ភ្នំពេញៈ បន្ទាប់ពីមានការផ្សព្វផ្សាយ ពីបទល្មើសព្រៃឈើនៅក្នុងតំបន់ការពារនាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបានណែនាំឱ្យថ្នាក់គ្រប់គ្រងមន្ទីរបរិស្ថាននៅទូទាំងប្រទេស ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ។

ការណែនាំនេះធ្វើឡើង នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នារសៀលថ្ងៃទី ១២ ខែឧសភានេះ។

លោករដ្ឋមន្រ្តី ជំរុញឱ្យប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ មកពិនិត្យឱ្យបានទៀងទាត់។

បន្ថែមពីនោះ ក៏ត្រូវធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ និងចុងក្រោយក៏ត្រូវធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួនផងដែរ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី សុផល្លែតក៏បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ក្នុងនោះរួមមាន ការអនុវត្តច្បាប់១០០ភាគរយ ដោយមិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

បទល្មើសព្រៃឈើ ដែលសហគមន៍ជនជាតិដើមភាគតិចកួយអះអាងថា បានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ កាលពីសប្តាហ៍មុន។ រូបថត សហមគន៍

បន្ថែមពីនោះ ត្រូវពង្រឹងកិច្ចសហការជាមួយ គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត ដែលអាជ្ញាធរមូលដ្ឋាន មានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។

លោកក៏បានលើកឡើងពីការគាំទ្រផ្តល់មធ្យបាយ និងសម្ភារជួយដល់ការអនុវត្តច្បាប់ ដូចជាផ្តល់ដ្រូនដល់គ្រប់មន្ទីរទាំងអស់ ដើម្បីជួយសម្រួលដល់ការល្បាតរបស់សមត្ថកិច្ច ផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណប ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្ថែមទៀត។

លោកក៏មិនភ្លេច ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចបានកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ការណែនាំជាថ្មីរបស់លោករដ្ឋមន្រ្តី គឺបន្ទាប់ពីមានសហគមន៍ និងសកម្មជនបរិស្ថានបានអះអាងថា រកឃើញបទល្មើសព្រៃឈើជាច្រើនករណី ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការ ក្នុងខេត្តព្រះវិហារ។

សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ទី១២ ខែឧសភា បានប្រកាសពីការរកឃើញបទល្មើសព្រៃឈើចំនួន៣៣៤ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរការ ខេត្តព្រះវិហារ។ សហគមន៍បានអះអាងថា ការរកឃើញបទល្មើសនេះ គឺនៅក្នុងអំឡុងពេលដែលពួកគាត់ចុះប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នភាពអំពីដែនជម្រកសត្វព្រៃព្រះរការ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ខែឧសភា។ ក្នុងនោះ មានទាំងដើមឈើតូចធំ ទីកន្លែងបោះតង់អ្នកអារឈើ ឡាមម៉ាស៊ីនអារឈើ និង សម្ភារជួសជុលម៉ាស៊ីនជាដើម៕