ធនធានមនុស្ស​ឱ្យ​រឹងមាំ​។

លោក​បាន​ថ្លែង​សុន្ទរកថា​បែបនេះ ក្នុងឱកាស​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​គ្រូ​នៃ​កម្មវិធី មនសិការ​ពលរដ្ឋ​ល្អ ជា​កិច្ចសហការ​រវាង (​ស​.​ស​.​យ​.​ក​) និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ​។​

លោក​បាន​ថ្លែងថា​៖ ​ខ្ញុំ​សូម​កោត​សរសើរ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ក្នុង​ការ​ដឹកនាំ​បណ្តុះ​បណ្តាល​យុវ​ជន​កម្ពុជា​ឱ្យ​ក្លាយ​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ​និង​ចូល​រួមចំណែក​ជាមួយ​សង្គម​ជាតិ ​ជា​ពិសេស​ក្នុងការ​អនុញ្ញាត​ឱ្យ​ស​.​ស​.​យ​.​ក​. ចូល​រួម​ចំណែក​ជា​មួយ​ក្រសួង​ក្នុង​ការ​បំពាក់​បំប៉ន ​សមត្ថ​ភាព​យុវ​ជន​»​។​

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានចុះទៅពិនិត្យវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ នៅថ្ងៃទី០៨ ខែឧសភា។ រូបថត ហង់ជួន ណារ៉ុន

កម្មវិធីនេះត្រូវបានដាក់ឱ្យអនុវត្តសាកល្បងក្នុងឆ្នាំទី១ ចំពោះរាជធានី ខេត្ត គោលដៅចំនួន៧ រួម មាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តរយៈពេល៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២៤។

លោក ណា​រ៉ុ​ន បាន​អបអរសាទរ​ចំពោះ​ការអនុវត្ត​ជោគជ័យ​នៃ​គម្រោង​ពលរដ្ឋ​ល្អ​កាលពី​ឆ្នាំមុន និង​បាន​សម្តែង​ការដឹងគុណ​យ៉ាងខ្ពស់​ចំពោះ​លោកគ្រូ អ្នកគ្រូ និង​គ្រូ​បណ្តុះបណ្តាល​ដែល​បាន​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ថ្មី ដោយ​ភ្ជាប់​ទ្រឹស្តី​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​តាមរយៈ​ក្លឹប​សិក្សា និង​ការសិក្សា​តាម​គម្រោង​។​

លោកបានបន្ថែមថា​៖ «កម្មវិធី​នេះ ពិតជា​បាន​នាំមក​នូវ​តម្លៃបន្ថែម និង​ការអប់រំ​ដើម្បីឱ្យ​សិស្សានុសិស្ស​ដែលជា​យុវជន​ជំនាន់​ក្រោយ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម និង​ចូលរួម​ការពារ​សន្តិសុខ និង​ស្ថេរភាព​ប្រទេសជាតិ​»៕