កូន​​គ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម​ចំនួន ១២០​គ្រាប់​ត្រូវ​បាន​អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ កម្ទេច​ចោល​នៅ​ក្នុងចម្ការស្វាយចន្ទីមួយ​ នៅភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី កាល​ពី​ថ្ងៃ​ទី១២ ខែឧសភា​ ​។

យោងតាម​ស៊ីម៉ាក់ គ្រាប់​បែក​ចង្កោម​នេះ​ជា​ប្រភេទ​​គ្រាប់​បែកទម្លាក់ពីលើយន្តហោះ ប្រភេទ CBU-25/A ដែល​ជា​ទូទៅ​មាន​កូន​គ្រាប់​បែក​នៅ​ខាង​ក្នុង​​ចំនួន ១៣២​គ្រាប់។ ប៉ុន្តែ ក្នុង​ប្រតិបត្តិការ​កាល​ពី​ម្សិល​មិញ មាន​កូន​​គ្រាប់​បែក​តូចៗ​តែ ១២០​គ្រាប់​ប៉ុណ្ណោះ​ដែល​នៅ​មាន​គុណភាព អាចបង្កគ្រោះ​ថ្នាក់​គ្រប់​ពេល។

យោង​តាម​ស៊ីម៉ាក់​ដដែល គ្រាប់​បែក​នេះ​ត្រូវ​បាន​​រក​ឃើញ​កប់​នៅ​ក្នុ​ងដី​​ជម្រៅប្រហែលមួយម៉ែត្រ។ ស៊ីម៉ាក់ បាន​អរគុណ​ដល់​ម្ចាស់​ចម្ការស្វាយចន្ទី​ ដែលបានផ្តល់ការសហការយ៉ាងពេញលេញជាមួយក្រុមជំនាញ។​

ស៊ីម៉ាក់​បញ្ជាក់​ថា៖ «ដោយសារស្ថានភាពគ្រាប់បែកចង្កោមនេះ​គ្មានសុវត្ថិភាពក្នុងការដោះបន្សាបនិងដឹកជញ្ជូន ដូច្នេះ​មានតែវិធានការកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង។ ការកម្ទេចនៅនឹង​កន្លែងនេះបានបង្កប៉ះពាល់ដើមស្វាយចន្ទីមួយចំនួនដែរ​ តែម្ចាស់ចម្ការនឹងមានសេចក្តីសុខសុវត្ថិភាពផុតពីគ្រោះភ័យនៃគ្រាប់បែកចង្កោមទាំងនេះជារៀងរហូត»។

កម្ពុជា​រងការទម្លាក់គ្រាប់បែកចង្កោម​ប្រមាណ​ជិត៣០លានគ្រាប់បែក​ ឬ ប្រមាណ​ ៣ លាន​តោន ក្នុង​រយៈ​ពេលជាង១០ឆ្នាំក្នុងសម័យសង្គ្រាមចន្លោះពីដើមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០។ ការ​ទម្លាក់​គ្រាប់​បែក​នេះ​ឡើង​ឡើង​លើ​ទីតាំង​វាយ​ប្រហារ​ចំនួនជាង ១ម៉ឺន​ទីតាំង​ទូទាំងប្រទេស។ នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់៕